អានតួអត្ថបទ

បក្សភ្លើងទៀនរកការគាំទ្រឲ្យបក្សឆន្ទះខ្មែរឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា

គណ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​បង្កើន​សកម្ម​ភាព​ចុះ​មូល​ដ្ឋាន​ស្វែង​រក​ការ​គាំទ្រ​ផ្ទៃ​ក្នុង ខណៈ​គណ​បក្ស​ជំទាស់​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​បោះ​ឆ្នោត​អាណត្តិ​ទី៧​នេះ​ សម្រេច​ជ្រើស​រើស​គណ​បក្ស​ឆន្ទះ​ខ្មែរ​ឲ្យ​ឈរ​ឈ្មោះ​តំណាង​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ​។

ការចុះមូលដ្ឋានរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន
ការចុះមូលដ្ឋានរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន © គណបក្ស ភ្លើងទៀន
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែលគណបក្សភ្លើងទៀន​សម្រេច​ជ្រើស​រើសគណបក្ស​ឆន្ទះខ្មែរ​ឲ្យឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភាខាងមុខ ដោយសារតែគណបក្សនេះបានមកចង​សម្ព័ន្ធភាពជាមួយគណបក្សភ្លើង​ទៀន​មុនគេតាំង​ពីមុន​បោះឆ្នោត​ថ្ងៃទី២៧កក្កដាទៅទៀត។ ម្យ៉ាង​ទៀតដោយសារតែស្ថាបនិកគណបក្សនេះ និងសមាជិកមួយចំនួន​បាន​ក្លាយទៅជាសមាជិក​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀនរួចទៅហើយ។ នេះបើតាម​អ្នកនាំពាក្យគណបក្ស លោក គីមសួរ ភីរិទ្ធិ។

ប៉ុន្តែហេតុ​ផល​មួយទៀត​ដែល​គណបក្សភ្លើងទៀន​សម្រេច​ឲ្យគណបក្សឆន្ទះខ្មែរ​ឈរ​ឈ្មោះ​បោះឆ្នោតព្រឹទ្ធសភា​តំណាងខ្លួន គឺដោយសារតែ​ការលះបង់​របស់លោក គង់ គាំ ធ្លាប់ជាព្រឹទ្ធសមាជិកគណបក្សភ្លើងទៀន យូរឆ្នាំមកហើយ និង​ចុងក្រោយ​គាត់បាន​លះបង់​ដីផ្ទះ​របស់​ខ្លួន​ដោយសារតែប្រកាន់​ជំហរនយោបាយ​ជាមួយបក្សប្រឆាំង។

សូមបញ្ជាក់ថា គណបក្សឆន្ទះខ្មែរគឺបង្កើតឡើង​ដោយ​ លោក គង់ មុនីកា កូន​ប្រុសពៅ​របស់​លោក គង់ គាំ។ គណបក្សនេះ​បានចង​សម្ព័ន្ធភាពជាមួយគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រមទាំងគណបក្សកែទម្រង់កម្ពុជា នៅពេល​ថ្មីៗនេះ ដែលគេមើលឃើញថា ជាបក្សប្រឆាំងមាននិន្នការប្រហាក់​ប្រហែលគ្នា។ សម្ព័ន្ធ​ភា​ពនេះ​បានកើតមុនពេល​ដែលការ​បោះឆ្នោតព្រឹទ្ធសភា នឹងត្រូវធ្វើនៅថ្ងៃទី២៥កុម្ភៈ២០២៤។

គណបក្សភ្លើងទៀនឈ្នះ​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ចំនួន​ ២,១៩៨ រូប ពោលជាគណបក្សលំដាប់ទី២ បន្ទាប់ពី​គណ​បក្ស​កាន់​អំណាច ​ទទួល​បាន ៩,​៣​៧៦​អាសនៈ​ កាល​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០​២២។​

សមាជិកក្រុម​ប្រឹក្សាជាប់​ឆ្នោតទាំងអស់​នឹងត្រូវចេញទៅបោះឆ្នោត​អសកលនៅថ្ងៃទី២៥កុម្ភៈ២០២៤ ដើម្បី​ជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូប ដែលមានអាណត្តិ៦ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ