អានតួអត្ថបទ

បក្ស​ភ្លើងទៀន​ត្រៀម​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត ​ដើម្បី​ចូលរួម​បោះឆ្នោត​២០២៧​-​២០២៨

គណបក្ស​ចំនួន​៤​ គឺ​គណបក្ស​ភ្លើងទៀន ​គណបក្ស​ឆន្ទៈខ្មែរ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​និង​គណបក្ស​កែទម្រង់​កម្ពុជា​បាន​ប្រកាសពី​ការ​បង្កើត​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត ​ដែល​ការប្រកាសនេះ​នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃ​ពុធ​ស្អែក​។ ​ជាការ​កត់សម្គាល់​សម្ព័ន្ធភាព​របស់​គណបក្ស​ទាំង​៤ ​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​ការ​ចេញ​លិខិត​បញ្ជាក់​ស្តីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឲ្យ​គណបក្ស​ភ្លើងទៀន ​កាលពី​ចុងខែ​កញ្ញា​កន្លងទៅ​។

គណបក្ស៤ចងសម្ព័ន្ធភាពទៅអនាគត
គណបក្ស៤ចងសម្ព័ន្ធភាពទៅអនាគត © សហការី
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ក្រៅរដ្ឋាភិបាល​ទាំង៤ គឺ​គណបក្សភ្លើងទៀន ​គណបក្សឆន្ទៈខ្មែរ ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ​និង​គណបក្សកែទម្រង់​កម្ពុជា បានប្តេជ្ញាបង្កើត«​សម្ព័ន្ធភាពឆ្ពោះទៅ​អនាគត»​ បើមើលមួយភ្លែត ​រូបភាពដូចនេះ​មិនមែនជា​រឿងថ្មី​នោះទេ ​គឺការ​ចងសម្ព័ន្ធភាព​គណបក្សទាំង​៤ ​ក៏ត្រូវបាន​បង្ហាញ​កាលពីមុនការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៧​ផងដែរ។ ​ក៏ប៉ុន្តែខ្លឹមសារ​នៃ​សម្ព័ន្ធភាព​ក្រោយការបោះឆ្នោត​នៅពេលនេះ ​មានលក្ខណៈ​ខុសគ្នា​។

លោក ​គង់ មុនីកា ​អគ្គលេខាធិការ​ស្តីទី​គណបក្សភ្លើងទៀន ​និង​ជាស្ថាបនិកគណបក្សឆន្ទៈខ្មែរ ​បានពន្យល់ថា​សម្ព័ន្ធភាពរវាងគណបក្ស​ទាំង៤​កន្លងទៅ​គឺជាការរួមគ្នា​តស៊ូមតិ​លើបញ្ហាសំខាន់ៗ​មួយចំនួន​ដូចជា​ការទាមទារឲ្យមាន​កំណែទម្រង់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គ.ជ.ប)​ជាដើម​។ ​

ដោយឡែក ​សម្ព័ន្ធភាព​ឆ្ពោះទៅអនាគត​ ដែលនឹង​ចាប់ផ្តើម​ផ្លូវការ​នៅថ្ងៃពុធ គឺ​សំដៅទៅរក​ការរួមកម្លាំង​អ្នកប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០២៧​-២០២៨ ​ខាងមុខ​។ នេះបើតាម​លោក​ គង់ មុនីកា​។

ពាក់ព័ន្ធនឹង​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​នេះដែរ ​លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រនយោបាយ ​បានមើលឃើញថា​ការចងសម្ព័ន្ធភាព​នឹងគ្នា​រវាងគណបក្ស​ក្រៅរដ្ឋាភិបាលទាំង៤​ គឺ​ជាការល្អ ជាជាង​ការស្ថិតនៅ​បែកខ្ញែកគ្នា ​ក៏ប៉ុន្តែនៅតែ​មិនមែនជាគូប្រជែង​របស់​គណបក្សប្រជាជន​កម្ពុជា​ដដែល​។

តាមលោក​ ឯម សុវណ្ណារ៉ា ​គណបក្សសម្ព័ន្ធ​នៅតែមានឥទ្ធិពល​ប្រជែងនឹង​បក្សកាន់អំណាច​បាន ​ល្គឹកណាគណបក្សទាំង​៤​ច្របាច់​បញ្ជូលគ្នា​ជាគណបក្ស​តែមួយទៅ​អនាគត ហើយ​កៀងគរ​កម្លាំង​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេងៗទៀត​ឲ្យចូលគ្នា​កាន់តែច្រើន​សម្រាប់ការ​បោះឆ្នោតឆ្នាំ​២០២៧-​២០២៨ នោះទើប​អាចទាញ​ការចាប់អារម្មណ៍ ​និង​ការគាំទ្រ​ពីប្រជាពលរដ្ឋ​បាន​។

សូមរំលឹកថា​ក្រោយពីក្រសួងមហាផ្ទៃ​ច្រានចោល​សំណើរសុំធ្វើ​លិខិតបញ្ជាក់​ការចុះបញ្ជី​គណបក្សនយោបាយ​ឲ្យគណបក្ស​ភ្លើងទៀន ​គណៈកម្មាធិការនាយក​គណបក្សប្រឆាំង​មួយនេះ បាន​សម្រេច​កាលពីថ្ងៃទី​២៥​ ខែកញ្ញា​កន្លងទៅ​ចំនួន​២ចំណុច គឺ​ការសរសេរលិខិត​សុំអន្តរាគមន៍ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ធ្វើយ៉ាងណា​ឲ្យមាន​លិខិតចុះបញ្ជី​គណបក្ស​នយោបាយ ​ដើម្បីចូលរួម​ការបោះឆ្នោត​នាពេលខាងមុខ ​និងការ​ប្រកាសចង​សម្ព័ន្ធភាពឆ្ពោះទៅ​អនាគតជាមួយ​គណបក្ស​មួយចំនួន ​ដែលមាន​ទស្សនៈ ​និងគោលជំហរ​នយោបាយ​ដូចគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ