អានតួអត្ថបទ

បក្សភ្លើងទៀនថានឹងចូលរួមបោះឆ្នោតព្រឹទ្ធសភា

គណ​បក្ស​ភ្លើង​ទៀន​ដែល​ជា​គណ​បក្ស​ជំទាស់​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា​ប្រកាស​ថា​ខ្លួន​នឹង​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំងសមាជិក​ព្រឹទ្ធសភា​នៅថ្ងៃ​ទី​២៥​កុម្ភៈ​ឆ្នាំ​២០២៤​និង​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា  រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​នៅឆ្នាំ​២០២៤​។​ នេះ​ជា​ការ​បោះ​ឆ្នោត​បែប​អ​សកល ​បន្ទាប់​ពី​គណ​បក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​កាលពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​ថ្ងៃ​ទី២៣​កក្កដា​កន្លង​ទៅ​នេះ​។

សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់បក្សប្រឆាំង
សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់បក្សប្រឆាំង © RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​នៅ​ថ្ងៃទី​២០​តុលា ​លោក​ ទាវ​ វណ្ណុល ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ បាន​គូស​បញ្ជាក់​ថា​ គណ​បក្ស​នេះ​សម្រេច​ជ្រើស​រើស​យក​គណ​បក្ស​ណា​មួយ​«​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅអនាគត» ​ដើម្បី​រៀប​ចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៥ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ​រាជធានី​ ខេត្ត​ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិ​ទី​៤ ​ឆ្នាំ​២០២៤​។

សូម​បញ្ជាក់​ថា ​ក្រសួង​មហាផ្ទៃនៅ​តែ​មិន​ចេញ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​ឲ្យ​គណ​បក្ស​ភ្លើង​ទៀន​ឡើង​វិញ​នៅ​ឡើយ​ បន្ទាប់ពី​គណ​បក្ស​នេះ​អះ​អាង​ថា ​បាន​បាត់​សំបុត្រ​កំណើត​ដោយ​សារ​តែ​មាន​ការ​រឹបអូស​យក​ទី​ស្នាក់​ការ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧​។

ការ​បាត់​សំបុត្រ​កំណើត​នេះ​បាន​ធ្វើឲ្យ​គណ​បក្ស​ប្រឆាំង​នេះ ​មិន​អាច​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ទី​២៣​កក្កដា​កន្លង​មក​នេះ​ឡើយ​។​ ដូច្នេះ​ជម្រើស​ចុង​ក្រោយ​របស់​គណ​បក្ស​នេះ គឺ​ទៅ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណ​បក្ស​ចំនួន​៣ទៀត​ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​ គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ និង​គណ​បក្ស​កែ​ទម្រង់​កម្ពុជា​។​ ការ​ចង់​សម្ព័ន្ធ​ភាព​កាលពីថ្ងៃទី១០​ខែតុលា​នេះ​ ដើម្បី​​ត្រៀម​ចូល​រួមបោះ​ឆ្នោត​ព្រឹទ្ធ​សភា​អាណត្តិទី​៥ ​និង​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ​រាជធានី​ ខេត្ត​ ក្រុង​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៤​។

សូមបញ្ជាក់ថា ​តួរ​អង្គ​ដែល​ត្រូវ​ចេញ​ទៅ​បោះ​ឆ្នោត​បែប​ ​អសកល​នេះ​ គឺ​ជា​សមាជិក​រដ្ឋសភា ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ដែល​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០២២​ ខណៈ​គណ​បក្ស​ភ្លើង​ទៀន​មាន​កៅ​អី​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ជាង​២ពាន់​កៅអី​ ជាប់​លំ​ដាប់​ទី២​ បន្ទាប់ពី​គណ​បក្ស​កាន់​អំណាច​។

បើតាម​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ​គឺ​ជ្រើសរើស​សមាជិក​ចំនួន​៥៨​រូប​ ដោយ​ចែក​ចេញ​ជា​៨​មណ្ឌល​ទូ​ទាំង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ