អានតួអត្ថបទ
កម្ពុជា-ចិន

ចិនថា ខ្លួននឹងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចកា​រផ្ទៃក្នុងរបស់កម្ពុជាពីបរទេស

ចិនបង្ហាញជំហរគាំទ្រកម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីខាងក្រៅ រួមនឹងការធ្វើបដិវត្តពណ៌ពីសំណាក់ក្រុមប្រឆាំងជាដើម។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា និងចិន ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីកម្ពុជា គឺលោកហ៊ុន ម៉ាណែតបានបិទបញ្ចប់ដំណើរការទស្សនកិច្ចជាផ្លូវការនៅឯប្រទេសចិន។ 

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាឈរចាំដៃលោក លី ជាំង នាយករដ្ឋមន្ត្រីចិន
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាឈរចាំដៃលោក លី ជាំង នាយករដ្ឋមន្ត្រីចិន © internet
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក លី ជាំងនាយករដ្ឋមន្ត្រីចិននាពេលកន្លងទៅ ភាគីចិនបានបញ្ជាក់ថា ខ្លួននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍ជាតិ ដោយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌។

ក្នុងសេចក្តីប្រកាសរួម ចិនក៏នឹងគាំទ្រកម្ពុជាប្រឆាំងចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ការអនុវត្តស្តង់ដារពីរ ការជ្រៀតជ្រែកលើកិច្ចផ្ទៃក្នុងក្រោមហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ហើយក៏ប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាព នយោបាយអំណាច ឯកតោភាគីនិយមក្នុងរូបភាពណាមួយ និងប្លុកផ្តាច់មុខដែលផ្តោតលើប្រទេសជាក់លាក់។

ជំហរប្រឆាំងដាច់ខាតរបស់ចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជានៅរក្សាគោលនយោបាយចិនតែមួយដែលរដ្ឋាភិបាលចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល រួមនឹងតៃវ៉ាន់ផង ខណៈកម្ពុជាខ្លួនឯងក៏អះអាងពីការប្រឆាំងដាច់ខាតចំពោះសកម្មភាពប៉ុនប៉ងនានាដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ឬរាំងខ្ទប់ចិនមិនឱ្យមានលទ្ធភាពទាមទារកោះតៃវ៉ាន់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនវិញបាន។

បើតាមសេចក្តីប្រកាសរួមខាងលើ កម្ពុជាក៏បានប្រកាសថា ខ្លួននឹងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយកោះតៃវ៉ាន់ឡើយ បើទោះស្ថិតក្នុងទម្រង់ និងលក្ខខណ្ឌណាក៏ដោ​យ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយចាត់ទុកថា នេះជាវិធីសាស្ត្រលើកតម្កើងមេដឹកនាំថ្មី ដោយមិនគិតពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ហើយលោកសាស្ត្រចារ្យ ឯម សុវណ្ណារ៉ាយល់ថា ការប្រឆាំងរបស់ចិនចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺគ្មានផលវិជ្ជមានអ្វីឡើយ​ចំពោះប្រព័ន្ធប្រជាធិបតេយ្យ ប៉ុន្តែធ្វើឱ្យមានទំនាស់ផលប្រយោជន៍ជាមួយប្រទេសលោកសេរីទៅវិញ។ 

តែយ៉ាងណា លោកសាស្ត្រាចារ្យបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជានេះគឺរឿងល្អ ប៉ុន្តែលោកចង់ឃើញកម្ពុជាឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងទៅលើប្រទេសមហាអំណាចណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ