អានតួអត្ថបទ

គណបក្ស​សម្ព័ន្ធ​ចាប់ផ្តើម​រៀបចំ​ទីតាំង​ការងារ​រួមចេញ​ដំណើរ​ឆ្ពោះទៅ​ឆ្នាំ​ ២០២៨

ក្រុម​គណបក្ស​នយោបាយ​ក្រៅរដ្ឋាភិបាល​ចំនួន​៤ ​ដែលមាន​និន្នាការ​ផ្ទុយពី​គណបក្ស​កាន់អំណាច​ នៅព្រឹក​ថ្ងៃសុក្រ​នេះ ​បាន​ចាប់ផ្តើម​បើក​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន​ដើម្បី​ជជែកគ្នា​ពីយន្តការ​ការងារ​សម្ព័ន្ធភាព​អនាគត ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ភ្លើងទៀន​នា​រាជធានី​ភ្នំពេញ​។ ការ​បើកកិច្ច​ពិភាក្សាគ្នា​របស់​គណបក្ស​ទាំង៤​នេះ ​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ជំទាស់​ទាំងនេះ ​បាន​ចុះហត្ថលេខា​ចង​សម្ព័ន្ធនឹងគ្នា​កាលពី​ថ្ងៃទី​១១ ​ខែ​តុលា ​ឆ្នាំ​២០២៣ ​កន្លងទៅ​។

គណបក្សសម្ព័ន្ធជួបប្រជុំគ្នា
គណបក្សសម្ព័ន្ធជួបប្រជុំគ្នា © FB
ផ្សាយពាណិជ្ជកម្ម

តំណាងគណបក្សទាំង៤​ មានគណបក្សភ្លើងទៀន​ គណបក្សឆន្ទៈខ្មែរ​ គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្សកែទម្រង់​កម្ពុជាបានជួបគ្នា​ជាលើកដំបូងបន្ទាប់ពី​ពួកគេបានចុះហត្ថលេខា​ធ្វើសម្ព័ន្ធភាព ជាមួយ​គ្នាកាលពីដើម​សប្តាហ៍មុន ដែល​មានឈ្មោះថា«​សម្ព័ន្ធភាពឆ្ពោះទៅ​អនាគត»​។

លោក ​គីមសួរ ភីរិទ្ធ ​អ្នកនាំពាក្យគណបក្សភ្លើងទៀន ​បានថ្លែងថាជំនួបរវាង​តំណាងគណបក្សសម្ព័ន្ធ​ទាំង៤ គឺជាការរៀបចំ​ការិយាល័យធ្វើការងារ​រួមមួយ ប្រៀបបាននឹង​លេខាធិការដ្ឋាន ​ដើម្បីឲ្យតំណាងគណបក្ស​នីមួយៗដាក់មន្ត្រីរបស់ខ្លួន​ធ្វើការជាមួយគ្នាជា​បន្តបន្ទាប់ ដូចជា​ការធ្វើសកម្មភាព​នយោបាយស្របទៅ​តាមច្បាប់ ការ​កសាងបែបបទ​នីតិវិធីផ្សេងៗ​ស្តីពីការរៀបចំ ​និងការប្រព្រឹត្តទៅ​នៃការងារសកម្មភាព​របស់សម្ព័ន្ធភាព​។

លោក អ៊ូ ចន្ទរ័ត្ន ​ស្ថាបនិកគណបក្ស​កែទម្រង់កម្ពុជាបាន​ប្រាប់វិទ្យុ RFI ដែរថា ​ជំនួបរវាងគណបក្ស​៤នៅថ្ងៃនេះ គឺជាការលើកឡើង​ពីយន្តការនានា ​ដែលគណបក្សសម្ព័ន្ធ​ត្រូវចូលរួមការបោះឆ្នោត​ជាបន្តបន្ទាប់នៅពេល​ខាងមុខ។ សម្រាប់​គណបក្សកែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន ​ចង់ឃើញសម្ព័ន្ធភាព​នេះធ្វើដំណើរទៅមុខ​ដោយរួមគ្នាជាគណបក្ស​តែមួយ ឬក៏ធ្វើយ៉ាងណា​ចៀសវាងកុំឲ្យសម្លេង​មួយចំនួនត្រូវបាន​បោះបង់ចោល ​ដើម្បីប្រជែងនឹង​គណបក្សកាន់អំណាច​នៅក្នុងការបោះឆ្នោតឆ្នាំ​២០២៧-២០២៨ ​ខាងមុខ។

សូមរំលឹកថា ​កាលពីថ្ងៃទី១១ ​ខែតុលាកន្លងទៅ​តំណាងគណបក្សនយោបាយ​ក្រៅរដ្ឋាភិបាលទាំង​៤ បានធ្វើពិធីចុះហត្ថលេខា​រួមមួយដើម្បីបង្កើត«​សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ​ក្នុងគោលដៅ​បង្រួបបង្រួមអ្នក​ប្រជាធិបតេយ្យពិតប្រាកដ ​ដើម្បីយុត្តិធម៌សង្គម​ និងការអភិវឌ្ឍន៍​ប្រកបដោយសមធម៌ ​និងចីរភាព​។

ដោយមិនមានការ​បារម្ភនឹងសម្ព័ន្ធភាពនេះ ​គណបក្សប្រជាជន​នៅថ្ងៃជាមួយគ្នាដែរ ​ក៏បានទទួលយក​គណបក្សក្រៅរដ្ឋាភិបាល​ចំនួន១៣​ផ្សេងទៀតធ្វើជា​សម្ព័ន្ធភាពដែរ​ បន្ទាប់ពីគណបក្ស​ទាំងនោះ​ធ្វើលិខិតសុំ​ចងសម្ព័ន្ធ​ជាមួយ​។

សូមបញ្ជាក់ដែរថា​គណបក្សភ្លើងទៀន​ដែលជាគណបក្សប្រឆាំង​លេចធ្លោ ក្រោយអវត្តមាន​គណបក្សសង្គ្រោះជាតិ​ ត្រូវបានផាត់ចោល​ពីការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧ ​កាលពីខែកក្កដា ​កន្លងទៅ ក្រោមហេតុផល​ខ្វះឯកសារ​ចុះបញ្ជីគណបក្ស​ច្បាប់ដើម​។

ក៏ប៉ុន្តែពេលនេះ ​សម្ព័ន្ធភាពគណបក្ស​ទាំង៤ ត្រូវគេមើលឃើញថា​ជាយុទ្ធសាស្ត្រថ្មី​មួយទៀត ដែល​អាចជួយទប់ទល់​ហានិភ័យនយោបាយ​ ដែលធ្វើឲ្យគណបក្សប្រឆាំង​មិនអាច​ចូលរួមបោះឆ្នោតបាន​នៅក្នុងការបោះឆ្នោត​នានា​នាពេល​អនាគត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ