អានតួអត្ថបទ

ក្រោយ​គេចខ្លួន​១​សប្តាហ៍ ​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ចិន​ត្រូវ​បានចាប់ខ្លួនជាថ្មី ​និង​ប្រឈម​ការ​ដាក់ទោស​បន្ថែម

មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​ឈ្មោះ ​ចិន សិនហាន​(Chen Hsin Han)​ ដែលមាន​ទោសជាប់​ពន្ធនាគារ​ជាង​៥០​ឆ្នាំ ​ត្រូវបាន​សមត្ថកិច្ច​កម្ពុជាចាប់ខ្លួន​ជាថ្មី​នៅ​ភ្នំពេញ ​បន្ទាប់ពី​រូបគេ​ត្រូវបាន​រំដោះ​ដោយ​បក្សពួក​ចេញពី​គ្លីនិក​ព្យាបាល​ធ្មេញ​មួយកន្លែង​នៅក្នុង​ខេត្ត​សៀមរាប​កាលពី​សប្តាហ៍មុន​។នៅក្នុង​សន្និសីទ​កាសែត​ ដែលរៀបចំ​ឡើង​ដោយ​សមត្ថកិច្ច​ប៉ូលីស​នៅព្រឹក​ថ្ងៃ​ពុធ​នេះ ​នាយ​ឧត្តមសេនីយ៍​ ម៉ក់ ជីតូ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ប្រាប់​អ្នកកាសែត​ថា ​ការចាប់បាន​មកវិញ​មេខ្លោង​ជួញដូរ​គ្រឿងញៀន ​ដែលបាន​គេចខ្លួន​រួមនឹង​បក្សពួក​ប្រដាប់អាវុធ​ដែលបាន​ធ្វើ​សកម្មភាព​រំដោះ​ឧក្រិដ្ឋជន​នេះ​សរុប​ចំនួន​១១​នាក់​ពេលនេះ ​ត្រូវបាន​ដោះស្រាយ​ស្ទើរ​ទាំងស្រុង​ហើយ ​នៅសល់​តែ​អ្នកពាក់ព័ន្ធ​មួយចំនួន​ទៀត​ប៉ុណ្ណោះ​។ ​តាម​លោក ​ម៉ក់ ជីតូ ​ហេតុការណ៍​រំដោះ​អ្នកទោស ​ដែលបាន​កើតឡើង​មិនដែល​ធ្លាប់​មាន​នៅកម្ពុជា​នេះ ​មិនមែន​ជា​ឆាក​ល្ខោន​ដូចដែល​ទស្សនៈ​មួយចំនួន​បានលើកឡើង​នោះទេ​។សូមរំលឹកថា​មេខ្លោង​គ្រឿងញៀន ​ចិន សិនហាន ​នេះ​ត្រូវបាន​ជន​ប្រដាប់អាវុធ​មួយក្រុម ​ធ្វើ​សកម្មភាព​រំដោះ​ចេញពី​គ្លីនិក​ធ្មេញ​ឈ្មោះ ​ជុំ ចិន្តា​ នៅ​ខេត្ត​សៀមរាប ​កាលពី​ថ្ងៃទី​១៧ ​ខែ​សីហា ​ឆ្នាំ​២០២៣​នេះ ដោយភ្ជង់ ​និង​ចង​មន្ត្រី​ពន្ធនាគារ​រំដោះ​អ្នកទោស​ចេញពី​ទីនោះ​តាម​រថយន្ត​មួយគ្រឿង​។ ក៏ប៉ុន្តែ​ជន​ប្រដាប់​អាវុធ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទាំងអស់ ​ហើយចុងក្រោយ​នេះ ​មេខ្លោង​គ្រឿងញៀន​ដ៏ធំ​នេះ​ក៏ត្រូវបាន​ចាប់ខ្លួន​មកវិញ​ដែរ​។ទោះយ៉ាងណា​សមត្ថកិច្ច​នៅ​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​បន្ថែមទៀត ​នៅក្នុង​សំណុំរឿង​នេះ​។​ សូមបញ្ជាក់​ថាក្រុម​ប្រដាប់​អាវុធ ​ដែល​ធ្វើសកម្មភាព​ និង​ជាប់ពាក់ព័ន្ធ​ការរៀប​គម្រោងរំដោះ​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ចិន​ទាំង​១០​នាក់នេះ ​មាន​៦​នាក់​ជាជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ ស្ត្រី​ជនជាតិ​ចិន​ ១​នាក់ ​ជនជាតិ​ខ្មែរ ២​នាក់ ​និង​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត ​១​នាក់។ ​​សូម​ស្តាប់​​លោក ​​ម៉ក់ ជីតូ​​​៖

ក្រុមឧក្រិដ្ឋជនរំដោះមេខ្លោងគ្រឿងញៀន
ក្រុមឧក្រិដ្ឋជនរំដោះមេខ្លោងគ្រឿងញៀន © Police
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ