អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ថាច់ សេដ្ឋា ត្រូវតុលាការកាត់ទោសក្នុងករណីផ្សេងមួយទៀត ដោយដាក់ពន្ធនាគារ៣ឆ្នាំ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃពុធនេះ ត្រូវបានតុលាការជាន់ទាប កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន៤លានរៀល ពីបទញុះញង់បង្កភាពវឹកវរ តាមរយៈការរិះគន់ខួប៧មករា។ នេះជាសំណុំរឿងទី២របស់អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានតុលាការកាត់ទោស បន្ទាប់ពីសំណុំរឿងសែកស្អុយ ដែលចេញសាលក្រមដែលពីខែកន្លងទៅ ខណៈដែលអ្នកនយោបាយប្រឆាំងរូបនេះ នៅសេសសល់សំណុំរឿងមួយក្នុងដៃតុលាការ។

លោក ថាច់ សេដ្ឋា អង្គុយក្នុងរថយន្តដឹកអ្នកទោស
លោក ថាច់ សេដ្ឋា អង្គុយក្នុងរថយន្តដឹកអ្នកទោស © សហការី
ផ្សាយពាណិជ្ជកម្ម

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨តុលានេះ បានបើកសវនាការជំនុំជម្រះសំណុំរឿងទី២របស់លោក ថាច់ សេដ្ឋា ដោយបានប្រកាសសាលក្រមឲ្យអនុប្រធានគណបក្សភ្លើងទៀន ជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។ នេះបើតាមសាលក្រម ដែលប្រកាសដោយលោកស្រី ឈុន ដាវី ដែលលោក ថាច់ សេដ្ឋា ត្រូវបានផ្តន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទញុះញង់ឲ្យមានការរើសអើង។

ការសម្រេចសាលក្រមបែបនេះ ធ្វើឡើងដោយចៅក្រមជំនុំជម្រះ បានយោងទៅលើវីដេអូដែលបង្ហោះតាមបណ្តាញសង្គម។ ការណ៍នោះ លោក ថាច់ សេដ្ឋា បានថ្លែងរិះគន់អំពីការធ្វើខួប៤៤ឆ្នាំ ៧មករារបស់គណបក្សកាន់អំណាច។ ការថ្លែងរបស់លោក ថាច់ សេដ្ឋា ត្រូវបានតំណាងអយ្យការ ចាត់ទុកថា ជាការថ្លែងសារនយោបាយវាយប្រហារ និងធ្វើឲ្យពលរដ្ឋឆេះកំហឹងនឹងប្រវត្តិសាស្ត្ររវាងខ្មែរ និងវៀតណាម។

ក្រោយការសម្រេចសាលក្រមរបស់តុលាការជាន់ទាបបែបនេះ សហមេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា បានសម្តែងការសោកស្តាយ និងចាត់ទុកថាជារឿងអយុត្តិធម៌។ លោក សឺន ជុំជួន សហមេធាវីការពារលោក ថាច់ សេដ្ឋា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះជារឿងអយុត្តិធម៌ ហើយក្រុមមេធាវីនឹងពិភាក្សាអំពីការប្តឹងឡើងទៅសាលាឧទ្ធរណ៍។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ទើបតែត្រូវបានតុលាការប្រកាសសាលក្រមក្នុងសំណុំរឿងសែកស្អុយ កាលពីថ្ងៃទី២១កញ្ញា ដោយដាក់​ពន្ធនាគារ​រយៈពេល​ ១៨​ខែ ​និង​បង្គាប់ឲ្យ​សង​សំណង​រដ្ឋប្បវេណី ​និង​ជំងឺចិត្ត​ដើមបណ្តឹង​ជាង​៣​ម៉ឺន​ដុល្លារ​ទៀត។ ជាតុល្យការ ដោយបូកនឹងសំណុំរឿងទី២ ដែលទើបនឹងប្រកាសសាលក្រមនៅថ្ងៃនេះទៀត លោក ថាច់ សេដ្ឋា ត្រូវជាប់ពន្ធនាគារចំនួន៤ឆ្នាំកន្លះ និងសំណងជាទឹកប្រាក់ប្រមាណ ៣ម៉ឺន១ពាន់ដុល្លារអាមេរិក។ យ៉ាងណាមិញ លោក ថាច់ សេដ្ឋា នៅសេសសល់សំណុំរឿងមួយទៀត ក្នុងដៃតុលាការ ពីបទ​ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ក្នុងសង្គម ​និងបទ​ញុះញង់​ឲ្យមាន​ការរើសអើង​ពូជសាសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ