អានតួអត្ថបទ

គណបក្សភ្លើងទៀនអំពាវនាវឲ្យដោះលែងមន្ត្រី៥រូបដែលចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ

គណ​បក្ស​ភ្លើង​ទៀន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​មន្ត្រី​គណ​បក្ស​ជំទាស់​នេះ​ចំនួន​៥​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៩​កញ្ញា​ម្សិល​មិញ​។​ មន្ត្រី​បក្ស​ប្រ​ឆាំង​ទាំង​នោះ ​គឺមាន​ លោក​ ស៊ិន ​វុត្ថា ​ប្រធាន​គណ​កម្មា​ធិ​ការ​ប្រតិ​បត្តិ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​លោក ​សួន​ ខេមរិន​ លេខា​ប្រតិ​បត្តិ​ខេត្ត​។​ លោក ​ទួត​ វាសនា​ប្រធាន​ប្រតិ​បត្តិ​ស្រុក​មង្គល​បូរី​ លោក​ ឈុំ ​ស៊ីណាត​ អនុ​ប្រធាន​ប្រតិ​បត្តិ​ស្រុក​ និង​លោក ​វ៉ាន់​ ស៊ុយអ៊ីវ​ ជំទប់​ទី​២ ​នៃ​ឃុំ​គួយ​ម៉ែង​ ស្រុក​មង្គល​បូរី​។

លោក ស៊ិន វុត្ថា ប្រធានគណកម្មាធិការប្រតិបត្តិខេត្តបន្ទាយមានជ័យ
លោក ស៊ិន វុត្ថា ប្រធានគណកម្មាធិការប្រតិបត្តិខេត្តបន្ទាយមានជ័យ © Facebook
ផ្សាយពាណិជ្ជកម្ម

លោក​ អ៊ុំ​ សំអាន ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ យល់​ថា​ ការ​ចាប់​ខ្លួន​នេះ​គឺជា​ការ​ដាក់​សម្ពាធ​បង្ខំ​ឲ្យ​ចុះចូល​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ដើម្បី​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ និង​ចង់​រំលាយ​ឬស​គល់​របស់​លោក ​សម​ រង្ស៊ី​។​ ខណៈ​គេ​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​នៃការ​ចាប់​ខ្លួន​នេះ​នៅ​ឡើយ ​លោក ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ពន្យល់​ជា​ទូទៅ​ថា ​រាល់​ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​គឺ​ទាល់​តែ​អ្នក​នោះ​ល្មើស​ច្បាប់​ និង​មាន​ដីកា​ពី​តុលា​ការ​គឺ​ត្រូវ​អនុវត្ត​ស្មើ​គ្នា​មិន​ថា​សកម្មជន​បក្ស​ឬ​ជាពល​រដ្ឋ​ធម្ម​តានោះ​ឡើយ​។

 

ប៉ុន្តែ ​លោក ​អ៊ុំ ​សំអាន ​ហៅការ​ចាប់​ខ្លួន​សកម្ម​ជន​៥​នាក់​ទៀត​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ពេល​នេះ​ថា​ជាព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​កើត​ឡើង​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ​តែការ​អនុវត្តន៍​មិន​មាន​អ្វី​ថ្មី​ឡើយ​ទៅ​លើបក្ស​ប្រឆាំង​។

 

ទោះ​ជា​យ៉ាង​ណា ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​អាទិត្យ​នេះ ​គណបក្ស​ ភ្លើង​ទៀន ​មើល​ឃើញ​ថា​ បើ​ទោះបី​ជា​គណ​បក្ស​នេះ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ត្រ នីតិ​កាល​ទី​៧​ នេះ​ក៏ដោយ​ ក៏​សកម្មជន​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស ​ភ្លើង​ទៀន ​ជាច្រើន​នាក់​ នៅ​តែ​ត្រូវ​ទទួល​រង​នូវ​ការ​កៀប​សង្កត់ ​និង​ការ​គំរាម​កំហែង​ ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ ​និង​ច្បាប់ជា​ធរ​មាន​។

 

បើ​តាម​គណ​បក្ស​ជំទាស់​ដែលមា​នសក្តា​នុពលនេះ​ ​ខ្លួន​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ​និង​សន្តិវិធី​ ក្នុង​ការ​ធ្វើ​នយោបាយ​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​រដ្ឋ​ធម្មនុញ្ញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ