អានតួអត្ថបទ

បុគ្គលសញ្ជាតិខ្មែរ៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការសម្អាតលុយកខ្វក់ធំមួយរបស់សិង្ហបុរី

តុលាការសិង្ហបុរី នៅថ្ងៃពុធទី​១៦សីហា បានបើកសវនាការជំនុំជម្រះបុគ្គលសញ្ជាតិខ្មែរ៣នាក់ ដែលទំនងជាជនជាតិចិន ក្នុងចំណោមមនុស្សសរុបទាំងអស់ចំនួន១០នាក់ ក្នុងប្រតិបត្តិការបោសសម្អាតការលាងលុយកខ្វក់ ធំបំផុតមួយរបស់សិង្ហបុរី។ យោងតាមនគរបាលសិង្ហបុរី បុគ្គលមានសញ្ជាតិខ្មែរដែលទំនងជាជនជាតិចិនទាំង៣នាក់នេះ នឹងត្រូវប្រឈមការដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ និង ឬពិន័យជាទឹកប្រាក់រហូតដល់៥០ម៉ឺនដុល្លារ។

Passports
Passports © Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាមការផ្សាយរបស់នគរបាលសិង្ហបុរី នៅថ្ងៃពុធទី១៦សីហាម្សិលមិញ បុគ្គលសញ្ជាតិខ្មែរ ដែលទំនងជាជនជាតិចិនចំនួន៣នាក់ ស្ថិតក្នុងចំណោមមនុស្សសរុប១០នាក់ ដែលត្រូវបានតុលាការសិង្ហបុរី បើកសវនាការកាត់ទោស លើសំណុំរឿងលាងលុយកខ្វក់។

បុគ្គលសញ្ជាតិខ្មែរ ដែលទំនងជាជនជាតិចិនចំនួន៣នាក់ មានឈ្មោះ Su Baolin អាយុ ៤១ឆ្នាំ Chen Qingyuan អាយុ៣៣ឆ្នាំ និង Su Wenqiangអាយុ៣១ឆ្នាំ។ ពួកគេ ទាំង៣នាក់ ត្រូវបានប៉ូលីសសិង្ហបុរី ចាប់ឃាត់ខ្លួនបាននៅតាមខុនដូរបស់ពួកគេរៀងៗខ្លួនក្នុងប្រទេសសិង្ហបុរី រួមជាមួយលិខិតឆ្លងដែនបរទេសផ្សេងៗ រឹបអូសលុយសុទ្ធបានយ៉ាងតិចជាង២លានដុល្លារសិង្ហបុរី ព្រមទាំងឧបករណ៍អេឡិចត្រូនិច កាបូបនាឡិកាទំនើប គ្រឿងអលង្ការជាច្រើន។ នគរបាលសិង្ហបុរី ក៏បានសម្រេចចេញលិខិតបង្កកទ្រព្យសម្បត្តិ បុរសទាំង៣នាក់នេះ ដែលមានតម្លៃសរុបជាង៨៩លានដុល្លារសិង្ហបុរី ព្រមទាំងបានបង្កកគណនីធនាគារដែលមានសមតុល្យទឹកប្រាក់ សរុបជាង១២លានដុល្លារសិង្ហបុរីផងដែរ។

សរុបជារួមក្នុងចំណោមមនុស្សទាំង១០នាក់ ដែលក្រៅពីនេះមានសញ្ជាតិចិន Cyprus Türkiye ​ និងNi-Vanuatu ប៉ូលីសសិង្ហបុរី បានចេញសេចក្ដីសម្រេចបង្កកទ្រព្យសម្បត្តិដែលមានតម្លៃប៉ាន់ស្មានសរុបជាង៨១៥លានដុល្លារសិង្ហបុរី រឹបអូសគណនីធនាគារសរុបចំនួន៣៥ ដែលមានសមតុល្យទឹកប្រាក់សរុបជាង១១០លានដុល្លារសិង្ហបុរី និងរឹបអូសលុយសុទ្ធបានជាង២៣លានដុល្លារសិង្ហបុរី កាបូបនិងនាឡិកាទំនើបសរុប គ្រឿងអលង្ការ មាសសុទ្ធ គ្រឿងឧបករណ៍អេឡិចត្រូនិច ជាងច្រើនសន្ធឹកផ្សេងទៀត។

ការឈានទៅចាប់ខ្លួនបានមនុស្សទាំង១០នាក់នេះ គឺបន្ទាប់ពីសមត្ថកិច្ចសិង្ហបុរី​ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បោសសម្អាតអំពើលាងលុយកខ្វក់ កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២៣ ឆ្មក់ចូលទីតាំងសង្ស័យសំខាន់ៗ​ ដូចជានៅតាមអគារលំនៅដ្ឋាន និងខុនដូនានា ទូទាំងប្រទេសសិង្ហបុរី៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ