អានតួអត្ថបទ

Nikkei Asia៖ កេរ្តិ៍ឈ្មោះជាជម្រកនៃបទល្មើសឆបោក គឺជារនាំងលំហូរទេសចរចិនមកកម្ពុជា

ការលេចឡើងជាទីតាំងសម្ងំលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញ បានប៉ះពាល់ដល់រូបភាពកម្ពុជា ក្នុងខ្សែភ្នែកទេសចរចិន ហើយដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញទេសចរចិនឡើងវិញ ក្រោយវិបត្តិកូវីដ១៩។ នេះបើតាមអត្ថបទព័ត៌មានមួយ របស់កាសែតជប៉ុនNikkei Asiaនៅថ្ងៃសុក្រនេះ។ នៅចំពោះមុខនេះ​ លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឯកភាពថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះ អាចជះផលអវិជ្ជមានលើវិស័យទេសចរណ៍របស់កម្ពុជានេះមែន ដែលលោកស្នើឲ្យមានការស្រាវជ្រាវបន្ថែមលើបញ្ហានេះ។

Chinese tourists disembark at Phnom Penh International Airport on Feb. 7, when the first Chinese tour groups returned to Cambodia
Chinese tourists disembark at Phnom Penh International Airport on Feb. 7, when the first Chinese tour groups returned to Cambodia © AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

កេរ្តិ៍ឈ្មោះកម្ពុជាក្នុងប្រទេសចិន បានរងការបំផ្លិចបំផ្លាញ ដោយមានការលើកឡើងថា កម្ពុជាគឺជាជម្រកលាក់ខ្លួន របស់ក្រុមឆបោកអនឡាញ និងដែលជាមួយគ្នានេះនាំឲ្យមានហានិភ័យនៃការធ្លាក់ចូលទៅក្នុងការឆបោកឲ្យធ្វើការដោយបង្ខំ។ នេះបើយោងតាមការលើកឡើងនៅក្នុងអត្ថបទព័ត៌មានមួយរបស់កាសែតជប៉ុនNikkei Asia នៅថ្ងៃទី៨ខែកញ្ញានេះ ដោយសង្កត់ធ្ងន់ថា បញ្ហានេះ បានប៉ះពាល់វិស័យទេសចរកម្ពុជា ខណៈដែលរដ្ឋាភិបាលកម្ពុជាខិតខំស្ដារវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិមួយនេះ ដោយទាក់ទាញទេសចរចិនឡើងវិញ ក្រោយចិនបើកច្រកព្រំដែនរបស់ខ្លួនបន្ទាប់ពីវិបត្តិកូវីដកាលពីដើមឆ្នាំ២០២៣។ ជាមួយគ្នានេះ តាមNikkei Asia ទីតាំងប្រព្រឹត្តបទល្មើសឆបោកជាច្រើននៅក្នុងប្រទេសកម្ពុជានេះនៅតែត្រូវបានគេមើលឃើញថា បន្តដំណើរការ បើទោះបីជាអាជ្ញាធកម្ពុជា បានបើកបេសកម្មបង្ក្រាបអំពើឆបោកនេះកាលពីខែកញ្ញាឆ្នាំ២០២២ក្ដី ។

ភ្នាក់ងារទេសចរចិនក្នុងប្រទេសកម្ពុជា លោក Yang Ming បានថ្លែងប្រាប់កាសែតNikkei Asia ថា បន្ទាប់ពីចិនបានដកចោលគោលនយោបាយសូន្យកូវីដមក ស្ទើរតែគ្មានក្រុមអ្នកទេសចរចិន ឬភ្ញៀវទេសចរចិនសុទ្ធសាធមកលេងនោះទេ ក្រៅតែពីជាគណៈប្រតិភូឬភ្ញៀវដែលធ្វើដំណើរក្នុងគោលបំណងបេសកម្មការងារតែប៉ុណ្ណោះ។ លោកYang Ming យល់ថា កត្តាមួយដែលនាំឲ្យការរៀបចំដំណើរទេសចរនេះបានជួបផលលំបាក គឺដោយសារតែកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជានេះ។ តាមបទពិសោធន៍របស់ភ្នាក់ងារទេសចររូបនេះ កាលពីខែឧសភា គឺអ្នកដំណើរចិនដល់១០០នាក់ក្នុងចំណោម២៤០នាក់ បានសម្រេចមិនធ្វើដំណើរមកកម្ពុជាវិញ ក្រោយប៉ូលីសចិនបានប្រាប់ពួកគេថា ប្រទេសកម្ពុជាជាប្រទេសមិនសុវត្ថិភាពនោះឡើយ។

បញ្ហាប្រព្រឹត្តអំពើឆបោកអនឡាញក្នុងប្រទេសកម្ពុជានេះទៀតសោត ក៏ត្រូវបានគេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិផងដែរ។ កាលពីខែមិថុនាកន្លងទៅនេះ អង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ អាំងទែប៉ូល (Interpol) បានព្រមានថា ទីតាំងប្រព្រឹត្តអំពើឆបោកទ្រង់ទ្រាយធំ ដែលបានរីកដាលពីប្រទេសកម្ពុជា ទៅប្រទេសឡាវ និងភូមានេះ គឺជាការគំរាមកំហែងសកលមួយ។ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ក៏បានប៉ាន់ប្រមាណថា មានមនុស្សប្រមាណ១០ម៉ឺននាក់ ត្រូវបានឆបោកចូលក្នុងប្រទេសកម្ពុជាផងដែរ។

ជាងនេះទៅទៀត យុទ្ធនាការផ្សព្វផ្សាយពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលចិនធំមួយ គឺធ្វើឡើងតាមរយៈ ភាពយន្តមួយដែលមានចំណងជើងថា «No More Bets» ដែលបានរៀបរាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធី និងតារាម៉ូដែល ដែលត្រូវបានគេបោកបញ្ឆោត ចូលមកក្នុងទីតាំងឆបោកមួយកន្លែង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើទៅបីជាមិនបញ្ជាក់ថាច្បាស់ថាជាប្រទេសណាក្ដី ក៏ប៉ុន្តែ ឈុតមួយក្នុងភាពយន្តនេះ បានបង្ហាញពីតួអង្គម្នាក់មានពាក់អាវយឺតមួយ ដែលមានអក្សរខ្មែរ។

សូមបញ្ជាក់ថាយោងតាមក្រសួងទេសចរណ៍កម្ពុជា មុនវិបត្តិកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន២.៣៦លាននាក់ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបានប្រហែល ១.៨ពាន់លានដុល្លារ ខណៈដែលការវិនិយោគរបស់ចិនក្នុងវិស័យដែលទាក់ទងនឹងទេសចរណ៍តំណាងឱ្យជាង ៥០ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបរបស់កម្ពុជា។ចំណែកអំឡុងកូវីដ១៩ ក្នុង​ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចិនតែប្រមាណ៤ម៉ឺន៥ពាន់​នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែបានកើនដល់ប្រមាណ១០ម៉ឺន​នាក់វិញ ក្នុង​ឆ្នាំ​២០២២​។ ដោយឡែកនៅដើមឆ្នាំ២០២៣នេះ កម្ពុជាបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរចិន ឲ្យបានចំនួន១លាននាក់ ខណៈមានភ្ញៀវទេសចរចិនសរុបប្រមាណជិត២សែន៧ម៉ឺននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងឆមាសទី១កន្លងទៅនេះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ