អានតួអត្ថបទ

ក្រសួងមហាផ្ទៃថា ខ្លួនគ្មានដែនសមត្ថកិច្ចចេញឯកសារច្បាប់ដើមឬទុតិយតាជូនបក្សភ្លើងទៀនឡើយ

គណបក្សភ្លើងទៀន ហាក់ដើរដល់ផ្លូវទាល់ពាក់ព័ន្ធនឹងការស្វែងរកច្រកចេញលើករណីបាត់ឯកសារច្បាប់ដើមរបស់ខ្លួនដើម្បីអាចចូលរួមការបោះឆ្នោត ក្រោយក្រសួងមហាផ្ទៃ អះអាងថាខ្លួនគ្មានដែនសមត្ថកិច្ចក្នុងការចេញឯកសារច្បាប់ដើមឬទុតិយតាតាមការស្នើសុំរបស់បក្សមួយនេះឡើយ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រក្សាជំហរពីការអាចតែចេញលិខិតបញ្ជាក់ពីភាពស្របច្បាប់គណបក្ស​ ដែលយ៉ាងណាមិនគ្រប់គ្រាន់ឲ្យគ.ជ.បទទួលយកឡើយ៕

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ © FB/Bun Hun
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួបពិភាក្សាជាមួយបក្សភ្លើងទៀន នៅថ្ងៃទី២១កញ្ញាម្សិលមិញ ក្រសួងមហាផ្ទៃបានបដិសេធក្នុងការចេញលិខិតច្បាប់ដើមឬទុតិយតា ដែលជាសំណូមពររបស់បក្សមួយនេះ ក្រោមហេតុផលថា គ្មានបទប្បញ្ញត្តិនៃច្បាប់អនុញ្ញាត។ ជំនួបពិភាក្សានេះ គឺជាការស្នើសុំរបស់បក្សភ្លើងទៀន នៅក្នុងគោលបំណងសុំការសម្របសម្រួលពីក្រសួង លើបញ្ហាបាត់ឯកសារច្បាប់ដើមរបស់ខ្លួនដើម្បីអាចចូលរួមការបោះឆ្នោត។ សមាសភាពបក្សភ្លើងទៀនដែលចូលរួមក្នុងកិច្ចពិភាក្សានេះ មានចំនួន៥រូប រួមមាន លោក សុខ ហាច ប្រធានស្ដីទីបក្សភ្លើងទៀន លោកគង់ មុនីកា អគ្គលេខាធិការស្ដីទី លោកគីមសួរ ភិរិទ្ធិ លោកជូង ជូងី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងលោកជាស៊ីណា នាយករងខុទ្ទកាល័យប្រធានគណបក្ស។ ចំណែកភាគីក្រសួងមហាផ្ទៃ តំណាងដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមជាមួយថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត។

យោងតាមក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សានេះ សំណូមពរ៣ចំណុចរបស់តំណាងគណបក្សភ្លើងទៀន រួមមាន ទី១ ស្នើសុំចេញលិខិតបញ្ជាក់ម្ដងទៀត ដោយយោងប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយ។ ទី២ ស្នើសុំធ្វើទុតិយតាលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣មីនា ឆ្នាំ១៩៩៨របស់ក្រសួងមហាផ្ទៃ ឬចេញនូវប្រកាសចុះបញ្ជីជូនគណបក្សភ្លើងទៀនម្ដងទៀត។ ទី៣ ស្នើសុំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ណែនាំទៅរដ្ឋបាលរាជធានីខេត្តដើម្បីធ្វើនីត្យានុកូលកម្មលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣មីនា ឆ្នាំ១៩៩៨របស់ក្រសួងមហាផ្ទៃច្បាប់ចម្លងជូនគណបក្សភ្លើងទៀន។

ជាការឆ្លើយតប ក្រសួងមហាផ្ទៃ ថាក្រសួងមិនអាចធ្វើតាមសំណូមពរទី២និងទី៣របស់បក្សភ្លើងទៀនបានឡើយ ព្រោះគ្មានបទប្បញ្ញត្តិនៃច្បាប់អនុញ្ញាត។ ចំណែក​ សម្រាប់សំណូមពរទី១វិញ ក្រសួងអាចចេញលិខិតដូចកាលធ្លាប់ចេញជូនកាលពីខែឧសភាតែប៉ុណ្ណោះ ពោលជាលិខិតបញ្ជាក់ពីភាពស្របច្បាប់នៃគណបក្សភ្លើងទៀន ដែលមិនគ្រប់គ្រាន់ឲ្យគជប អនុញ្ញាតឲ្យចូលរួមការបោះឆ្នោតនោះឡើយ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ គូសបញ្ជាក់ដែរថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គ.ជ.ប ដែលក្រសួងមិនអាចជ្រៀតជ្រែកកិច្ចការរបស់គ.ជ.បនោះ។

គួររំឮកថា គណបក្សភ្លើងទៀន បានបាត់បង់ឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧កន្លងទៅនេះ ដោយសារតែបក្សបានបាត់ច្បាប់ដើមនៃការចុះបញ្ជីគណបក្ស។ បើតាមគណបក្សភ្លើងទៀន លិខិតនោះបានបាត់នាអំឡុងពេលដែលទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរចូលបង្ក្រាបកាលពីឆ្នាំ២០១៧។ ក្រោយមក គណបក្សភ្លើងទៀន អះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយជាមួយក្រសួងមហាផ្ទៃ រួមទាំងសុំជួបខាងតំណាងក្រសួងមហាផ្ទៃ ជាញឹកញយ តាំងពីដើមខែមេសាពោលមុនការចុះបញ្ជីគណបក្សនយោបាយសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រមកម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ