អានតួអត្ថបទ

UN៖ មនុស្សប្រមាណ១០ម៉ឺននាក់ អាចត្រូវបានបង្ខំឲ្យបោកបញ្ឆោតតាមអនឡាញក្នុងកម្ពុជា

ក្នុងប្រទេសកម្ពុជា មានមនុស្សប្រមាណ១០ម៉ឺននាក់ អាចត្រូវបានគេបង្ខំឲ្យធ្វើការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី២៩សីហា ដោយអះអាងថាបានដកស្រង់ចេញពីប្រភពដែលអាចទុកចិត្តបាន។ ទន្ទឹមគ្នានេះ កាសែត The New York Times បានចេញអត្ថបទមួយ ដោយចុះផ្សាយថា គ្មាននរណាម្នាក់អាចបញ្ឈប់បទល្មើសមួយនេះក្នុងប្រទេសកម្ពុជាឡើយ ដោយសារតែក្រុមឧក្រិដ្ឋជនមានខ្សែរយៈជាមួយអ្នកនយោបាយ។

A view shows a laptop display showing part of a code
A view shows a laptop display showing part of a code © REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុងប្រទេសកម្ពុជា មនុស្សយ៉ាងតិច១០ម៉ឺននាក់ មានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយបង្ខំ។ នេះបើយោងតាមអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃទី២៩សីហាម្សិលមិញ ដោយអះអាងថាបានដកស្រង់ប្រភពអាចទុកចិត្តបាន។

ចំណែកបើយោងតាមកាសែត The New York Times ដែលបានដកស្រង់ប្រភពពីក្រសួងការបរទេសអាមេរិកវិញ មានមនុស្សប្រមាណ១ម៉ឺននាក់ ក្នុងប្រទេសកម្ពុជា បានជាប់ឃុំឃាំង ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ។ ជនរងគ្រោះភាគច្រើនគឺមកពីប្រទេស ចិន វៀតណាម ម៉ាឡេស៊ី​ និងថៃ។ ក្រៅពីនេះ កាសែតនេះ បានលើកឡើងថា វិស័យឆបោកឬ(Scam) នេះ ក្នុងប្រទេសកម្ពុជា បាននឹងកំពុងរីកដុះដាលយ៉ាងរលូន កៀកនឹងដៃរបស់ក្រុមមន្រ្តី។ ហើយវិស័យនេះនៅតែបន្តរីកដាលបើទោះបីជាមាន ការបង្ក្រាបរបស់អាជ្ញាធរខ្មែរតាំងពីខែសីហាឆ្នាំ២០២២មកក្ដី ដោយសារទំនាក់ទំនងជិតស្និទ្ធិជាមួយមន្រ្តីគ្រាក់ៗ និងប្រព័ន្ធពុករលួយ។ នេះបើយោងការសម្ភាសជាមួយក្រុមអង្គការសិទ្ធិមនុស្ស ជនរងគ្រោះ និងមន្រ្តីអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហានេះ របស់កាសែតបរទេសមួយនេះ។

មិនតែប៉ុណ្ណោះ នេះបើតាមកាសែតThe New York Times អគ្គស្នងការរងនគរបាលជាតិរបស់ថៃ បានហៅការបង្ក្រាបរបស់អាជ្ញាធរខ្មែរនៅក្នុងការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញកន្លងមកនេះ ថាជាឈុតឆាកទាំងស្រុង។  អគ្គស្នងការរងនគរបាលជាតិរបស់ថៃ បានចោទប្រកាន់មន្រ្តីប៉ូលីសខ្មែរផងដែរថាបានការលូកដៃក្នុងបេសកកម្ម រំដោះជនរងគ្រោះ ក្នុងប្រទេសកម្ពុជា។

ដោយឡែក នៅចំពោះមុខការចោទប្រកាន់ពីកាសែតបរទេសថា អំពើឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា មានជាប់ពាក់ព័ន្ធនឹងអ្នកដែលមានឥទ្ធិពលនិងអ្នកមានអំណាច  លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តបថាលោកស្រីមិនអាចថារឿងនេះជាការពិតឬមិនពិតឡើយ ខណៈគណៈកម្មាធិការជាតិ គឺគ្រាន់តែទទួលព័ត៌មានចេញពីប្រតិបត្តិការ​ ដោយមិនបានចុះទៅធ្វើប្រតិបត្តិ្កការផ្ទាល់ឡើយ។

សូមបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គិតត្រឹមខែកក្កដាឆ្នាំ២០២៣ ទីតាំងប្រពឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ ត្រូវបានគេរាយការណ៍ថា មានបើកដំណើរការក្នុងទីក្រុងភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ កោះកុង បាវិត ព្រះសីហនុ ឧត្តរមានជ័យ ស្វាយរៀង  តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ -ល-។ ក្រុមឧក្រិដ្ឋជនបាននឹងកំពុងដាក់គោលដៅកាន់តែច្រើនឡើងលើជនចំណាកស្រុក ជាពិសេសការបោកប្រាសថានឹងផ្ដល់ការងារល្អ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ