អានតួអត្ថបទ

សភា​ពាណិជ្ជកម្ម​កម្ពុជា​ថា​ទស្សនកិច្ច​នៅ​អាមេរិក​មាន​លទ្ធផល​ល្អ​ប្រសើរ

សភា​ពាណិជ្ជកម្ម​កម្ពុជា​បានឲ្យដឹងថា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះ ទទួលបាន​លទ្ធផល​សំខាន់​ៗ​៣​ចំណុច ​នោះគឺ​គណៈប្រតិភូ​បាន​ជួប​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា ​វេទិកា​ធុរកិច្ច​កម្ពុជា-​អាមេរិក​ ដែលមាន​ក្រុមហ៊ុន​អាមេរិក​ៗ​ចូលរួម​ចំនួន​៧០ ​និង​ជំនួប​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ពាណិជ្ជករ​អាមេរិក ​កាណាដា ​ដើមកំណើត​ខ្មែរ​។ ​របៀបវារៈ​ទាំង​៣​ចំនុច​នេះ ​បានធ្វើឡើង​អំឡុងពេល​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ទៅកាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី​៧៨ ​នៅ​បុរី​ញូវយ៉ក​កាលពី​សប្តាហ៍​មុន​។

សភាពាណិជ្ជកម្មកម្ពុជាជួបក្រុមហ៊ុនអាមេរិក
សភាពាណិជ្ជកម្មកម្ពុជាជួបក្រុមហ៊ុនអាមេរិក © CCC
ផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា​ លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា ​បានថ្លែងថាសភាពាណិជ្ជកម្មកម្ពុជា​ទទួលបានលទ្ធផលល្អ​ពីដំណើរទស្សនកិច្ច​របស់ខ្លួនអមនាយករដ្ឋមន្ត្រី​កម្ពុជាអំឡុងពេលមហា​សន្និបាតអង្គការសហប្រជាជាតិ​លើកទី៧៨ ​នៅទីក្រុងញូវយ៉ក ​សហរដ្ឋអាមេរិក​។

ចំណុចទាំង​៣នោះ ត្រូបានអនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា​បញ្ជាក់ថាជាការទៅដល់​ទីតាំងក្រុមហ៊ុនដែល​ទិញទំនិញពីកម្ពុជា ​ដើម្បីជជែកពីកិច្ច​សហប្រតិបត្តិការនាំចេញ​ទំនិញពី​កម្ពុជាទៅ​ផ្គត់ផ្គង់​ទីផ្សារអាមេរិក​។ ចំណុចទីពីរ ​គឺវេទិកាធុរកិច្ច​កម្ពុជា-អាមេរិក​ ដែលមានការ​ចូលរួមពីក្រុមហ៊ុន​អាមេរិកប្រមាណ​៧០ ក្នុងនោះក៏មាន​ក្រុមហ៊ុនផលិត​យន្តហោះយក្ស​ប៊ូអ៊ីងផងដែរ​។

ជាវេទិកាផ្តល់ឲ្យ​ប្រមុខរដ្ឋាភិបាល​កម្ពុជាថ្លែងទាក់ទាញ​អ្នកវិនិយោគអាមេរិក​ដោយសំអាង​ទៅលើហេតុផល​មួយចំនួនដូចជា​កម្ពុជាមានភាព​អនុគ្រោះពន្ធ មានកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយចិន ​កិច្ចព្រមព្រៀង​ RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន​-ចិន ជាដើម ខណៈអាមេរិក ​និងចិន ​កំពុងតម្លើងពន្ធដាក់គ្នា​។ នេះបើតាមអ្នក​ឧកញ៉ា លឹម ហេង។​ ជាមួយគ្នានេះ ​ជំនួបជាមួយពាណិជ្ជករ​ខ្មែរ នៅអាមេរិក ​និងកាណាដា ​ក៏ត្រូវបានលើកឡើង​ពីសភាពាណិជ្ជកម្ម​កម្ពុជាថាមាន​សារៈសំខាន់ដែរ​។

តាមរបាយការណ៍​របស់អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា គិតត្រឹមរយៈពេល​៨ខែ ​ឆ្នាំ​២០២៣​នេះ ទំហំពាណិជ្ជកម្ម​កម្ពុជា-អាមេរិក ​សម្រេចបានជាង ​៦ ២០០ លានដុល្លារ ​គឺថយចុះ៥,៦% ​ធៀបទៅនឹងរយៈពេល​ដូចគ្នានៅឆ្នាំ២០២២​ ដែលមានជាង ៦ ៦០០​ លានដុល្លារ។ តាមរយៈ​ទិន្នន័យនេះ កម្ពុជា​បាននាំចេញទៅ​អាមេរិកក្នុងទំហំទឹកប្រាក់​ជាង ៦ពាន់លានដុល្លារ ​ខណៈការនាំចូល​ពីអាមេរិកវិញ​ប្រមាណជាង ១៦០​លានដុល្លារ​។

ទំនិញសំខាន់ៗ​ដែលកម្ពុជានាំចេញ​ទៅអាមេរិក រួមមាន​សម្លៀកបំពាក់ សម្ភារៈ​សម្រាប់ការធ្វើដំណើរ​ កង់ និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត។​ ចំណែកកម្ពុជា ​នាំចូលពីអាមេរិក​វិញ មានដូចជា​រថយន្ត គ្រឿងយន្ត ​គ្រឿងអលង្ការ ​គ្រឿងសំអាង ​សម្ភារៈ​អគ្គិសនី​ គ្រឿងអេឡិចត្រូនិក​ជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ