អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ថេត ឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ជំនួសលោក នេត សាវឿន ដែលក្លាយជាឧបនាយករដ្ឋមន្ត្រី

លោកនាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ ត្រូវបានតែងតាំងជាអគ្គស្នងការស្នងការនគរបាលជាតិ នៅថ្ងៃទី២៣សីហានេះ។ នេះបើតាមព្រះរាជក្រឹត្យរបស់អង្គព្រះមហាក្សត្រ។

លោក ស ថេត អគ្គស្នងការនគរបាលជាតិ
លោក ស ថេត អគ្គស្នងការនគរបាលជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

ការឡើងកាន់តំណែងរបស់លោកនាយឧត្តមសេនីយ៍ ស ថេត ទៅជាអគ្គស្នងការនគរបាលជាតិពេលនេះ ធ្វើឡើងបន្ទាប់ពីតំណែងមួយនេះ កំពុងតែទំនេរក្រោយពេលដែលលោក នេត សាវឿន អតីតអគ្គស្នងការនគរបាលជាតិ ត្រូវកា្លយជាឧបនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី។

ជាការកត់សម្គាល់ តំណែងជាអគ្គស្នងការនគរបាលជាតិនេះ មានការជជែកវែកញែកច្រើន ខណៈដែលអ្នកតាមដានសង្គមមួយចំនួន យល់ថា លោក ស ថេត ជាមនុស្សដ៏មានឥទ្ធិពលដែលអាចចូលកាន់តំណែងមួយចំនួន ដ្បិតជាតំណែងមួយដែលជួយការងារសំខាន់ៗ ដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលជាកូនប្រុសរបស់លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា មុននឹងឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ពេលនេះ លោក ស ថេត បានឡើងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ជំនួសលោក ជួន សុវណ្ណ ដែលត្រូវបានតែងតាំងជាអនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។

តំណែងរបស់លោក ស ថេត ក៏ធ្វើឡើងបន្ទាប់ពីលោក នេត សាវឿន ត្រូវដំឡើងទៅជាឧបនាយករដ្ឋមន្ត្រី ដែលត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីពេលអវត្តមាននាយករដ្ឋមន្ត្រី និងជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ