អានតួអត្ថបទ

គណបក្ស​២០ ​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ​តែ​ភ្លើងទៀន​ថា​អត់​ប្រយោជន៍

គិតមកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មាន​គណបក្ស​នយោបាយ​ដែល​មិន​បាន​ឈ្នះអាសនៈ​នៅក្នុង​រដ្ឋសភា​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ និង​គណបក្ស​ដែល​មិនបាន​ចូលរួម​បោះឆ្នោត​ចំនួន​២០​ហើយ ​ បាន​ដាក់ពាក្យ​សុំ​ចូលរួម​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​អាណត្តិ​ថ្មី​។ ក៏ប៉ុន្តែ​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​មិន​ចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ទេ​។

លោក ហ៊ុន សែន ជួបជាមួយឧត្តមក្រុមប្រឹក្សា
លោក ហ៊ុន សែន ជួបជាមួយឧត្តមក្រុមប្រឹក្សា © FB
ផ្សាយពាណិជ្ជកម្ម

លោក ឈឹម ផលវរុណ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជា​ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ​ថាគិតមកទល់ពេលនេះ មានគណបក្សដែលមិនមានអាសនៈនៅក្នុងរដ្ឋសភាចំនួន២០ហើយ ដែល​បានដាក់ពាក្យសុំចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ក៏ប៉ុន្តែលោក ឈឹម ផលវរុណ មិនបានបញ្ជាក់ទេថា​មានគណបក្សដែលបានចូលរួមបោះឆ្នោតប៉ុន្មាន និងគណបក្សដែលមិនបានចូលរួមបោះឆ្នោត​ប៉ុន្មាននោះទេ។ តែគេអាចដឹងបានថា​គណបក្សដែលចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ​មានចំនួនសរុប១៨ ក្នុងនោះ២គណបក្សបានឈ្នះអាសនៈនៅក្នុងសភា គឺគណបក្ស​ប្រជាជនកម្ពុជា និងគណបក្ស​ហ្វុនស៊ិនប៉ិច​។

កាលពីថ្ងៃទី២៦ ខែសីហា​ កន្លងទៅព្រះមហាក្សត្រខ្មែរ​ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ​បានឡាយព្រះហស្តលេខា​លើព្រះរាជក្រឹត្យមួយ​ ដោយនៅចំណុចមាត្រា១បញ្ជាក់ថា​ ព្រះរាជក្រឹត្យនេះមានគោលដៅបង្កើត​ និងកំណត់អំពីការរៀបចំ ​និងការប្រព្រឹត្តទៅ​នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្តល់យោបល់ ក្នុងគោលបំណង​លើកស្ទួយរបប​នយោបាយប្រជាធិបតេយ្យ​សេរីពហុបក្ស ​ដើម្បីប្រមូលធាតុចូល​នៃទស្សនៈពហុគំនិត​ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។

ជាការកត់សម្គាល់​ឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់នៅក្នុង​អាណត្តិថ្មីនេះ ​មិនត្រឹមតែបើកផ្លូវឲ្យសម្រាប់តែ​គណបក្សនយោបាយ​ដែលបានចូលរួមបោះឆ្នោត​ហើយមិនបាន​ឈ្នះអាសនៈរដ្ឋសភា​ដូចអាណត្តិមុន​នោះទេ គឺស្ថាប័នមួយនេះ​ទទួលទាំងគណបក្ស​ដែលមិនបាន​ចូលរួមបោះឆ្នោតទាំងអស់​ផងដែរ ឲ្យតែបានចុះបញ្ជី​ត្រឹមត្រូវនៅក្រសួងមហាផ្ទៃ​។ រីឯថវិកាសម្រាប់ចំណាយ​ទៅលើ​ឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់វិញ​ក៏បានបញ្ជាក់នៅក្នុងព្រះរាជក្រឹត្យ​ដែរថា ត្រូវបានផ្គត់ផ្គង់ដោយ​កញ្ចប់ថវិកាជាតិ ក្នុងខ្ទង់​ថវិការបស់ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក ពេជ្រ ស្រស់ ​ប្រធានគណបក្សយុវជនកម្ពុជា​ ដែលបានដាក់ពាក្យស្នើសុំចូលរួម​ក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​រួចហើយនោះ ឲ្យដឹងថាការចូលរួម​ជាមួយស្ថាប័ននេះ ​មានគុណតម្លៃ ​និងប្រយោជន៍ច្រើន​ក្នុងការ​ជួយប្រជាពលរដ្ឋ។

ក៏ប៉ុន្តែ លោក គីមសួរ ភីរិទ្ធ​ អ្នកនាំពាក្យគណបក្សភ្លើងទៀន​បានថ្លែងថា លោកមិនបាន​ដឹងទេថា​រដ្ឋាភិបាល​មានគោលនយោបាយ​យ៉ាងណានោះចំពោះ​ការបន្តឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្តល់យោបល់នេះ ក៏ប៉ុន្តែ​សម្រាប់គណបក្សភ្លើងទៀន​ លោកគិតថាមិនមានសារៈសំខាន់​ក្នុងការជួយ​អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ​និងជួយប្រជាពលរដ្ឋនោះទេ​។ លោកថា​ជំហរគណបក្សភ្លើងទៀន​គឺមិនមានការចាប់អារម្មណ៍ទេ​។

សូមរំលឹកថាគណបក្សនយោបាយ​ដែលបានចុះបញ្ជីនៅ​ក្រសួងមហាផ្ទៃ​មានប្រមាណជាង​៤០​គណបក្ស ក្នុងនោះ១៨​ គណបក្សបានចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ​ខណៈគណបក្សភ្លើងទៀន​ត្រូវបានផាត់ចេញពីការ​បោះឆ្នោតនេះ ក្រោមហេតុផល​ខ្វះឯកសារច្បាប់ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ