អានតួអត្ថបទ

ជប៉ុន​ចង់​ផលិត​ទំនិញ​កែច្នៃតាម​​បច្ចេកវិទ្យា​​ទំនើប​ ដោយ​ប្រើ​វត្ថុធាតុ​ដើម​កម្ពុជា

នៅក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​ប្រធាន​សមាគម​ជប៉ុន​-កម្ពុជា ​លោក ​តាកាហាស៊ី ហ្វូមីអាគី ​ឲ្យដឹងថា​អ្នក​វិនិយោគ​ជប៉ុន​នៃ​វិស័យ​សហគ្រាស​ធុនតូច​ និង​មធ្យម​ មាន​ចំណាប់​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន ​ដោយ​ប្រើប្រាស់​វត្ថុធាតុ​ដើម​កម្ពុជា​។ ​ការលើកឡើង​របស់​ប្រធាន​សមាគម​ជប៉ុន-​កម្ពុជា​ដូច្នេះ​ ធ្វើឡើង​ស្របពេល​ដែល​ កម្ពុជា ​និង​ជប៉ុន​ កំពុង​ក្លាយទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

លោក ហ៊ុន​ ម៉ាណែត ជួបជាមួយប្រធានសមាគមកម្ពុជា-ជប៉ុន
លោក ហ៊ុន​ ម៉ាណែត ជួបជាមួយប្រធានសមាគមកម្ពុជា-ជប៉ុន © សហការី
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សមាគម​ជប៉ុន-​កម្ពុជា លោក​ តាកាហាស៊ី ហ្វូមីអាគី ​ដែលជា​អតីត​ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំកម្ពុជាផងនោះ​ បានថ្លែងឲ្យដឹងថាវិស័យ​សហគ្រាសធុនតូច ​និងមធ្យមជប៉ុន(SMEs) ​បានបង្ហាញនូវចំណាប់​អារម្មណ៍ចំពោះវិស័យ​សំខាន់ៗ ២​ គឺទី១ ការផលិត​ទំនិញកែច្នៃ ដែលប្រើប្រាស់​វត្ថុធាតុដើម​កម្ពុជា ​ដោយប្រើ​បច្ចេកវិទ្យាទំនើប​ជប៉ុន ដើម្បី​ផលិតជា​ផលិតផល​សម្រេចសម្រាប់​នាំចេញ ​និងទី​២ គឺការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ ​ដោយផ្តោតលើ​សេវាបដិសណ្ឋារកិច្ច ​មេកានិក យានយន្ត​ (សេវាជួសជុលរថយន្តជប៉ុន)​ ការតុបតែង និង​កែសម្ផស្ស​ សេវាថែទាំអ្នកជំងឺ-​មនុស្សចាស់ និង​ជំនាញបច្ចេកវិទ្យា​ព័ត៌មាន និង​ឌីជីថល​។

ការលើកឡើង​របស់ប្រធាន​សមាគមជប៉ុន-​កម្ពុជា ត្រូវបាន​ឆ្លើយតបជា​វិជ្ជមានដោយ​លោក ហ៊ុន ម៉ាណែត ដោយ​លោកនាយក​រដ្ឋមន្ត្រីជម្រុញឲ្យ​សមាគមធុរកិច្ច​ជប៉ុនសហការ ​និង​បង្កើនទំនាក់ទំនង​ការងារ​ជាមួយភាគី​ពាក់ព័ន្ធ​កម្ពុជា ​ដើម្បី​សម្រេចបាន​នូវវត្ថុបំណងទាំងនេះ​ ខណៈដែល​លោកត្រៀមខ្លួន​ជាស្រេច​ដើម្បី សម្របសម្រួល ​និង​គាំទ្រ​ធុរកិច្ចជប៉ុន​តាមរយៈ​គោលនយោបាយ ​និង​កញ្ចប់លើកទឹកចិត្ត​ដ៏​ទាក់ទាញ​។

ជាការកត់សម្គាល់​ទំនាក់ទំនង​មិត្តភាពកម្ពុជា-​ជប៉ុន រយៈពេល៧០​ឆ្នាំកន្លងទៅនេះ​ បានរុញច្រាន​ប្រទេសទាំងពីរ​ឲ្យឈរនៅចំណុចដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ​បន្ទាប់ពីទំនាក់ទំនង​ចិន-កម្ពុជា​។ ជប៉ុន​ជាប្រទេស​ដែលមានវិនិយោគិន​មកបណ្តាក់ទុន​នៅកម្ពុជាលំដាប់​ទី៤​។ ជប៉ុន និងចិន​ ជាប្រទេសពីរ​នាំមុខគេ​ក្នុងការ​ផ្តល់ជំនួយ​ឥតសំណង ​និងផ្តល់ឥណទាន​ឥតការប្រាក់​ជាច្រើន​ដល់កម្ពុជា​។ ក៏ប៉ុន្តែ​ជំនួយជប៉ុន មិនបាន​រងនូវការ​រិះគន់ដូចជា​ជំនួយចិន​នោះទេ​។ នេះបើតាម​ការកត់សម្គាល់ពី​អ្នកតាមដាន​សង្គមនានា​។

សូមរំលឹក​ថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​​ជប៉ុនគិត​ត្រឹមរយៈពេល៧​ខែ​ឆ្នាំ​២០២៣នេះ មាន​សរុប​ជាង ១​ពាន់​លាន​ដុល្លារ ថយចុះ ៩,៩​%​ ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំ​២០២២ ដែលមាន ១,១៣ ​ពាន់​លាន​ដុល្លារ​។ ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុនមាន​ទឹកប្រាក់​ជាង ៦៥០​លាន​ដុល្លារ ធ្លាក់ចុះ ១,៩% ហើយ​ជប៉ុន​នាំ​ចូលមក​កម្ពុជាមាន​ប្រមាណ ៣៧០លាន​ដុល្លារ ធ្លាក់​​ចុះជាង ២១%។ នេះបើតាមរបាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ