អានតួអត្ថបទ

លោក ស សុខាបញ្ជាឲ្យបញ្ឈប់ការយកកម្រៃក្រៅផ្លូវការពីអ្នកឆ្លងដែន

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ទី​៣​តុលា​ម្សិល​មិញ ​បាន​ចេញ​លិខិត​បញ្ជា​ទៅ​កាន់​អភិ​បាល​ខេត្ត​តាម​ព្រំ​ដែន​ឲ្យ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំង​អស់​ ដើម្បី​ធានា​សន្តិសុខ​ និងឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ចេញ​ឯកសារ​មិន​ប្រក្រ​តី និង​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ពី​ពលករ​ និង​ពលរដ្ឋ​ទូទៅ​ដែល​ឆ្លង​កាត់​ព្រំដែន ​ព្រោះនេះ​ផ្ទុយ​ពី​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​ជិត​ខាង​។​

ពលករខ្មែរ (រូបតំណាង)
ពលករខ្មែរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

បទ​បញ្ជា​របស់​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី​ ស​ សុខា​ គឺ​ធ្វើ​ឡើង​ដោយ​សារ​តែ​សង្កេត​ឃើញ​ថា ​នៅ​តាម​ព្រំដែន​ខេត្ត​មួយ​ចំនួន​មាន​ភាព​មិន​ប្រ​ក្រ​តី​កើត​ចេញ​ពី​ការ​ធ្វេស​ប្រហែស​ឲ្យ​មាន​ការ​លួច​លាក់​បើក​ច្រក​របៀង​ខុស​ច្បាប់​ និង​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ពី​ពលករ ​និង​ពលរដ្ឋ​ទូទៅ​នៅពេល​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​ព្រំដែន​។

នៅក្នុង​បទ​បញ្ជា​ដែល​មាន​៧​ចំណុច ​លោក​ ស​ សុខា ​បាន​គូស​បញ្ជាក់​ថា​ ក្នុង​ករណី​ចាំ​បាច់​ត្រូវ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​ ដើម្បី​ស្នើ​បើក​ច្រក​ផ្លូវ​ការ​ និង​ត្រូវចាត់​វិធាន​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ អ្នក​ដំណើរ ​ទំនិញ ​និង​មធ្យោបាយ​ឆ្លង​កាត់​សំដៅ​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​។

​លោក ​ស ​សុខា ​ជំរុញ​ឲ្យ​មន្ត្រី​ផ្តល់​សេវា​ដល់​ពលរដ្ឋ​ដោយ​គ្មានការ​រើសអើង និង​ចាត់​វិធានការ​បង្ក្រាប​មេខ្យល់ និង​អ្នកសមគំនិត​ដែលនាំពលករឆ្លង​ដែន​ខុសច្បាប់។

បើតាម​ក្រសួង​មហាផ្ទៃ បន្ថែម​ពីលើបទបញ្ជានេះ ក្រសួង​នឹង​ចាត់​ក្រុម​ជំនាញ​ចុះទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ដល់​មូលដ្ឋានខេត្ត​ដែលពាក់ព័ន្ធ ហើយ​បើរក​ឃើញថា មានភាព​មិន​ប្រក្រតីកើតឡើង នោះ​នឹងមានវិធានការ​តាម​ផ្លូវ​ច្បាប់។

សូមបញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣ ខែកញ្ញា បានបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

គណៈកម្មការចំពោះកិច្ចនេះ មានលោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។

គណៈកម្មការនេះ ត្រូវត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដោយជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរ និងដោះស្រាយបណ្ដឹងតវ៉ានានា។​ លើសពីនេះ ក៏ត្រូវស្រាវជ្រាវលើភាពមិនប្រក្រតី ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន។ រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់ចំពោះភាពមិនប្រក្រតី និងសិក្សាអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការ និងដាក់ចេញវិធានការ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅផ្លូវការពីអ្នកធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ