អានតួអត្ថបទ

ប្រធាន​ស្តីទី​បក្ស​ភ្លើងទៀន​យល់ថា​ការ​ដើរ​បែកគ្នា​កន្លងមក​ជា​បរាជ័យ ​និង​ជា​បទពិសោធន៍

គណបក្ស​ក្រៅរដ្ឋាភិបាល​ចំនួន​៤ ​គឺ​គណបក្ស​ភ្លើងទៀន ​គណបក្ស​ឆន្ទៈខ្មែរ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​និង​គណបក្ស​កែទម្រង់​កម្ពុជា ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​នឹងគ្នា ​ដែល​មានឈ្មោះ​ថា​«សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​»។ ​ពិធី​ចងសម្ព័ន្ធ​នេះ ​បានធ្វើឡើង​នៅក្នុង​សណ្ឋាគារ​ប្រណីត​មួយក្នុង​ក្រុង​ភ្នំពេញ ​ដោយ​គណបក្ស​ទាំង៤​ យោងទៅលើ​មាត្រា​៣៧ ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

គណបក្សក្រៅរដ្ឋាភិបាល៤ចងសម្ព័ន្ធភាពគ្នា
គណបក្សក្រៅរដ្ឋាភិបាល៤ចងសម្ព័ន្ធភាពគ្នា © FB
ផ្សាយពាណិជ្ជកម្ម

លោក ​សុខ ហាច ​តំណាងឲ្យ​គណបក្ស​ភ្លើងទៀន​ លោក ​យ៉េង វីរៈ តំណាងឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក​ ផល ស៊ីថុន ​តំណាងឲ្យ​គណបក្ស​ឆន្ទៈខ្មែរ ​និង​លោក ​ប៉ុល ហំម ​តំណាងឲ្យ​គណបក្ស​កែទម្រង់​កម្ពុជា ​បាន​ចុះហត្ថលេខា​រួមគ្នានៅក្នុង​ឯកសារ​មួយ ដែលជា​សេចក្តី​ថ្លែងការណ៍​រួមស្តីពី«​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​»​។

តាមសេចក្តី​ប្រកាស​រួម​របស់​គណបក្ស​ទាំង៤ ​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត ​នឹងក្លាយជា​កម្លាំង​ចលករ​ថ្មីមួយ​សម្រាប់​ជាការ​ជំរុញ​ និង​លើកទឹកចិត្ត ​ព្រមទាំង​ជាជម្រើស​របស់ពលរដ្ឋខ្មែរ​ក្នុងការ​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ ​យុត្តិធម៌​សង្គម​ ការ​អភិវឌ្ឍន៍​ប្រកបដោយ​សមធម៌ និង​ចីរភាព ​ព្រមទាំង​ភាពសុខដុមរមនា​សម្រាប់ប្រជាជាតិ​ខ្មែរ​ទាំងមូល​នាពេល​អនាគត​។

លោក ​សុខ ហាច ​ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន​ បានថ្លែង​ឲ្យដឹងថា​ការធ្វើសម្ព័ន្ធភាព​របស់​គណបក្សទាំង​៤​នៅពេលនេះ ​គឺ​ជាក់ស្តែង​បន្ទាប់ពី​គណបក្ស​ទាំង៤​មិនទទួលបាន​សម្លេងអ្វីទាំង​អស់នៅក្នុង​រដ្ឋសភា ​បន្ទាប់ពី​ពួកគេ​បានសាកល្បង​កម្លាំង​ដោយឡែក​ៗ​ពីគ្នា ​តាមរយៈ​ការបោះឆ្នោត​កាលពី​ពេលថ្មី​ៗ​នេះ។លោក ​សុខ ហាច ​បានហៅ​លទ្ធផលនេះ​ជាបរាជ័យ ​និង​ជាបទពិសោធន៍មួយ​ដែលគណបក្សទាំង៤​ត្រូវលើកយក​មកធ្វើ​ជា​ឧទាហរណ៍​។

លោក ​យ៉េង វីរៈ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានចាត់ទុក​ការចង​សម្ព័ន្ធភាព​របស់​គណបក្សទាំង៤​នៅពេលនេះ ​គឺចំ​ពេលវេលាមួយ​ដែលមាន​សិរិសួស្តី ​បន្ទាប់ពីគោលបំណងនេះ ​មិនអាចធ្វើ​ទៅបាន​កាលពីមុនការ​បោះឆ្នោតតំណាងរាស្ត្រ​នីតិកាលទី​៧​។

លោក​ ប៉ុល ហំម ​ប្រធានគណបក្ស​កែទម្រង់កម្ពុជា​មានជំនឿថា​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​នឹង​មានភាពរឹងមាំ ​និង​មានការចូលរួម​ពីអ្នកប្រជាធិបតេយ្យ​កាន់តែច្រើន ​ខណៈដែល​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ត្រូវបានធ្វើ២ដង​រួចមកហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក នៅ​ទីក្រុង​បាងកក ​ប្រទេស​ថៃ ​និង​នៅទីក្រុង​ម៉ានីលប្រទេស​ហ្វីលីពីន​។

ជាមួយគ្នានេះ ​គណបក្ស​ទាំង៤ ក៏បាន​ប្តេជ្ញាចិត្តរៀងខ្លួន​ដែរ​ថា​សម្ព័ន្ធភាពនេះ ​នឹងមិនអាច​បែកបាក់គ្នា​ទេ ខណៈដែល​ការបែកបាក់​សម្ព័ន្ធភាព​កន្លងមក ​ត្រូវបាន​អ្នកនយោបាយ​បក្សក្រៅរដ្ឋាភិបាល​ទំលាក់កំហុស​ទៅលើ​កត្តាផ្សេងៗ​ទៀត ​ក្រៅពី​សម្ព័ន្ធភាព​។

ទោះយ៉ាងណា ​លោក ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រនយោបាយ​យល់ឃើញថា​ការច្របាច់​បញ្ចូលគ្នា​របស់គណបក្ស​នយោបាយក្រៅរដ្ឋាភិបាល​ទាំងនេះ ​គឺជា​រឿងល្អ​បន្ថែមពីលើ​បញ្ហាសម្ព័ន្ធភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ