អានតួអត្ថបទ

លោក ​ហ៊ុន សែន​៖ ​គណបក្ស​ប្រជាជន​មិន​ស្វះស្វែង​ធ្វើ​អនុត្តរភាព​លេប​គណបក្ស​ដទៃ​ទេ

លោក ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និងជា​អតីត​នាយក​រដ្ឋមន្ត្រី ​ថ្លែង​ឲ្យដឹង​ថា​គណបក្ស​ប្រជាជន​មិន​ស្វះស្វែង​ប្រើប្រាស់​សម្ព័ន្ធភាព ​ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​ទេ​។ ​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន ​ដូច្នេះ ​គឺធ្វើឡើង​ខណៈដែល​គណបក្ស​កាន់អំណាច​មួយនេះ ​បានធ្វើ​ពិធី​ចុះហត្ថលេខា​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ​ក្រៅរដ្ឋាភិបាល​ចំនួន​២៧​ផ្សេង​ទៀត​ នៅថ្ងៃ​ពុធ​នេះ ​នា​ទីស្នាក់ការ​ធំ​របស់​គណបក្ស​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​។

ពិធីចុះហត្ថលេខារវាងគណបក្សប្រជាជននិងគណបក្សសម្ព័ន្ធ២៧
ពិធីចុះហត្ថលេខារវាងគណបក្សប្រជាជននិងគណបក្សសម្ព័ន្ធ២៧ © សហការី
ផ្សាយពាណិជ្ជកម្ម

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅក្នុងពិធី​ចុះហត្ថលេខា​រវាង​គណបក្ស​ប្រជាជន​ និង​គណបក្ស​នយោបាយ​ដែល​មិនមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន​២៧​ផ្សេង​ទៀត ​លោក ​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន ​បាន​បញ្ជាក់​ដល់​ទៅ២ដងថា ​លោកមិន​ស្វះស្វែងប្រើប្រាស់​សម្ព័ន្ធភាព​ ដើម្បី​បង្កើនប្រជាប្រិយភាព​របស់​ខ្លួន​ ហើយ​គណបក្ស​ប្រជាជន​មិន​ស្វះស្វែង​ធ្វើ​អនុត្តរភាព​លេប​គណបក្ស​ដទៃ​ឡើយ​។

ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​នឹងស្វះស្វែង ​ដើម្បី​បំរើ​ឲ្យគោលដៅ​ទាំងឡាយ​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​សម្ព័ន្ធ​ពេលនេះ​។ នេះបើតាម​លោក ហ៊ុន សែន​។ ​សូមបញ្ជាក់​ថា​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ក្រៅរដ្ឋាភិបាល​២៧​ផ្សេង​ទៀត ​បាន​រំលេចនូវ​ចំណុច​សំខាន់ៗ​ចំនួន​៨ចំណុច ​ដែល​ចំណុចទី១​ និង​ចំណុចទី​២ សម្ព័ន្ធភាព​បានបង្ហាញពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អជាមួយគ្នា​ដោយស្មើភាព​ ស្មើសិទ្ធិ ​គោរព​នូវឯករាជ្យ ​និង​ស្វ័យភាពរបស់​គណបក្ស​នីមួយៗ ​ដើម្បីផលប្រយោជន៍ជាតិ ​និង​ប្រជាជន​កម្ពុជា​។

ការប្តេជ្ញា​គោរព​ប្រតិបត្តិ ​ការពារ​រដ្ឋធម្មនុញ្ញ​កម្ពុជា ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ​លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ​ធានាសិទ្ធិ​មនុស្ស ការ​គោរពច្បាប់ និង​យុត្តិធម៌សង្គម ​ក៏ត្រូវបាន​លើកឡើង​មុនគេនៅក្នុងកិច្ច​ព្រមព្រៀង​នេះដែរ​។

ក្រៅពីនេះ ​គណបក្សសម្ព័ន្ធ​ក៏បានរួមគ្នា​ទប់ស្កាត់ និង​កំចាត់ចោល​នូវនយោបាយ​ជ្រុលនិយមពីប្រទេស​កម្ពុជា និងមាន​ភាពស្មោះត្រង់ ​ជួយគ្នា មិន​ប្រឆាំងគ្នា និង​មិនធ្វើការឃោសនា​ប្រឆាំងគ្នា​ក្នុងពេលធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត មិនធ្វើ​សម្ព័ន្ធភាពជាមួយ​គណបក្សនយោបាយ ​ឬក្រុម​នយោបាយណា​ ដែលប្រឆាំង​ចំពោះដៃគូ​ក្នុងសម្ព័ន្ធភាព​របស់ខ្លួន និង​ចំណុចសំខាន់ៗ​ជាច្រើនទៀត​។

ជាមួយនឹងការ​ឆ្លៀតឌឺដងឲ្យ​សម្ព័ន្ធភាពបក្សប្រឆាំង​ចំនួន៤ ថាជា​សម្ព័ន្ធភាពឆក់កណ្តៀត​អតីតនាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ​ឲ្យដឹងថា​សម្ព័ន្ធភាពរបស់​គណបក្សប្រជាជន​ និងគណបក្សផ្សេងទៀត​នៅពេលនេះ ​គឺតំណាងឲ្យ​ជាងពាក់កណ្តាលនៃ​គណបក្សនយោបាយ​នៅកម្ពុជា។

ក៏ប៉ុន្តែអ្នក​នយោបាយសម្ព័ន្ធភាព​គណបក្សប្រឆាំង​បានសម្តែងការសាទរ​ទៅវិញទេ ដែល​គណបក្សកាន់អំណាច ​បានធ្វើសម្ព័ន្ធភាព​ជាមួយគណបក្ស​នយោបាយដទៃទៀត ​ដែលនេះបង្ហាញឲ្យអ្នក​បោះឆ្នោតបានឃើញ​កាន់តែច្បាស់ពី​រូបភាព និងប៉ូលនយោបាយ​នៅក្នុងប្រទេស​កម្ពុជា និងជាការ​បង្ហាញពី​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ