អានតួអត្ថបទ

ករណី​ដឹក​ឧក្រិដ្ឋជន​គ្រឿងញៀន​ចិន​ទៅព្យាបាល​ខាងក្រៅ​ពន្ធនាគារ​ រងការ​រិះគន់​ថា​ស្តង់ដារ​ពីរ

សមត្ថកិច្ច​ខ្មែរ​នៅថ្ងៃ​ទី​១៨ ​ខែ​សីហា​នេះ ​បានចាប់​ខ្លួន​ជន​ប្រដាប់​អាវុធ​៦​នាក់ ​បន្ទាប់ពី​ពួកគេ​បាន​ធ្វើសកម្មភាព​រំដោះ​អ្នកទោស​ជនជាតិ​ចិន​ម្នាក់ ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ពីក្នុង​គ្លីនិក​ធ្មេញ​មួយ​ក្នុង​ខេត្ត​សៀមរាប​។ ក៏ប៉ុន្តែ​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន​ចិននេះ ​នៅមិនទាន់​ចាប់​មក​វិញ​បាន​នៅឡើយ​។ ​ករណីនេះ ​បង្កើតបាន​ជាការរិះគន់​ពីសំណាក់​ពលរដ្ឋ​ខ្មែរ​ និង​ក្រុមអ្នក​នយោបាយ​ប្រឆាំង​ថា​មាន​ស្តង់ដារ​ពីរ​ ខណៈដែល​លោក ​ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែលជាប់​ពន្ធនាគារ​ដែរ​នោះ ​មិនត្រូវបាន​អនុញ្ញាត​ឲ្យទៅ​ព្យាបាល​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​របស់​លោក​តាមការ​ស្នើសុំ​ទេ​។

ឧក្រិដ្ឋជនចូលរំដោះមេគ្រឿងញៀន
ឧក្រិដ្ឋជនចូលរំដោះមេគ្រឿងញៀន © សហការី
ផ្សាយពាណិជ្ជកម្ម

ខណៈដែលរឿងឧក្រិដ្ឋជនចូលរំដោះ​អ្នកទោសជនជាតិ​ចិន ដែលជាមេខ្លោងជួញដូរ​គ្រឿងញៀននៅក្នុងគ្លីនិកព្យាបាលធ្មេញមួយកន្លែងនៅខេត្តសៀមរាបក្លាយជារឿងដ៏កក្រើកកាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ ការរិះគន់ក៏បានកើតឡើងព្រមគ្នាដែរ។

តាមរយៈបណ្តាញសង្គម​ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន​ជនជាតិចិនប្រកបដោយគ្រោះថ្នាក់បែរជា​អនុញ្ញាតឲ្យចេញទៅពិនិត្យព្យាបាលសុខភាពនៅខាងក្រៅពន្ធនាគារ ខណៈលោក ថាច់ សេដ្ឋា ដែលជាអនុប្រធានគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅពន្ធនាគារដើម្បីព្យាបាលជំងឺបេះដូងរបស់លោក ដែលមានសភាពធ្ងន់ធ្ងរ។

ក្រុមអ្នករិះគន់តាមបណ្តាញសង្គមក៏បានលើកយកករណីលោក ថាច់ សេដ្ឋា ដែលធ្លាប់តែព្យាបាលជំងឺបេះដូងយ៉ាងទៀងទាត់នៅមន្ទីពេទ្យទៅប្រៀបធៀបនឹងឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនថាមានស្តង់ដារពីរ។

អ្នកទទួលខុសត្រូវពន្ធនាគារ ​និងស្ថាប័នអយ្យការមិនអាចទាក់ទងសុំការពន្យល់បានទេជុំវិញការរិះគន់ខាងលើ ក៏ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំង RFI ថាករណីនេះ ពេលខ្លះមិនមែនពន្ធនាគារជាអ្នកសម្រេចទេ គឺត្រូវសុំទៅព្រះរាជអាជ្ញាទៀត។ តាមលោក ខៀវ សុភ័គ បញ្ហានេះអាចអាស្រ័យលើប្រភេទ​នៃសំណុំរឿង ដោយលោក​លើកឡើងថាអាចសំណុំរឿងខ្លះតុលាការក្តាប់មិនទាន់ជុំ សំណុំរឿងខ្លះអាចបារម្ភពីការតវ៉ា ឬបាតុកម្មផ្សេងៗ។

សូមរំលឹកថាសមត្ថកិច្ចបានរកឃើញ និងចាប់ខ្លួនឧក្រិដ្ឋជនចំនួន៦នាក់ ដែលបានធ្វើសកម្មភាពដូចក្នុងភាពយន្តរំដោះមេខ្លោងជនជាតិចិនរបស់ពួកគេចេញពីគ្លីនិកធ្មេញ ជុំ ចិន្តា នៅ​ខេត្តសៀមរាប។ ក៏ប៉ុន្តែមេខ្លោងឧក្រិដ្ឋជនចិន ដែលជាប់ទោសរយៈពេល ៥២ឆ្នាំ ពីបទជួញដូរគ្រឿងញៀនឈ្មោះ Chen hsin han នៅមិនទាន់ត្រូវបានសមត្ថកិច្ចរកឃើញនៅឡើយមកទល់ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ