អានតួអត្ថបទ

បក្សថ្មីរបស់អតីតសមាជិកភ្លើងទៀនត្រូវបានចុះបញ្ជី

គណ​បក្ស​«កម្លាំង​ជាតិ»​របស់​អតីត​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ទើប​ត្រូវ​បាន​ក្រ​សួង​មហា​ផ្ទៃ​ចុះ​បញ្ជី​ឲ្យ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១២​តុលា ​បន្ទាប់​ពី​បាន​ដាក់​សំណើ​ទៅ​អស់​រយៈ​ពេល​ប្រមាណ​៤​ខែ​។ គណ​បក្ស​ថ្មី​នេះ​ គឺ​មាន​ លោក ​ស៊ុន​ ចន្ធី ​ដែល​ជា​អតីត​ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​គណ​បក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ធំ​គឺ​ជា ​ស្ថាប​និក​។

លោក ស៊ុន ចន្ធី ជួបជុំសមាជិកបក្សនៅកំពង់ធំ
លោក ស៊ុន ចន្ធី ជួបជុំសមាជិកបក្សនៅកំពង់ធំ © SUN Chanthy
ផ្សាយពាណិជ្ជកម្ម

ការ​ទៅ​បង្កើត​គណ​បក្ស​ថ្មី​ដែល​មាន​រូប​សញ្ញា​អំពូល​ភ្លើង​រាង​ពង​មាន់​នេះ​ គឺ​គ្រា​ដែល​គណ​បក្ស​ភ្លើង​នៅ​តែ​មិន​ទាន់​មាន​សញ្ញាថា​ នឹង​មាន​ការ​បញ្ជាក់​សំបុត្រ​ជា​ផ្លូវ​ឡើង​វិញ​នៅ​ឡើយ​។ ការ​នេះ​ដែល​ធ្វើ​ឲ្យ​បក្ស​ប្រ​ឆាំង​ធំ​មួយ​នេះ ​ខក​ខាន​ឱកាស​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​កាល​ពី​ថ្ងៃ​២៣​កក្កដា​។

គួរ​ឲ្យ​ដឹង​ថា ​លោក​ ស៊ុន ​ចន្ធី ​ដែល​ស្ថាបនិក​គណ​បក្ស​«កម្លាំងជាតិ»​នេះ​ ត្រូវ​បាន​គេ​ស្គាល់ថា ​គឺ​ជា​អតីត​យុវជន​របស់​គណ​បក្ស​ សម​ រង្ស៊ី​ យូរ​ឆ្នាំ​មក​ហើយ​។​ លោក ​បាន​លាឈប់​ពី​គណ​បក្ស​ភ្លើង​ទៀន​ នៅ​គ្រា​ដែល​សមាជិក​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​។​ បន្ទាប់​មក​អ្នក​ទាំង​នោះ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​។​ ប៉ុន្តែ​ លោក ​ស៊ុន ​ចន្ធី ​មិន​បាន​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​ណា​មួយ​ឡើយ​ ដោយ​លោក​អះអាង​ ក្នុង​លិខិត​លា​ឈប់​នោះ​ថា​ ដោយ​សារ​តែ​គ្មាន​ពេលគ្រប់​គ្រាន់​បម្រើ​គណ​បក្ស​ភ្លើង​ទៀន​។

បើ​តាម​អតីត​អ្នក​នយោបាយ​មក​ពី​បក្ស​ប្រឆាំង​រូប​នេះ ​ការ​បង្កើត​គណ​បក្ស​«កម្លាំង​ជាតិ»​នៅ​ពេល​នេះ​ដើម្បី​ស្រោច​ស្រង់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការ​រស់​រវើក​ឡើង​វិញ​ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​រង​គ្រោះ​ស្ទើតែ​ស្លាប់​បាត់​បង់​ទៅ​ហើយ​នោះ​ក្នុង​ពេល​បច្ចុប្បន្ននេះ​។

ទោះ​ជា​យ៉ាង​ណា ​អ្នក​វិភាគ​នយោបា​យ​ខ្លះ​យល់​ថា​ ការ​បង្កើត​គណ​បក្ស​«កម្លាំង​ជាតិ»​របស់​អតីត​យុវជន ​ដែល​ធ្លាប់​ដើរ​តាម​ លោក​ សម​ រង្ស៊ី​ នោះ ​គឺ​ជា​ប្រៀប​បាន​ជា​ការ​ត្រៀម​«កង់​ឡាន​ទុក​បម្រុង»​ ក្រែង​លោ​គណ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ ឬ​គណ​បក្ស​ភ្លើង​ទៀន​មិន​អាច​ដំណើរ​ការ​បាន​ដោយ​សារ​តែ​ខ្វះ​សំបុត្រ​កំណើត​។

ប៉ុន្តែ​គណ​បក្ស​ភ្លើង​ទៀន​ដែល​មាន​កៅ​អី​ក្រុម​ប្រឹក្សា​ឃុំ​ សង្តាត់​ ច្រើន​ជាង​គេ​លំដាប់​ទី២ ​គឺបាន​សម្រេច​ចង​សម្ព័ន្ធភាព​ជា​មួយ​គណ​បក្ស​ចំនួន​៣​ទៀត​ កាល​ពី​សប្តាហ៍មុន​ គឺ​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន ​និង​គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ដែល​មិន​បាន​ចូល​រួម​ប្រកួត​។

បើ​តាម ​លោក​ គីមសួរ​ ភីរិទ្ធ ​អ្នក​នាំពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​សម្ព័ន្ធភាព​នយោបាយ​ថ្មី​នេះ ​អាច​ឈានដល់​ការ​ច្របាច់​បញ្ចូល​គ្នា​ជា​គណ​បក្ស​តែ​មួយ​ ឬ​អាច​ប្រេះឆាទៅ​វិញ​ អាស្រ័យ​ទៅ​លើ​បរិយា​កាសនយោ​បាយ​ជាក់​ស្តែង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ