អានតួអត្ថបទ

គណបក្ស​​ភ្លើងទៀន​លើកឡើង​ពីការ​ប្រឈម​នយោបាយ​ពេលធ្វើ​ជា​ប្រធាន​CALD​ នៅ​ឥណ្ឌូណេស៊ី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​បាន​អះអាងថា​គណបក្ស​ប្រឆាំង​មួយនេះ ​បាន​លើកយក​បញ្ហា​ប្រឈម​នានា​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ ទៅចែក​រំលែក​ដល់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ផ្សេង​ៗ​ទៀត​។ ​ការ​បញ្ជាក់​ដូច្នេះ ​គឺធ្វើឡើង​ខណៈដែល​តំណាង​គណបក្ស​ភ្លើងទៀន​ដឹកនាំដោយលោក សេង ម៉ារឌី អគ្គហិរញ្ញិក​បាន​ចូលរួម ​និង​ដឹកនាំ​សិក្ខាសាលា ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ពីថ្ងៃ​ទី​២៧ ​ដល់ថ្ងៃ​ទី​៣០ ​ខែ​តុលា ​ឆ្នាំ​២០២៣​នេះ ​រៀបចំដោយ​ក្រុមប្រឹក្សា​សេរីនិយម ​និង​ប្រជាធិបតេយ្យ​អាស៊ី​(CALD)​។

តំណាងគណបក្សភ្លើងទៀននៅក្នុងកិច្ចប្រជុំCALD
តំណាងគណបក្សភ្លើងទៀននៅក្នុងកិច្ចប្រជុំCALD © FB
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ភ្លើងទៀន ​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​សេរីនិយម​ និង​ប្រជាធិបតេយ្យ​អាស៊ី​(CALD) ​បានបញ្ជូន​មន្ត្រី​ជាន់ខ្ពស់​របស់ខ្លួន​ចំនួន៥​រូប ទៅចូល​រួមសិក្ខាសាលា​ស្តីពី​«ការ​គ្រប់គ្រង​គណបក្ស​នយោបាយ​»ដែល​កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​សេរីនិយម ​និង​ប្រជាធិបតេយ្យ​អាស៊ី ​និង​គណបក្សប្រជាធិបតេយ្យ​តស៊ូ ​ឥណ្ឌូនេស៊ី​(PDI-P) ​ដែលជា​គណបក្សរបស់​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ​Joko Widodo ​កំពុងកាន់អំណាច​បច្ចុប្បន្ន​។

កិច្ចប្រជុំ​ដែលមានរយៈពេល​៣ថ្ងៃនេះ ​នៅមិនទាន់មាន​ប្រកាស​លទ្ធផល​យ៉ាងណានៅឡើយ​ទេ ក៏ប៉ុន្តែលោក​ គីមសួរ ភីរិទ្ធ ​អ្នកនាំពាក្យ​គណបក្សភ្លើងទៀន ​បានលើកឡើងថា ​គណបក្សប្រឆាំងនៅ​កម្ពុជាមួយនេះ បានលើកយក​ស្ថានភាពនយោបាយ​នៅប្រទេសកម្ពុជា​ទៅជជែក ​ដែលក្នុងនោះ​មានការខកខាន​មិនបានចូលរួមបោះឆ្នោត ​និងការរងសម្ពាធ​នយោបាយរបស់​គណបក្សភ្លើងទៀន​ ដែលធ្វើឲ្យគណបក្ស​នេះមានការលំបាក​ក្នុងការធ្វើសកម្មភាព​នយោបាយ​។

លោកថាបញ្ហា​ទាំងអស់នេះ ត្រូវបាន​ចែករំលែកទៅកាន់​គណបក្សផ្សេងៗ​ ដែលជាសមាជិក​របស់ក្រុមប្រឹក្សា​សេរីនិយម និង​ប្រជាធិបតេយ្យអាស៊ី ​ដើម្បីរកដំណោះស្រាយ ​ព្រមទាំងរឹតចំណង​សាមគ្គី និង​ផ្តល់ការលើកទឹកចិត្ត​រវាងគ្នា។ ​ទោះយ៉ាងណា ​អ្នកនាំពាក្យគណបក្ស​ប្រឆាំងរូបនេះ ​ឲ្យដឹងថាការចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សេរីនិយម និង​ប្រជាធិបតេយ្យអាស៊ី​ របស់គណបក្ស​ភ្លើងទៀនពេលនេះ ​ពិតជាមានសារៈសំខាន់​។

សូមរំលឹកថា​ក្រុមប្រឹក្សា​សេរីនិយម និង​ប្រជាធិបតេយ្យអាស៊ី​(CALD)ត្រូវបាន​បង្កើតឡើងនៅឆ្នាំ​១៩៩៣ នៅទីក្រុង​បាងកក​ប្រទេសថៃ។ ​ក្រុមប្រឹក្សានេះ​ គឺជាវេទិកាសម្រាប់​សន្ទនា និងសហប្រតិបត្តិការ​ជាសម្ព័ន្ធភាពរបស់​គណបក្សនយោបាយ​សេរី និងប្រជាធិបតេយ្យ​ក្នុងតំបន់អាស៊ី។ ​CALD មានសមាជិក​មកពីគណបក្ស​ប្រជាធិបតេយ្យ និង​សេរីនិយម​មួយចំនួននៅក្នុង​ប្រទេសឥណ្ឌូណេស៊ី ​សឹង្ហបុរី ហ្វីលីពីន​ ស្រីលង្ការ ប៉ាគីស្ថាន ​ភូមា កម្ពុជា ​កោះតៃវ៉ាន់ជាដើម ​និងផ្តល់ជាឯកទត្តបុគ្គល​ឲ្យលោកស្រី ​អ៊ុងសាន ស៊ូជី ជ័យ​លាភីណូបែល​សន្តិភាពនៃ​ប្រទេសភូមា ជា​សមាជិក​កិត្តិយសផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ