អានតួអត្ថបទ

រដ្ឋាភិបាល​រៀបចំ​វេទិកា​១​សម្រាប់​ជនបរទេស​មើលអុំទូក បន្ថែមសេវាបកប្រែ ៣ភាសា

រដ្ឋាភិបាលកម្ពុជា​នឹងរៀបចំ​វេទិកាមួយ​ដោយឡែក​ជាប់នឹង​វេទិកា​កិត្តិយស ​ដើម្បី​ផ្តល់ឲ្យ​ជនបរទេស​ចូលរួម​ទស្សនា​ការប្រណាំង​ទូក នៅក្នុងឱកាស​នៃព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប សំពះព្រះខែ ​និងអកអំបុក​ ដែលប្រព្រឹត្តិទៅ​ចាប់ពីថ្ងៃទី ​២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ។ ជាផ្នែកមួយ​ទាក់ទាញទេសចរបរទេស ​និងចង់​បង្ហាញពួកគេពី​វប្បធម៌ខ្មែរផង ​វេទិកាសម្រាប់ជន​បរទេសនេះ ​មានការផ្តល់​សេវាបដិសណ្ឋារកិច្ច ​និងការបកប្រែ​ប្រដេញ​ពីភាសាខ្មែរ ទៅ៣​ភាសាផ្សេងទៀត​ផងដែរ​។ នេះបើតាម​សេចក្តីជូនដំណឹង​របស់ក្រសួង​ទេសចរណ៍កាលពីថ្ងៃ​ទី០៦ ​ខែវិច្ឆិកា ​ឆ្នាំ២០២៣​។

ព្រះរាជពិធីបុណ្យអុំទូក
ព្រះរាជពិធីបុណ្យអុំទូក © MoT
ផ្សាយពាណិជ្ជកម្ម

ក្រសួងទេសចរណ៍កម្ពុជា​បានជូនដំណឹងថា ក្រសួងនេះ​នឹងរៀបចំវេទិកាដោយឡែក​មួយស្ថិតនៅខាងជើងវេទិកា​កិត្តិយសខាងមុខ​ព្រះបរមរាជវាំង សម្រាប់ផ្តល់​ជូនភ្ញៀវទេសចរអន្តរជាតិ​បានចូលរួមទស្សនាការប្រណាំងទូក​នៅក្នុងព្រះរាជពិធី​បុណ្យអំទូករយៈពេល៣​ថ្ងៃនៅចុងខែវិច្ឆិកានេះ​ ដោយមានការផ្តល់​បដិសណ្ឋារកិច្ចដល់​ភ្ញៀវទេសចរអន្តរជាតិ​ដូចជាភេសជ្ជៈឥតគិតថ្លៃ និងសេវា​បកប្រែប្រដេញតាម​កាសពីភាសាខ្មែរទៅ៣ភាសា​ផ្សេងទៀត មាន​ភាសាអង់គ្លេស ​បារាំង និង​ចិន។

បន្ថែមពីនេះ ​វេទិកាសម្រាប់​ជនបរទេស​នឹងមានបំពាក់ទូរទស្សន៍​ខ្នាតធំសម្រាប់​ទស្សនាការផ្សាយ​ផ្ទាល់ចេញពីទូរទស្សន៍​ជាតិកម្ពុជា​នូវសកម្មភាព​ប្រណាំងទូក ​បណ្តែតប្រទីប ​និងការផ្សព្វផ្សាយ​អំពីតំបន់​គោលដៅសក្តានុពល​ទេសចរណ៍ផ្សេង​ៗផងដែរ​។

តាមរយៈ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំនេះ ​ក្រសួងទេសចរណ៍​ក៏បានបញ្ជាក់ដែរថា​ការរៀបចំ​បដិសណ្ឋារកិច្ច​ដល់ជនបរទេស​ដូច្នេះ គឺដើម្បីភ្ញៀវ​ទេសចរបរទេសស្វែងយល់​កាន់តែច្បាស់​អំពីវប្បធម៌ ​ប្រពៃណី ​ទំនៀមទំលាប់​របស់ខ្មែរ ​ដែលមាន​តាំងពីបុរាណកាល​មក ដែលជា​ព្រះរាជពិធីបុណ្យដ៏មាន​ប្រជាប្រិយបំផុត​សម្រាប់ប្រជាពលរដ្ឋ​ខ្មែរ​។

ក្រសួង​ទេសចរណ៍ក៏បាន​ប្រាប់ទៅទីភ្នាក់ងារ​ទេសចរណ៍ និង​ផ្នែកឯកជន​ពាក់ព័ន្ធដែរ​ឲ្យចូលរួម​ផ្សព្វផ្សាយពិធីបុណ្យ​អុំទូក និងរៀបចំ​បញ្ចូលព្រឹត្តិការណ៍នេះ​ទៅក្នុង​កញ្ចប់ទស្សនកិច្ច​របស់ខ្លួន​ ដោយក្រសួងទេសចរណ៍​បានប្រកាស​ជាចំហដល់ភ្ញៀវទេសចរ​បរទេសឲ្យចូល​ទស្សនាដោយសេរី​។

សូមរំលឹកថា ​ក្រោយវិបត្តិកូវីដ-​១៩ ដែលទាញទំលាក់​វិស័យទេសចរណ៍កម្ពុជា​ឲ្យធ្លាក់ដល់បាត ​វិបត្តិសង្គ្រាមអ៊ុយក្រែន ​វិបត្តិសេដ្ឋកិច្ចសកល ​សង្គ្រាមអ៊ីស្រាអែល-​ហាម៉ាស និងការផ្សព្វផ្សាយ​តាមរយៈ​ភាពយន្តចិនរឿង​«No More Bet» ​ដែលបង្ហាញ​ពីការបារម្ភ ​ការភ័យខ្លាចនូវ​ឧក្រិដ្ឋកម្មនានា​តាមប្រព័ន្ធ​អនឡាញ ទាំងអស់នេះ​ត្រូវគេមើលឃើញថា​ជារនាំងថ្មីមួយ​ដែលរារាំងទេសចរ​បទេសចូលមក​ក្នុង​ប្រទេសកម្ពុជា​។

ក៏ប៉ុន្តែ​ប្រមុខរដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត ​បានដកស្រង់សំដី​អ្នកវិនិយោគចិន​មកអះអាង​នៅព្រឹកថ្ងៃអង្គារនេះ ​អំឡុងពេលជួបជាមួយ​កម្មករនិយោជិតនៅខេត្ត​ព្រះសីហនុថា ​អ្នកវិនិយោគចិន​នៅខេត្តព្រះ​សីហនុមិនមាន​ការព្រួយបារម្ភ ​ឬភ័យខ្លាច​អ្វីទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ