អានតួអត្ថបទ

ហ្វុនស៊ិនប៉ិច​មិនត្រូវ​បាន​ផ្តល់​តំណែង​ប្រធាន ​ឬ​អនុប្រធាន​គណៈកម្មការ​សភា​ណា​មួយ​ទេ

គណបក្ស​រាជានិយម​ហ្វុនស៊ិនប៉ិច​ មិនត្រូវបាន​ផ្តល់ឲ្យ​ដឹកនាំ​គណៈកម្មការ​ណាមួយ​ទេ ​ក្នុងចំណោម​គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា​នីតិកាល​ទី​៧​នេះ​។ នេះបើតាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រដ្ឋសភា​ពេញអង្គ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ក៏ប៉ុន្តែ​អ្នក​តំណាងរាស្ត្រ​ហ្វុនស៊ិនប៉ិច​ចំនួន​៤​រូប​ត្រូវបាន​ដាក់​បញ្ចូល​ជា​សមាជិក​នៃ​គណៈកម្មការ​រដ្ឋសភា​ចំនួន​៤ ​ក្នុងចំណោម​តំណាងរាស្ត្រ​ជាប់​ឆ្នោត​សរុប​៥​រូប​។

ព្រះអង្គម្ចាស់ ចក្រាវុធ ក្នុងរដ្ឋសភា
ព្រះអង្គម្ចាស់ ចក្រាវុធ ក្នុងរដ្ឋសភា © NA
ផ្សាយពាណិជ្ជកម្ម

គ្មាន​តំណាងរាស្ត្រ​មកពី​គណបក្ស​ហ្វុនស៊ិនប៉ិច​ណាម្នាក់​ដែលត្រូវបាន​ផ្តល់​តួនាទី​ជា​ប្រធាន​ ឬ​អនុប្រធាន​នៃគណៈកម្មការ​រដ្ឋសភា​ទេ ក៏ប៉ុន្តែ​តំណាងរាស្ត្រ​៤​រូប ​ត្រូវបាន​បញ្ចូល​ជា​សមាជិកនៃ​គណៈកម្មការ​រដ្ឋសភាចំនួន​៤ ក្នុងចំណោម​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​៥រូប​។

សមាជិកសភា​ទាំង៤រូប​ ដែលជាសមាជិក​គណៈកម្មការ​រដ្ឋសភា​ទាំង៤នោះ​រួមមាន ​លោក អាំង សំបូរ ​សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ​ធនាគារ និង​សវនកម្ម​។ លោក គង់ បណ្តូល ​ជា​សមាជិកនៃ​គណៈកម្មការ​ផែនការ ​វិនិយោគ កសិកម្ម ​អភិវឌ្ឍន៍ជនបទ ​បរិស្ថាន និង​ធនធានទឹក​។ លោក ​នាង ចាន់ណាក់ ​ជាសមាជិក​គណៈកម្មការ​មហាផ្ទៃ​ ការពារជាតិ និង​មុខងារសាធារណៈ ​និង​លោក ​ញឿន រ៉ាដែន​ ជាសមាជិកគណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច អតីតយុទ្ធជន​ យុវនីតិសម្បទា ការងារ​ បណ្តុះបណ្តាល​វិជាជីវៈ ​និង​កិច្ចការនារី​។ ដោយឡែក​ព្រះអង្គម្ចាស់ ​នរោត្តម ចក្រាវុធ ​ដែលជា​ប្រធានគណបក្ស ​ព្រះអង្គជាសមាជិក​សភាធម្មតា​ មិនស្ថិតនៅក្នុង​គណៈកម្មការ​ណាមួយទេ​។

លោក​ ញឿន រ៉ាដែន ​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌលកំពង់ចាម ​និងជា​អ្នកនាំពាក្យ​គណបក្សហ្វុនស៊ិនប៉ិច​បានថ្លែង​ឲ្យដឹងថា​គណៈបក្ស​ហ្វុនស៊ិនប៉ិច​មិនបានស្នើសុំទៅ​រដ្ឋសភា ​ដើម្បី​ទទួលបាន​ការដឹកនាំ​ជាប្រធាន ឬ​អនុប្រធានគណៈកម្មការ​ណាមួយឡើយ​។

រដ្ឋសភាជាតិ​មិនអាចទាក់ទង​បាន ​ដើម្បីធ្វើ​អត្ថាធិប្បាយលើ​មូលហេតុទាំងអស់​នេះទេ ក៏ប៉ុន្តែ​អ្នកតាមដាន​សង្គម និង​នយោបាយ​មួយចំនួន​មើលឃើញថា​រឿងនេះ​អាចបណ្តាលមកពី​គណបក្ស​ហ្វុនស៊ិនប៉ិច​ឈ្នះបាន​អាសនៈ​តិចពេក ​ជាហេតុធ្វើឲ្យ​គណបក្សកាន់អំណាច​មិនអាច​ធ្វើសម្បទាន​ជាតំណែង​ប្រធាន ​ឬ​អនុប្រធាន​គណៈកម្មការ​ជំនាញណាមួយ​ឲ្យ​ហ្វុនស៊ិនប៉ិច​។

សូមរំលឹកថា​នៅក្នុង​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៧ ​កាលពីថ្ងៃទី​២៣​ ខែកក្កដា​កន្លងទៅ​នេះ គណបក្ស​ហ្វុនស៊ិនប៉ិច ​បានឈ្នះ​អាសនៈ​ចំនួន៥ ​ក្រៅពីនេះ​គណបក្ស​ប្រជាជន​កម្ពុជា​ជាអ្នក​ឈ្នះទាំងអស់​ក្នុងចំណោម​អាសនៈសរុប​១២៥​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ