អានតួអត្ថបទ

ខេត្ត​កែប​ប្រឈម​នឹង​ការ​បាត់​ទេសចរ​កាន់តែ​ច្រើន​ក្រោយ​បើក​ការដ្ឋាន​ផ្លូវ​ជាង​៣​ឆ្នាំ​?

ខេត្ត​កែប ​នឹង​រៀបចំ​បុណ្យ​សមុទ្រ​លើកទី​១០ ​នៅ​ចុងខែ​ធ្នូ ​ឆ្នាំ២០២៣​នេះ ​បន្ទាប់ពី​ពិធី​បុណ្យនេះ​ ត្រូវបាន​ប្រារព្ធធ្វើ​នៅខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​២០២២​។ ​ក៏ប៉ុន្តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​គឺ​ ការ​ធ្វើដំណើរ​របស់​ទេសចរ​ទៅកាន់​ខេត្ត​កែប ​ដើម្បី​កម្សាន្ត ​និង​ចូលរួម​បុណ្យ​សមុទ្រ ​អាចត្រូវបាន​រំខាន​ដោយ​ផ្លូវថ្នល់​ ដែល​កំពុងស្ថិតនៅ​ជាការដ្ឋាន​ដី​ក្រហម ​គ្រលុក ​និង​ភាព​ស្រកេកស្រកាក​នៅឡើយ​។

ផ្លូវទៅកាន់ខេត្តកែប
ផ្លូវទៅកាន់ខេត្តកែប © Sophal
ផ្សាយពាណិជ្ជកម្ម

ការធ្វើដំណើរ​តាមផ្លូវជាតិ​លេខ​៣១ ពីភ្នំពេញ​ទៅខេត្ត​កែប ​ក៏ដូចជា​ធ្វើដំណើរ​ពីខេត្តកែប​ទៅខេត្ត​កំពត តាមផ្លូវជាតិ​លេខ៣៣ ​មានសភាព​ពិបាកនៅ​អំឡុងពេល​នេះ ដោយសារតែ​ផ្លូវថ្នល់​មាន​គ្រលុកតូច​ធំ​ជាច្រើន ​និង​ហុយដី​ក្រហមខ្លាំង​។ ស្ថានភាព​បែបនេះ ​ជំរុញឲ្យ​អ្នកធ្វើដំណើរ​តាមរថយន្ត ​ត្រូវចំណាយពេល​វេលា​ច្រើនម៉ោង​ជាងសព្វមួយដង​ទំរាំដល់​គោលដៅ​។

តាមពិត​ផ្លូវជាតិ​លេខ​៣៣ ​និង​លេខ ៣១​នេះ កំពុងស្ថិត​ក្នុង​ដំណាក់កាល​សាងសង់ និង​ជួសជុលឡើងវិញ​រយៈពេល៤០​ខែ រហូតដល់​ឆ្នាំ​២០២៦ ដោយក្រុមហ៊ុន​សាជីវកម្មស្ពាន​ ថ្នល់ចិន​(CRBC)។ ​អំឡុងពេលនៃការដ្ឋាននេះ ​ទេសចរណ៍នៅតំបន់​មាត់សមុទ្រនៃ​ខេត្តកែប បាន​រងនូវផលប៉ះពាល់​បន្ថែមទៀត ​បន្ទាប់ពីខេត្ត​នេះ បានរងគ្រោះ​រួចមកហើយ​តាមរយៈវិបត្តិសេដ្ឋកិច្ច​សកល ​និង​ឥទ្ធិពលនៃ​ជំងឺកូវីដ​-១៩​។

អាជីវកម្ម ​និង​សេវាកម្មវិស័យ​ទេសចរណ៍​ខេត្តកែប ​កំពុងរង​នូវការ​ធ្លាក់ចុះ​ចំនួនភ្ញៀវទេសចរ​បន្ថែមទៀត​ បន្ទាប់ពី​ខេត្តនេះ ​ក៏ដូចជា​តំបន់ដទៃដែរ​ បានរងនូវ​ឥទ្ធិពលនៃ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក ​និង​វិបត្តិជំងឺ​កូវីដ-១៩​។ ដោយសារ​បញ្ហាហិរញ្ញវត្ថុ ​ប្រជាជនខ្មែរ​មួយភាគ ​ដែលជាជន្ទល់​ទេសចរណ៍​ក្នុងស្រុក​បានកាត់បន្ថយការដើរ​កំសាន្តរបស់​ពួកគេ ​ខណៈខេត្តកែប ​ដែលជាខេត្ត​ទេសចរណ៍​មាត់សមុទ្រ ​ក៏ត្រូវបាន​បាត់បង់ភ្ញៀវ​ជាច្រើនដែរ ​លើកលែងតែ​ថ្ងៃសៅរ៍ ​និង​ថ្ងៃអាទិត្យ​។

លោក ​ជា នឿន ​ម្ចាស់ទូកទេសចរណ៍​មួយរូប​នៅខេត្តកែប ​បានកត់សម្គាល់​ថា​មួយរយៈចុងក្រោយ​នេះ លោក ​និងភ្នាក់ងារ​សេវាកម្ម​ទេសចរណ៍ផ្សេងទៀត​បានប្រឈមនឹង​ការខ្សត់ភ្ញៀវ​ទៅកម្សាន្ត​ ដែល​បញ្ហានេះ ផ្លូវថ្នល់​គឺជាផ្នែកមួយ​សំខាន់ដែរ ​បន្ទាប់ពីហេតុផល​វិបត្តិសេដ្ឋកិច្ច ​និង​រដូវភ្លៀងធ្លាក់​។ អ្នកពាក់ព័ន្ធ​នានានៃវិស័យ​ទេសចរណ៍បាន​បង្ហាញពីការ​ព្រួយបារម្ភពីការ​បាត់បង់ទេសចរ ​ប្រសិនបើ​ផ្លូវថ្នល់នៅបន្ត​មានការលំបាក​ក្នុងការ​ធ្វើដំណើរ​។

លោក តុប សុភ័ក ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ​ក៏បង្ហាញ​ពីកង្វល់ដែរ​ពីប្រព័ន្ធគមនាគមន៍​ឆ្ពោះទៅកាន់​ខេត្ត​ទេសចរណ៍មាត់សមុទ្រ​មួយនេះ ​ខណៈដែល​របាយការណ៍​បង្ហាញថា​ទេសចរនៅខេត្ត​កែបនៅឆ្នាំនេះ ​មានការធ្លាក់ចុះ​ប្រមាណ​១០% ធៀបទៅនឹង​ឆ្នាំ​២០២២​។

នៅអំឡុង​ខែធ្នូ ​ចុងឆ្នាំ​២០២៣នេះ ​ខេត្តកែប​ត្រូវធ្វើជាម្ចាស់ផ្ទះ​រៀបចំ​បុណ្យសមុទ្រ​លើកទី១០ ​ជុំទី៣​ ដែល​ព្រឹត្តិការណ៍ដ៏ធំនេះ​ បាន​ជួយ​លើកស្ទួយ និង​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​​ ព្រមទាំង​ជួយ​បង្កើន​ប្រាក់​ចំណូល​ដោយផ្ទាល់​ទៅដល់​ប្រ​ជា​ជន​មូលដ្ឋាន​ផងដែរ​។​

ភាគីពាក់ព័ន្ធ​នានាបានលើកឡើង​ថា​ ទីតាំងកម្សាន្ត​ដែលល្អស្អាត ​និងមានភាព​ទាក់ទាញយ៉ាងណា​ក៏ដោយ ​ប្រសិនបើផ្លូវថ្នល់​មានការលំបាក ​នោះនឹងមិនអាច​ស្រូបទាញទេសចរ​បានទេ​។ ជាងនេះទៅទៀត​ នៅក្នុង​ឱកាសបុណ្យ​សមុទ្រនា​សប្តាហ៍ទី៤ ​នៃខែ​ធ្នូ​ខាងមុខ នឹងមិនអាច​មាន​សភាពអធិកអធម​ទេ ប្រសិនបើ​ផ្លូវថ្នល់នៅតែ​លំបាក ហើយសេដ្ឋកិច្ច​ពលរដ្ឋមិន​ប្រសើរឡើង​នោះ​។

ទោះយ៉ាងណា ​ការដាក់ឲ្យអនុវត្ត​ផែនការមេ​អភិវឌ្ឍ​វិស័យទេសចរ​ខេត្តកែប​ឆ្នាំ ២០២៣-​២០៣៥ ​កាលពីខែសីហា​កន្លងទៅ​ត្រូវគេសង្ឃឹមថា ​នឹងអាចជួយ​ស្រោចស្រង់​ទេសចរណ៍ខេត្តកែប​បានឡើងវិញ ​ខណៈរយៈពេល​៥ឆ្នាំ​ចុងក្រោយ ​ខេត្តកែប​ទទួលបាន​ទេសចរជាតិ ​និង​អន្តរជាតិ​ប្រមាណ​ ៦​លាននាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ