អានតួអត្ថបទ

គ.ជ.ប ត្រៀមខ្លួនរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈឆ្នាំក្រោយ

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ​នីតិ​កាល​ទី​៥ ​ឆ្នាំ​២០២៤​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​។​ នេះ​បើ​តាម​ការ​ប្រកាសរបស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​កាល​ពី​ម្សិល​មិញ​។

សមាជិកព្រឹទ្ធសភា នីតិកាលទី៤
សមាជិកព្រឹទ្ធសភា នីតិកាលទី៤ © ព្រឹទ្ធសភា
ផ្សាយពាណិជ្ជកម្ម

លោក ​នុត ​សុខុម​ អនុ​ប្រធាន​ គ.ជ.ប​ បាន​ថ្លែង​ថា​ គ.ជ.ប​ បាន​ត្រៀម​ខ្លួន​ជាស្រេច​អនុវត្តន៍​ផែន​ការ​មេ ​ប្រតិ​ទិន​ការ​ងារ​ បាន​កែ​សម្រួល ​បទបញ្ជា ​និង​នីតិ​វិធី​ រួម​ទាំង​ឯកសារ​គតិ​យុត្ត​ផ្សេងៗ​ និង​បាន​ត្រៀម​សម្ភារ​ បរិក្ខារ​ ដើម្បី ​ធានាឱ្យការ​រៀប​ចំចាត់​ចែង​ការងារ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌ជាតិ អន្តរជាតិ ចាប់ផ្តើម ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

ចំណែកការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត គឺគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយមានបំណងដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតមើលការចុះឈ្មោះបោះឆ្នោត ត្រូវបំពេញពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃដោយ គ.ជ.ប។ កាលបរិច្ឆេទនៃការដាក់ពាក្យសុំ គឺចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣រហូតដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០២៤។

 

 

សូមបញ្ជាក់ថា ចំនួនអាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះគឺបែងចែកជា ៨  ភូមិភាគ មាន ៥៨អាសនៈ ប៉ុន្តែអាសនៈសរុប​នៃព្រឹទ្ធសភាទាំងអស់គឺមាន៦២រូប ដោយ០២រូបចាត់តាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា។

កាលពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ ខណៈគណបក្សប្រឆាំងត្រូវបានរំលាយ។ ចំណែក​ការ​បោះឆ្នោត​ព្រឹទ្ធសភានៅពេលខាងមុខនេះ ដែលជាការបោះឆ្នោត​អសកលនោះ គេនៅមិនទាន់ដឹងថា តើមាន​វត្តមានគណបក្សភ្លើងទៀន​អាចត្រូវបានអនុញ្ញាតឲ្យចូលរួមដែរឬយ៉ាងណានៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ