អានតួអត្ថបទ

អគ្គស្នងការ​ប៉ូលិស​ជាតិ​ដក​តំណែង​មេ​ប៉ុស្តិ៍​សំព្រោជ ​ក្រោយ​រង​ការ​រិះគន់​ថា​ធ្លាប់​ជាប់​ទោស​ឧក្រិដ្ឋ

អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​១១ ​ខែ​កញ្ញា​នេះ ​បានសម្រេច​ដកហូត​តំណែង​មេប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំព្រោជ ​ស្ថិតនៅ​ក្នុង​ស្រុក​ស្ទោង​នៃ​ខេត្ត​កំពង់ធំ ​ដោយ​ឲ្យមក​ធ្វើជា​មន្ត្រី​នគរបាល​ធម្មតាវិញ​។ ​ការ​ដកតំណែង​មេប៉ូលីស​ប៉ុស្តិ៍​គឺ​អនុសេនីយ៍ឯក ​ហុង សារ៉ុម ​ទំលាក់​មកជា​មន្ត្រី​ធម្មតា​នេះ ​បានធ្វើឡើង​ក្រោយមាន​ការ​រិះគន់​យ៉ាងខ្លាំង​តាម​បណ្តាញ​សង្គម​ជាពិសេស​ហ្វេសប៊ុក ​និង​មាន​បទបញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​ឲ្យមាន​ការ​ស៊ើបអង្កេត​ពីភាព​មិន​ប្រក្រតី​នេះ​ផងដែរ​។

មេប៉ុស្តិ៍ប៉ូលីសដែលត្រូវដកពីតំណែង
មេប៉ុស្តិ៍ប៉ូលីសដែលត្រូវដកពីតំណែង © សហការី
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តី​សម្រេចស្តីពី​ការអនុវត្តវិន័យ​មន្ត្រីនគរបាល ​អគ្គស្នងការនគរបាលជាតិ​សម្រេច​ដកហូតមុខតំណែង​ចំពោះអនុសេនីយ៍ឯក​ ហុង សារ៉ុម ពី​នាយប៉ុសិ៍នគរបាលរដ្ឋបាល​សំព្រោជ ​នៃអធិការដ្ឋាននគរបាល​ស្រុកស្ទោង ​ចំណុះស្នងការនគរបាល​ខេត្តកំពង់ធំ​ឲ្យមកជាមន្ត្រី ​ក្រោមមូលហេតុ​ល្មើសនឹង​វិន័យរបស់កងកម្លាំង​នគរបាលជាតិ​។ សេចក្តីសម្រេច​ក៏បាន​ធ្វើ​និរាករណ៍​ការតែងតាំង​មេប៉ុស្តិ៍​រូបនេះ​ផងដែរ​។

ការសម្រេច​របស់អគ្គស្នងការ​នគរបាលជាតិ ​បានធ្វើឡើងបន្ទាប់ពី​មានប្រតិក​ម្មរបស់មហាជន​យ៉ាងសន្ធាប់​តាមបណ្តាញសង្គម​ហ្វេសប៊ុក ដែលថា​លោក ហុង សារ៉ុម ​ជាបុគ្គលធ្លាប់ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែល​មិនសក្តិសមទទួល​បានការតែងតាំង​ជាមេប៉ូលីសប៉ុស្តិ៍ ​ជាក្តីសង្ឃឹម​ផ្នែកសន្តិសុខ​របស់​ប្រជាពលរដ្ឋ​។

អ្វីដែលសំខាន់នោះ​គឺ​បញ្ហានេះ ​ត្រូវបានប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន​ ម៉ាណែត ​បញ្ចេញនូវ​ប្រតិកម្មផងដែរ​ដោយនៅលើហ្វេសប៊ុក​របស់លោក​កាលពីថ្ងៃអាទិត្យ ​លោកបានចេញបញ្ជា​ទៅលោក ​ស ថេត ​អគ្គស្នងការនគរបាល​ជាតិ ឲ្យពិនិត្យស្រាវជ្រាវ​ជាបន្ទាន់ ​ដើម្បីធ្វើការកែសម្រួល​ក្នុងករណី​រឿងនេះ​ជារឿងពិត​។

សូមបញ្ជាក់ថា​តាមរយៈ​សំណុំរឿងមួយនេះ​ មហាជនក៏មានការលើកឡើង​ផងដែរ​នូវប្រធានបទ​ស្រដៀងគ្នានេះ​តាមបណ្តាញសង្គម​ ដែលរំលេចពីភាព​មិនប្រក្រតី​នៃការ​តែងតាំងតំណែង​មន្ត្រីកន្លងមក​ទាំងស៊ីវិល និង​ក្នុងជួរកងកម្លាំង​ប្រដាប់អាវុធ​។ ទោះយ៉ាងណា​ អ្នកពាក់ព័ន្ធនឹងការ​តែងតាំងមិនប្រក្រតី​នេះ ​មិនត្រូវបាន​រងពិន័យ ​ឬទទួលទណ្ឌកម្ម​កងកម្លាំង​អ្វីទេ​។

ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ក៏បានស្នើឲ្យមាន​ការត្រួតពិនិត្យ ​និង​វាយតម្លៃ​ឲ្យបានច្បាស់លាស់ ​នូវបុគ្គលិកលក្ខណៈ​របស់បុគ្គល​នីមួយៗ ឲ្យបាន​ហ្មត់ចត់មុននឹង​ធ្វើការតែងតាំង​នៅតាមបណ្តាស្ថាប័ន​រដ្ឋទាំងស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ ទាំងថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ​។ ​នេះបើតាមសំណេរនៅលើ​ហ្វេសប៊ុក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ