អានតួអត្ថបទ

ដំណោះស្រាយ​៖​ បក្ស​ភ្លើងទៀន​នឹង​សរសេរ​លិខិត​សុំ​លោក ​ហ៊ុន ម៉ាណែត ​និង​ចងសម្ព័ន្ធ​ជាមួយ​បក្ស​ដទៃ

ដើម្បី​រក​ច្រកចេញ​គណបក្ស​ភ្លើងទៀន ​នឹង​សរសេរ​លិខិត​ទៅកាន់​លោក​ ហ៊ុន ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​ទាក់ទង​ទៅនឹង​ឯកសារ​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ​និង​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ផ្សេងទៀត ​ដែលមាន​ទស្សនៈ ​និង​ជំហរ​នយោបាយ​ដូចគ្នា​ទៅ​អនាគត​។ ​ការសម្រេច​ដូច្នេះ​បានធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើងទៀន​បាន​បើក​កិច្ចប្រជុំ​មួយ​នៅថ្ងៃ​ចន្ទ​នេះ ​នៅ​ទីស្នាក់ការ​ធំ​គណបក្ស​នា​ទីក្រុង​ភ្នំពេញ ​ក្រោយ​បរាជ័យ​ជំនួប​ជាមួយ​ក្រសួង​មហាផ្ទៃ​កាលពី​សប្តាហ៍​មុន​។

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

ក្រោយកិច្ចពិភាក្សា​ពេញមួយព្រឹក​ស្តីពី«លទ្ធផល​នៃកិច្ចប្រជុំរវាង​តំណាងជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​និងតំណាងគណបក្ស​ភ្លើងទៀន ស្តីពីការ​រកដំណោះស្រាយ​ពាក់ព័ន្ធនឹងឯកសារ​លិខិតបញ្ជាក់​ការចុះបញ្ជីគណបក្ស​នយោបាយនៅ​ក្រសួងមហាផ្ទៃ ​គណៈកម្មការនាយក​គណបក្សបាន​សម្រេចពីរ​ចំណុច​។

ចំណុចទី​១ គឺសរសេរ​លិខិតស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ដើម្បីជួយធ្វើ​អន្តរាគមន៍ទៅ​ក្រសួងមហាផ្ទៃ ​ដែលជាស្ថាប័ន​មានសមត្ថកិច្ច​ក្នុងការចេញប្រកាស​ស្តីពី​ការចុះឈ្មោះ​ក្នុងបញ្ជីគណបក្សនយោបាយ ​ឲ្យជួយផ្តល់ដំណោះស្រាយ​ពាក់ព័ន្ធឯកសារ ​«លិខិតបញ្ជាក់ការ​ចុះបញ្ជីគណបក្ស​នយោបាយនៅក្រសួង​មហាផ្ទៃ របស់​គណបក្សភ្លើងទៀន»​ សម្រាប់គណបក្សនេះ​យកទៅប្រើប្រាស់​ក្នុងការចុះបញ្ជីគណបក្ស​នយោបាយឈរឈ្មោះ​បោះឆ្នោតស្របតាម​ច្បាប់បោះឆ្នោត​។

រី​ឯចំណុចទី២​នៃការសម្រេចរបស់​គណៈកម្មការនាយក​វិញ គឺគណបក្ស​ភ្លើងទៀន នឹងប្រកាស​ចងសម្ព័ន្ធភាពឆ្ពោះទៅ​អនាគត ជាមួយ​គណបក្សមួយចំនួន​ដែលមានទស្សនៈ ​និង​គោលជំហរ​នយោបាយដូចគ្នា​។

ការសម្រេចដូច្នេះ​របស់គណបក្សភ្លើងទៀន​ ដែលជា​គណបក្សប្រឆាំង​ដ៏លេចធ្លោមួយ ​គឺធ្វើឡើង​បន្ទាប់ពីក្រសួង​មហាផ្ទៃកាលពីថ្ងៃ​ទី២១ ខែ​កញ្ញា កន្លងទៅ​បានទាត់ចោលសំណើរ​របស់គណបក្សភ្លើងទៀន​នូវចំណុចមួយចំនួន ​ដែលទាក់ទងទៅនឹង​ការស្នើសុំ​ចុះបញ្ជីគណបក្ស​នយោបាយ​ច្បាប់ដើម ឬ​លិខិត​ទុតិយតា​របស់គណបក្ស​ ដោយក្រសួងមហាផ្ទៃ​អះអាងថា ក្រសួង​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​របស់​ស្ថាប័នគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​បានឡើយ​។

សូមរំលឹកថា​គណបក្សភ្លើងទៀន ​ត្រូវបានផាត់ចោល​ពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៧ កាលពី​ថ្ងៃទី២៣ ខែកក្កដា​ កន្លងទៅ ​ក្រោមហេតុផល​ខ្វះឯកសារច្បាប់ដើម​ ដែលឯកសារនេះ​ត្រូវបានគណបក្ស​បញ្ជាក់ថា​បានបាត់បង់កាលពី​អំឡុងអាជ្ញាធរ​បិទទីស្នាក់ការធំ​របស់គណបក្ស​សង្គ្រោះជាតិ ​ខណៈដែលទីស្នាក់ការ​គណបក្សភ្លើងទៀន​ស្ថិតនៅក្នុងនោះ​ជាមួយគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ