អានតួអត្ថបទ

ឆបោកស្នេហាតាមអ៊ីនធើណេត៖ អាជ្ញាធរខ្មែរ ស្នើជនរងគ្រោះក្លាហានស្វែងរកជំនួយ

មកដល់ពេលនេះ បណ្ដឹងពីពលរដ្ឋខ្មែរ ដែលរងគ្រោះដោយការឆបោកស្នេហាតាមអ៊ីនធើណេត មានចំនួនទាបនៅឡើយ ដែលបើតាមលោកស្រី ជូ ប៊ុនអេង កត្តាមួយ អាចមកពីជនរងគ្រោះមានភាពខ្មាស់អៀន ក្នុងការរាយការណ៍ទៅកាន់សមត្ថកិច្ច។ នៅចំពោះមុខនេះ គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស អះអាងថានឹងធ្វើការងារនេះជូនជនរងគ្រោះដោយសម្ងាត់ និងដោយលក្ខណៈបច្ចេកទេស។

ជនជាតិចិន ដែលត្រូវបាននគរបាលឥណ្ឌូណេស៊ី​ ចាប់ខ្លួនពីការឆបោកតាមបែបស្នេហា
ជនជាតិចិន ដែលត្រូវបាននគរបាលឥណ្ឌូណេស៊ី​ ចាប់ខ្លួនពីការឆបោកតាមបែបស្នេហា © AP
ផ្សាយពាណិជ្ជកម្ម

លោកស្រី ជូ ប៊ុនអេង បានថ្លែងប្រាប់វិទ្យុបារាំងRFI នៅថ្ងៃព្រហស្បត្តិ៍នេះថា​ ករណីចាញ់បោកតាមបែបស្នេហាក្នុងប្រទេសកម្ពុជា មិនមែនគ្មានសោះនោះទេ ក៏ប៉ុន្តែបណ្ដឹងជុំវិញករណីនេះ ហាក់មិនសូវលេចឮនោះឡើយ។ បើតាមអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរូបនេះ កត្តាមួយ គឺអាចមកពីជនរងគ្រោះ មានភាពអៀនខ្មាស ក្នុងការរាយការណ៍មកកាន់អាជ្ញាធរពាក់ព័ន្ធ។ ដោយឡែក ជនរងគ្រោះក្នុងករណីឆបោកតាមបែបទំនាក់ទំនងស្នេហានេះ ភាគច្រើនជាយុវវ័យ ឬក្មេងស្រីជំទង់ ដែលលោកស្រី លើកទឹកចិត្តឲ្យមានភាពក្លាហានស្វែងរកជំនួយ ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធជួយផ្ដល់កិច្ចអន្តរាគមន៍បាន។ 

ទន្ទឹមគ្នានេះ លោកស្រី Pia Oberoi ទីប្រឹក្សាជាន់ខ្ពស់ផ្នែកចំណាកស្រុកនិងសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ការឆបោកដែលនិយមលេចឮមួយនោះគឺ ជាការឆបោកដែលត្រូវបានគេឲ្យឈ្មោះថា ‘Pig Butchering Scheme’។ ‘Pig Butchering Scheme’នេះ ជាទូទៅគឺជាការឆបោក ដែលអ្នកឆបោកធ្វើជា​បង្កើតទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ រួចហើយល្បួងឲ្យផ្ញើប្រាក់ក្រោមហេតុផលផ្សេងៗ។ ជាក់ស្ដែងបើតាមលោកស្រី Pia Oberoi កាលពីឆ្នាំមុន មានមនុស្សម្នាក់មកពីប្រទេសម៉ាឡេស៊ីបានស្លាប់ ក្រោយបានចាញ់បោក ឲ្យធ្វើដំណើរទៅប្រទេសថៃ​ ហើយបន្ទាប់មកត្រូវបានគេជួញដូរទៅប្រទេសភូមា។

ស្រដៀងគ្នានឹងលោកស្រីជូ ប៊ុន អេងដែរ លោកស្រី Pia Oberoiថា ជនរងគ្រោះក្នុងបទល្មើសមួយនេះ ភាគច្រើន សុខចិត្តរងគ្រោះ ដោយមិនជ្រើសរើសរាយការណ៍ឡើយ ដោយសារតែភាពអៀនខ្មាស និងខ្លាចរងការមាក់ងាយពីអ្នកដទៃ។ ជនរងគ្រោះ មិនត្រឹមតែរងគ្រោះផ្នែករាងកាយ ឬផ្លូវចិត្តទេ តែនឹងជាប់បំណុលតៗគ្នាយ៉ាងធ្ងន់ធ្ងរថែមទៀត។

មិនតែប៉ុណ្ណោះ លោកស្រី​គូសបញ្ជាក់ដែរថា ជាទូទៅ ជនឆបោកតាមប្រព័ន្ធអនឡាញជាច្រើន កើតមានអំឡុងវិបត្តិកូវីដ១៩មក ដែលអំឡុងពេលនោះ មានការរាំងខ្ទប់បិទកាស៊ីណូ ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចតាមតំបន់ជាប់ព្រំដែន​និងនៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា ក្នុងឆ្នាំ២០១៩ គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ FTC ដែល​ជា​ទីភ្នាក់ងារ​ឯករាជ្យ​អាមេរិកាំង បានប្រកាសថា បទល្មើសឆបោកដែលពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហានេះ បាននាំឲ្យមានការខាតបង់ទឹកប្រាក់ជាច្រើន ជាងទម្រង់នៃការឆបោកដទៃទៀត។

ចំណែក នៅថ្ងៃពុធម្សិលមិញ នគរបាលឥណ្ឌូណេស៊ី បានចាប់ខ្លួនជនជាតិចិនប្រមាណ៩០នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមទូរសព្ទឆ្លងព្រំដែន និងឆបោកបែបស្នេហាតាមប្រព័ន្ធអ៊ីនធើណេតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ