អានតួអត្ថបទ

លោក ​ស ខេង​ បញ្ជាក់​ជាថ្មី​ពី​ជំហរ​គាំទ្រ​មុតម៉ាំ​ដល់​រដ្ឋាភិបាល​ថ្មី ​និង​ទាត់ចោល​ព័ត៌មាន​បែកបាក់​ផ្ទៃ​ក្នុង

លោក ​ស ខេង ​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានចេញមក​បញ្ជាក់​ថា​លោក​ធ្វើការ​អះអាង​ឡើងវិញ​នូវ​គោលជំហរ​ឥតងាករេ​ក្នុងការ​បន្ត​គំាទ្រ ​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នៃ​រដ្ឋសភា​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​។ ​ការបញ្ជាក់​របស់​លោក ​ស ខេង ​ដូច្នេះ ​គឺ​ធ្វើឡើង​បន្ទាប់ពី​លោក​មើលឃើញ​ថា​មជ្ឈដ្ឋាន​ប្រឆាំង​យក​រូបលោក​ធ្វើជា​កម្មវត្ថុ​នៃការ​វាយ​ប្រហារ​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាប់ដៃ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាប់ដៃ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី © Sar Kheng
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំណេរ​ចុះផ្សាយ​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ លោក ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និងជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​បាន​សរសេរ​ថា ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ជាពិសេសក្រោយពេលដែល​រាជរដ្ឋាភិបាលអាណត្តិ​ទី​៧ នៃរដ្ឋសភា ​ត្រូវបាន​បង្កើតឡើង​ មជ្ឈដ្ឋានដែលមាន​និន្នាការប្រឆាំង​នៅតែ​បន្តលើកឡើង​ដដែលៗ​តាមរយៈ​បណ្តាញសង្គម​ សារព័ត៌មាន​នានា ​និង​ជាពិសេស​តាមការឃោសនា​អកុសល​ ប្រតិដ្ឋ​នូវ​ព័ត៌មាននានា​ក្នុងបំណង​ដ៏កខ្វក់ ​ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន ហើយបាន​យកឈ្មោះលោក​ជា​ប្រធានបទសម្រាប់​បម្រើមហិច្ឆតា​ទុច្ចរិតរបស់​ពួកគេ​។

លោក ​ស ខេង ​បានបញ្ជាក់ថា ​ក្នុងនាមលោក​ជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា ​លោកគូសបញ្ជាក់​ថា​ ការលើកឡើង​របស់មជ្ឈដ្ឋាន​ដែលមាននិន្នាការប្រឆាំង​ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់​ក្នុងគ្រាអស់សង្ឃឹម និង​ជាការបំផុសបំផុល​ដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ​ ដោយលោកធ្វើការអំពាវនាវ​ឲ្យក្រុមដែល​លោក​យល់ងថា​ជាជនអគតិ ​និងទុច្ចរិតទាំងនោះ​ បញ្ឈប់ជាបន្ទាន់រាល់ទង្វើ​ទាំងឡាយណា​ ដែលប៉ះពាល់​ដល់សន្តិភាព ​ស្ថិរភាពនយោបាយ ​និងរាំងស្ទះដល់ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ចកម្ពុជា​ និងធ្វើឲ្យ​សាធារណជន​មានការភ័ន្តច្រឡំ​លើគោលការណ៍​ដឹកនាំដ៏របស់​គណបក្សប្រជាជន​កម្ពុជា​។

ជាការកត់​សម្គាល់លោក ​ស ខេង ឬពាក្យថាក្រុមលោក​ ស ខេង ត្រូវបាន​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្រៅ​ប្រទេស និងអ្នកនយោបាយ​ជំទាស់មួយ​ចំនួន តែងលើកយក​មកធ្វើជាប្រធានបទ​វែកញែក ដោយ​បង្កប់អត្ថន័យ​ជាការបែកបាក់ ​និងជំលោះទាស់ទែង​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច​។

ក៏ប៉ុន្តែ​ អតីតឧបនាយក​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃរូបនេះ​ បានអះអាងជាថ្មី​ឡើងវិញ​នូវគោលជំហរឥតងាករេ​របស់លោក ដែលថា​លោកនៅតែបន្ត​គាំទ្រ និងលើកទឹកចិត្ត​តាមការដែលអាចធ្វើបាន​ដល់រដ្ឋាភិបាលអាណត្តិ​ទី៧ នៃរដ្ឋសភា​ដែលដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត។

ការវាយប្រហារ​ជុំវិញប្រធានបទ​នៃការបែក​បាក់ផ្ទៃក្នុងបក្ស​កាន់អំណាច​នេះដែរ កាលពីដើមខែ​សីហា ​ឆ្នាំ២០២៣ លោក ​ស ខេង ​ក៏​បាន​ចេញមកបញ្ជាក់​ម្តងហើយថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​ឯកភាព​ផ្ទៃក្នុង​រឹងមាំ ​និង​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹកនាំ​ប្រទេស​ជាបន្ត​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ