អានតួអត្ថបទ

លោក​ ហ៊ុន សែន ​សរសើរ​កូនប្រុស​ច្បង​លោក​ថា​ធ្វើ​បាន​ល្អ​ជាង​ការ​រំពឹង​ទុក

នៅលើ​ឆាណែល ​តេឡេក្រាម​របស់​លោក ​លោក ​ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្ត្រី ​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បានចេញមក​សរសើរ​កូនប្រុស​ច្បង​របស់​លោក ​គឺ​លោក​ ហ៊ុន​ ម៉ាណែត ​ដោយ​លោកហ៊ុន សែន ​វាយតម្លៃថា​សមត្ថភាព​គ្រប់គ្រង​សភាពការណ៍​របស់​លោក ​ហ៊ុន​ ម៉ាណែត ​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ​ធ្វើបានល្អ​ជាងការ​គិតទុក​ជាមុន​របស់​លោក​។ ការ​បញ្ជាក់​របស់​លោក ​ហ៊ុន​សែន ​ដូច្នេះ​ធ្វើឡើង​ខណៈដែល​រដ្ឋាភិបាល​ថ្មី​ដឹកនាំដោយ​លោក ​ហ៊ុន​ ម៉ាណែត ​បានចេញដំណើរ​មិនទាន់​បាន​១​ខែ​ផង​។

លោក ហ៊ុន​ ម៉ាណែត និងលោក ហ៊ុន​ សែន
លោក ហ៊ុន​ ម៉ាណែត និងលោក ហ៊ុន​ សែន © សហការី
ផ្សាយពាណិជ្ជកម្ម

«ត្រូវលោត​ទៅក្នុងទឹក​ទើបចេះ​ហែលទឹក​»។ នេះជា​សំណេរ​របស់​លោក ហ៊ុន​ សែន នៅលើឆាណែល​តេឡេក្រាម​របស់លោក​កាលពីថ្ងៃ​ទី​១៤ ខែ​កញ្ញា ​ម្សិលមិញ​។ លោក​ ហ៊ុន សែន ​សរសេរ​បន្តថា ​លោកកំពុងតាមសង្កេតមើល​សកម្មភាពរបស់​នាយករដ្ឋមន្ត្រី​ថ្មី​ ទាំងការងារក្នុង​ប្រទេស ​និង​ការងារ​ក្រៅប្រទេស ព្រមទាំង​លើកឡើងថា​ ដោយធ្លាប់អនុវត្ត​ផ្ទាល់លើមុខដំណែង​ជានាយករដ្ឋមន្ត្រី​អស់រយៈពេលជាង​៣៨​ឆ្នាំ លោកអាច​និយាយបាន​ថា នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ធ្វើបានល្អ​ជាងការគិតទុក​របស់លោក​ទៅទៀត​។

លោក ​ហ៊ុន សែន ការពារខ្លួនថា​មិនមែននិយាយ​លើកសរសើរ​កូនខ្លួនឯងនោះទេ ​មុននេះ​លោកគិតថា​ត្រូវប្រើពេលប្រមាណ​៣ខែ ទើបនាយករដ្ឋមន្ត្រី​ថ្មីអាចគ្រប់គ្រង​លើការងារបាន​ទាំងស្រុង​។ ក៏ប៉ុន្តែ​អតីតប្រមុខ​រដ្ឋាភិបាល​កម្ពុជា បន្តថា​ផ្ទុយពីការគិត​របស់លោក ​នាយករដ្ឋមន្ត្រី​ថ្មីរូបនេះចេញដំណើរ​ ដោយការ​ជឿជាក់គ្រប់គ្រង​បានសភាពការណ៍​លើគ្រប់ផ្នែក ​ទាំងតូចទាំងធំ​ក្នុងប្រទេស ​និងឈានទៅសម្រេចបាន​នូវកិច្ចការបរទេស ​តាមរយៈវេទិកាអាស៊ាន ​និងដៃគូ និងដំណើរ​ទស្សនកិច្ចផ្លូវការ​លើកដំបូង ​ទៅកាន់ប្រទេស​ចិន និង​ត្រៀមខ្លួន​ចេញដំណើរ​ទៅចូលរួមមហា​សន្និបាតអង្គការ​សហប្រជាជាតិ​នា​សប្តាហ៍ក្រោយ​។

លោក​បណ្ឌិត មាស នី ​អ្នកសិក្សាការ​អភិវឌ្ឍន៍​សង្គមយល់ថា​អាចជាការ​វាយតម្លៃ​ពីជ្រុងណាមួយ​របស់លោក ហ៊ុន​ សែន ​ខណៈដែលលោក ​ហ៊ុន ម៉ាណែត ​បានចេញទៅក្រៅ​ប្រទេសដូចជា​ចូលរួមកិច្ច​ប្រជុំកំពូល​អាស៊ានថ្មី​ៗ​នេះ នៅ​ឥណ្ឌូនេស៊ី ​និង​ការបំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិនជាដើម​។ ក៏ប៉ុន្តែ​សម្រាប់ការគ្រប់គ្រង​ប្រទេសទាំង​មូលលោក​ មាស នី ​ថាហាក់ដូចជា​ឆាប់ពេល​ក្នុងការ​វាយតម្លៃ។​ ទោះយ៉ាងណាលោក​បណ្ឌិត ​មាស នី គិតថា​ការគ្រប់គ្រង​ប្រទេសទូទៅ​ក៏មិនមាន​បញ្ហាអ្វីកើតឡើង​ជាធំដុំ ​និង​ចម្លែកដែរ ​ដោយសារ​អ្នកដឹកនាំរដ្ឋាភិបាល​ថ្មី​សុទ្ធសឹងមាន​ឪពុក ម្តាយ ​ពួកគេ​នៅចាំជួយ​ពីក្រោយរៀង​ៗខ្លួន​។

ទោះយ៉ាងណា​ លោក ហ៊ុន​ សែន ​ក៏បានលេងពាក្យ​ចុងបញ្ចប់នៃ​សំណេររបស់​លោកថា«​កូននាគរាជច្បាស់ជាមិនក្លាយ​ទៅកូនកង្កែប​នោះឡើយ​»។

សូមរំលឹកថា​លោក ហ៊ុន​ ម៉ាណែត ​ត្រូវបានជ្រើសតាំង​ជានាយករដ្ឋមន្ត្រី​សម្រាប់នីតិកាល​ទី៧ ​នៃ​រដ្ឋសភា កាលពីថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣នេះ ​ក្រោយគណបក្ស​ប្រជាជនបានឈ្នះឆ្នោត​១២០​អាសនៈ ​លើ១២៥​អាសនៈនៃ​រដ្ឋសភា​។

សមាសភាព​រដ្ឋាភិបាលថ្មី​ស្ទើរតែទាំងអស់​ជាកូន ចៅ ​មេដឹកនាំ​គណបក្សប្រជាជន ​ដែលមាន​ឪពុកម្តាយរបស់ពួកគេ​ជា​ជន្ទល់នៅ​ពីក្រោយ​។ ក្រៅពីនេះ​រដ្ឋាភិបាលក៏បាន​ទាញយកមនុស្ស​ពីខាងក្រៅ​ដ៏ច្រើនសន្ធឹកសន្ធាប់​ឲ្យចូលរួម​ធ្វើជាជន្ទល់​ហែរហម ​ផ្តល់យោបល់ ​និង​ជួយការងារ ​ជាហេតុធ្វើឲ្យមាន​ការរិះគន់ថា​រដ្ឋាភិបាលក្បាលធំ​ជាងខ្លួន ​ខណៈមតិខ្លះទៀត​យល់ថា​រដ្ឋាភិបាលថ្មី​មានមូលដ្ឋាន ​និង​ធនធានមនុស្ស​គ្រប់គ្រាន់ និង​ចេញដំណើរ​យ៉ាងស្វាហាប់​ បើដឹកនាំ​មិនមានលទ្ធផល​ល្អ ​នោះគឺជា​កំហុសដ៏ធ្ងន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ