អានតួអត្ថបទ

បក្ស​ប្រឆាំង​ស្វាគមន៍​សម្ព័ន្ធភាព​រវាង​បក្ស​កាន់អំណាច​និង​២៧​បក្ស​ផ្សេងទៀត ​ថា​ជាការ​បង្ហាញ​ពលរដ្ឋកាន់​តែ​ច្បាស់

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ក្រៅរដ្ឋាភិបាល​ចំនួន​២៧ ​នឹងធ្វើ​ពិធី​ចុះ​កិច្ចព្រមព្រៀង​ជាសម្ព័ន្ធភាព​នឹងគ្នា​នៅថ្ងៃ​ទី​២៥ ​ខែ​តុលា ​នៅទីស្នាក់ការធំ​​គណបក្ស​​ប្រជាជន​​​នា​រាជធានី​ភ្នំពេញ​។ អ្នក​នយោបាយ​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​មើលឃើញ​ថា​សម្ព័ន្ធភាព​រវាង​គណបក្ស​កាន់អំណាច ​និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត​ គឺ​ជា​ចំណុច​វិជ្ជមាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ជាការ​ញែក​ឲ្យឃើញ​កាន់តែច្បាស់​សម្រាប់​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ក្នុងការ​ជ្រើសរើស​។

គណបក្សនយោបាយនានាជាតំណាង
គណបក្សនយោបាយនានាជាតំណាង © FB
ផ្សាយពាណិជ្ជកម្ម

គណបក្ស​នយោបាយ​ចំនួន​២៧ ​ដែលមិនមានអាសនៈ​នៅក្នុងរដ្ឋសភា​ នឹងចុះកិច្ច​ព្រមព្រៀង ​សហប្រតិបត្តិការ ​និង​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​នៅថ្ងៃពុធ ​ដែលពិធីនេះ​ នឹងត្រូវធ្វើឡើងនៅ​ទីស្នាក់ការធំ​គណបក្សប្រជាជន​កម្ពុជា​(វិមាន៧មករា) ហើយ​ប្រធានគណបក្ស​ប្រជាជនលោក​ ហ៊ុន សែន ​ក៏នឹងមាន​វត្តមាន​ដោយផ្ទាល់​។ កិច្ចព្រមព្រៀង​ដែលនាំទៅរក​ការចុះហត្ថលេខា​រួមគ្នានេះ គឺធ្វើឡើង​បន្ទាប់ពីគណបក្សក្រៅ​រដ្ឋាភិបាលទាំងនោះ ​បានសរសេរលិខិត​ទៅប្រធានគណបក្ស​ប្រជាជនរៀងៗ​ខ្លួន ដើម្បីសុំចូល​ជាសម្ព័ន្ធភាព​ដែលដឹកនាំដោយ​គណបក្ស​កាន់អំណាច​។

លោកស្រី ​ពោធិ៍តី សាវត្ថី ​ប្រធានគណបក្ស​ធម្មាធិបតេយ្យបានប្រាប់​វិទ្យុបារាំង RFI ​ថា ការចងសម្ព័ន្ធភាព​ជាមួយគណបក្ស​ប្រជាជនគឺមិនមែន​ជាការរំលាយបក្សខ្លួន​ចូលជាមួយគណបក្ស​ប្រជាជនទេ ​គឺជាការចូលរួម​ដោយមាន​សិទ្ធិស្មើភាព​គ្នា ជជែកគ្នា​ជាមួយ​បក្សកាន់អំណាច ​នៅពេលដែល​ប្រទេសត្រូវការ​គំនិតយោបល់​ពីគណបក្សលោកស្រី ​និង​គណបក្សសម្ព័ន្ធ​ផ្សេងទៀត។​ មេបក្សស្ត្រីរូបនេះ​បញ្ជាក់ថាពួកគេ​មានគំនិត២៧ ​បូកនឹង​គណបក្សកាន់អំណាច​សរុប ២៨គោលគំនិត ​ដើម្បី​រិះរកវិធីសាស្ត្រ​ទប់ស្កាត់​មហន្តរាយដល់​ប្រទេស​កម្ពុជា​។

ការចង​សម្ព័ន្ធភាពរវាង​គណបក្សប្រជាជន ​និងគណបក្ស​ក្រៅរដ្ឋាភិបាលដទៃទៀត ​ត្រូវគេកត់សម្គាល់​ថាបានធ្វើឡើង​ក្រោយគណបក្ស​ប្រឆាំងចំនួន៤ ​បានប្រកាសធ្វើសម្ព័ន្ធភាព​នឹងគ្នា​ឆ្ពោះទៅអនាគត​កាលពីពេលថ្មី​ៗនេះ ដែលរួមមាន​គណបក្សភ្លើងទៀន ​គណបក្សឆន្ទៈខ្មែរ ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្សកែទម្រង់​កម្ពុជា​។

លោក អ៊ូ ចន្ទរ័ត្ន ​ស្ថាបនិកគណបក្ស​កែទម្រង់កម្ពុជា ក៏ដូចជាលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ​ដែលទើបតែ​ធ្វើសម្ព័ន្ធភាព​៤​គណបក្ស​កាលពីពេលថ្មី​ៗនេះ ​សម្តែងការ​ស្វាគមន៍ចំពោះ​ការចងសម្ព័ន្ធភាព​រវាងគណបក្ស​មួយចំនួន​ ដែលមាននិន្នាការ​គណបក្សកាន់​អំណាច ចងសម្ព័ន្ធ​ជាមួយគណបក្ស​កាន់អំណាច​។ លោកថាវា​ជាភាព​វិជ្ជមាន​សម្រាប់ដំណើរការ​ប្រជាធិបតេយ្យ​នៅកម្ពុជា ​ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​បានមើលឃើញ​កាន់តែ​ច្បាស់ និង​ងាយជ្រើសរើស​រវាងគណបក្ស​កាន់អំណាច ​គណបក្សមាន​និន្នាការ​គណបក្សកាន់អំណាច ​និងជ្រុងម្ខាងទៀត​ជា​សម្ព័ន្ធភាព​គណបក្ស​ក្រៅរដ្ឋាភិបាល ​ដែលមិនមាន​និន្នាការ​រដ្ឋាភិបាល​។

ជាការកត់សម្គាល់ ​គណបក្សក្រៅរដ្ឋាភិបាល​ ដែលគ្រោងនឹងចង​សម្ព័ន្ធភាពជាមួយ​គណបក្សកាន់​អំណាច គឺ​គណបក្សខ្លះ​ទទួលបានសម្លេង​គាំទ្រជាង១ម៉ឺន​សម្លេង ហើយគណបក្ស​ខ្លះ​ទៀតទទួលបាន​ជិត១០​ម៉ឺនសម្លេង ​រួមនឹងគណបក្ស​ដែលមិនមាន​សម្លេងគាំទ្រ​សោះ ខណៈពួកគេ​មិនបានចូល​រួមបោះឆ្នោត​។ ​នេះបើតាមលទ្ធផល​ឆ្នោត​ក្រុមប្រឹក្សាឃុំ ​សង្កាត់ ឆ្នាំ​២០២២ និងការ​បោះឆ្នោតសកល ​ឆ្នាំ២០២៣​។​ ដោយឡែកគណបក្ស​សម្ព័ន្ធចំនួន៤ ​ដែលជាគណបក្ស​ប្រឆាំងវិញ បង្ហាញថា​គណបក្សភ្លើងទៀន​ទទួលបាន​សម្លេងជាង ​១,៦លានសម្លេង ​ហើយគណបក្ស៣​ផ្សេងទៀតក៏ទទួលបាន​សម្លេងតិចតួចដែរ​។ នេះបើតាម​លទ្ធផលបោះឆ្នោត​ក្រុមប្រឹក្សាឃុំ ​សង្កាត់ ឆ្នាំ​២០២២​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ