អានតួអត្ថបទ
សមរង្សុី

លោក សម រង្ស៊ី សង្ស័យ លោក ហ៊ុន ម៉ាណែត ជួលគេសរសេរនិក្ខេបបទថ្នាក់បណ្ឌិត

លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃ​ទី​១៨​កញ្ញា ​បាន​ដាក់​ការ​មន្ទិល​សង្ស័យ​ អំពី​សញ្ញា​បត្រ ​«បណ្ឌិត» ដែល​លោក​ ហ៊ុន ​ម៉ាណែត​ បាន​ទទួល​ កាល​ពី​ឆ្នាំ​ ២០០៩ ​ពី​សាកល​វិទ្យា​ល័យ​មួយ​នៅ​ប្រទេស​អង់គ្លេស​។​ លោក ​សម ​រង្ស៊ី ​ចោទ​ថា ​ប្រហែល​ជា ​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ជួល​ជន​បរទេស​ ឲ្យ​សរ​សេរ​និក្ខេប​បទ​ (thesis)​ មួយ​ដែល​គ្មាន​ពាក់​ព័ន្ធ​អ្វី​ នឹង​ប្រទេស​កម្ពុជា​។ ការ​បន្ត​រិះ​គន់​សញ្ញា​បត្រ​របស់​លោក​ ហ៊ុន ​ម៉ាណែត​ ពីសំ​ណាក់​មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ​ គឺ​យោង​លើ​អត្ថ​បទ​សារ​ព័ត៌​មាន​មួយ​របស់​ជន​ជាតិ​អង់គ្លេស ចុះ​ថ្ងៃ​ទី​១១​កញ្ញា​២០២៣​ ។

លោក ហ៊ុន ម៉ាណែត ពេលទទួលសញ្ញាបត្រនៅBristol
លោក ហ៊ុន ម៉ាណែត ពេលទទួលសញ្ញាបត្រនៅBristol © Facebook
ផ្សាយពាណិជ្ជកម្ម

ក្នុង​អត្ថ​បទ​ដ៍​វែង​របស់​The​ Diphomat​ ​ បាន​អះ​អាង​ថា​ និក្ខេប​បទ​ថ្នាក់​បណ្ឌិតរបស់​ លោក​ ហ៊ុន​ ម៉ាណែត​ ដែល​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កាលពី​ខែ​មុន​ គឺ​ពិបាក​ទទួល​បាន​ជាង​អ្វី​ដែល​បាន​គិត​ទៅ​ទៀត​។  លោក​ ហ៊ុន ​ម៉ាណែត ​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ពី​សាកល​វិទ្យា​ល័យ ​Bristol​ នៃ​ចក្រ​ភព​អង់​គ្លេស​ក្នុង​ឆ្នាំ ២០០៩​។​

 

អ្នក​គ្រប់​គ្រង​និក្ខេប​បទ ​Jonathan ​Temple​ ដែល​បាន​ចាក​ចេញ​ពី​សាកល​វិទ្យា​ល័យ​តាំង​ពី​ពេល​នោះ​មក​ បាន​ប្រាប់​អ្នក​សរ​សេរ​អត្ថ​បទ​របស់ ​The​ Diphomat ​ថា ​ប្រធាន​បទ​នៃ​និក្ខេប​បទ​របស់​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​ការ​សិក្សា​ផ្នែក​សេដ្ឋ​កិច្ច​នៃ​ការ​បែង​ចែក​ទំហំ​ក្រុម​ហ៊ុន​ ដែល​វាស់​ពី​សារៈ​សំខាន់​ទាក់​ទង​នឹង​ក្រុម​ហ៊ុនខ្នាត​តូច ​និង​មធ្យម​នៅ​ទូទាំង​ប្រទេស​ផ្សេងៗ​គ្នា​ ពោល ​មិន​មែន​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​ឡើយ​។

បើ​តាម​សារ​ព័ត៌​មាន​ដដែល​នេះ ​ខាង​បណ្ណាល័យ​ របស់​សាកល​វិទ្យា​ល័យ​Bristol ​មិន​អនុញ្ញាត​ឱ្យ​យក​និក្ខេប​បទ​នេះ​ទៅ​ពិភាក្សា​ជា​សាធារណៈ​ទេ ​ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​ថត​ចម្លង​ទាំង​ស្រុង​ដែល​មាន​២៣២ទំព័រ​នោះ​ឡើយ​។

ប៉ុន្តែ​ទស្សនា​វដ្តី​នយោបាយ​នេះ​ បាន​ចោទ​សួរ​ថា ​ហេតុអ្វី​បាន​ជា​បណ្ឌិត​សេដ្ឋកិច្ច ​ដែល​តាំង​ពី​បាន​ក្លាយ​ជានាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​មក​ មិន​ចង់​ធ្វើ​ឱ្យ​គេ​បើក​ចំហ​ពី​ការ​សិក្សា​របស់​គាត់​។

អ្នក​នាំ​ពាក្យ​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ គឺ​លោក ​មាស ​សោភ័ណ្ឌ ​ចាត់ទុកការលើកឡើងរបស់លោក សម  រង្ស៊ី   គឺជាការ ចោទប្រកាន់ គ្មានមូលដ្ឋាន  និង មិនសមហេតុផល ដូចការចោទប្រកាន់​រឿងចូលរៀន​នៅសាលាWest Point កាលពីពេលមុនដែរ។

បើតាមអ្នកនាំពាក្យដដែល មុននឹងសាកលវិទ្យាល័យBristol ផ្តល់សញ្ញាបត្រ បញ្ចប់ ការសិក្សា ថ្នាក់ បណ្ឌិត គឺត្រូវ ធ្វើ ការ ស្រាវជ្រាវ ៣-៤ឆ្នាំ  នៃការ សិក្សា ពេញម៉ោង។ ការសរសេរ និក្ខេបទ  ដែលបញ្ចូលលទ្ធផល នៃការ ស្រាវជ្រាវ និង ត្រូវ ការពារ និក្ខេបទ បទផ្ទាល់ ជាដើម។

យ៉ាង​ណាក៏​ដោយ ​លោក ​Davit​ Whitehouse​ ជា​អ្នក​និពន្ធ​អត្ថបទ​នេះ​ អះ​អាង​ថា ​លោក​បាន​ស្នើ​ទៅសាកល​វិទ្យា​ល័យ ​Bristol ​ក្រោម​ច្បាប់​សេរីភាព​ព័ត៌មាន​របស់​អង់គ្លេស ​ដើម្បីសុំ​យក​និក្ខេបបទ​នេះ​មកចេញ​ផ្សាយ​ និង​សុំ​ការ​អនុញ្ញាត​សម្រាប់​ការ​ថត​ចម្លង​ដែល​ត្រូវ​ធ្វើ ​មិនថានៅ​ក្នុង ​Bristol ឬ​នៅ​បណ្ណា​ល័យអង់​គ្លេស​។ ​ហើយ​ថា​ បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​លាក់​បាំង​ព័ត៌មាន​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​រួច​ហើយ ​ទៅ​កាន់​ស្នង​ការ​ព័ត៌​មាន​របស់​រដ្ឋាភិបាល​អង់​គ្លេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ