អានតួអត្ថបទ

អាជ្ញាធរ​ខ្មែរ​បញ្ជូន​ឧក្រិដ្ឋជន​ជនជាតិ​ជប៉ុន ​២៥​នាក់ ​ទៅ​អនុវត្តទោស​នៅ​ជប៉ុន

ឧក្រិដ្ឋជន​ជនជាតិ​ជប៉ុន​ចំនួន ​២៥​នាក់ ត្រូវបាន​ប៉ូលីស​អន្តោប្រវេសន៍​កម្ពុជា​ចាប់បញ្ជូន​ទៅប្រទេស​របស់ពួកគេ​វិញ​កាលពីថ្ងៃ​ទី​០៨ ​ខែ​វិច្ឆិកា​ម្សិលមិញ ​បន្ទាប់ពី​ពួកគេ​បានធ្វើសកម្មភាព​ឆបោក​តាមប្រព័ន្ធ​ទូរស័ព្ទ​។ ការ​បញ្ជូន​ជនល្មើស​ជាតិជប៉ុន​ឡើង​យន្តហោះ​នេះ ​ធ្វើឡើង​ដោយមាន​វត្តមាន​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំកម្ពុជា ​និង​មាន​ការទទួល​ពី​ប៉ូលីស​ជប៉ុន ដើម្បី​នាំពួកគេ​ទៅអនុវត្តទោស​នៅ​ប្រទេស​ជប៉ុន​។

ឧក្រិដ្ឋជនជប៉ុន២៥នាក់ ត្រូវបញ្ជូនទៅជប៉ុន
ឧក្រិដ្ឋជនជប៉ុន២៥នាក់ ត្រូវបញ្ជូនទៅជប៉ុន © IDG
ផ្សាយពាណិជ្ជកម្ម

យោងតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ជនជាតិ​ជប៉ុន​ទាំង​២៥នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​បង្ក្រាប ​និងចាប់ខ្លួន​កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ ​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆបោក​តាមប្រព័ន្ធ​ទូរស័ព្ទ​លើជនរងគ្រោះ​នៅ​ប្រទេស​ជប៉ុន​។ ​

ជនជាតិ​ជប៉ុនទាំងអស់នេះ ​ត្រូវបានចងដៃ​ទាំងពីរ​ទៅក្រោយ ​ជាមួយនឹង​សម្លៀកបំពាក់​ឃ្លុំជិត​ដងខ្លួន ​និងមុខ ​និងកាន់​ក្រៀកដោយ​កម្លាំងប៉ូលីសខ្មែរ​ម្នាក់មួយ ​បណ្តើរ​ឡើងយន្តហោះ​ពិសេស​ជប៉ុននៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ក្រោមវត្តមាន​មេដឹកនាំ​ប៉ូលីស​ខ្មែរ និង​តំណាងស្ថានទូត​ជប៉ុននៅ​កម្ពុជា​។

អាជ្ញាធរខ្មែរ​ផ្នែកអន្តោប្រវេសន៍ ​បានប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកថា​ការបង្ក្រាបលើ​ជនឧក្រិដ្ឋ​ជប៉ុនទាំងអស់​នេះ ក៏ដោយសារ​តែមានកិច្ច​សហការ​ផ្តល់ព័ត៌មានពី​ស្ថានទូតជប៉ុន​ទាន់ពេលវេលាដែរ​ ដោយសមត្ថកិច្ចខ្មែរ​ធ្វើការអំពាវនាវ​ដល់បណ្តាស្ថានទូត​បរទេស និង​ជនបរទេស​នានា​បន្តផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ចប្រសិនបើ​មានព័ត៌មាន​ពាក់ព័ន្ធនឹង​បទល្មើសផ្សេងៗ​។

សូមរំលឹក​ថា ​កន្លងមក​អាជ្ញាធរខ្មែរ​តែង​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ ចាប់បញ្ជូន​ឧក្រិដ្ឋជន​ចិន​ជាច្រើន​រយនាក់​ជាបន្តបន្ទាប់​ឲ្យទៅ​ទទួលទោស​នៅ​ប្រទេស​ចិន ​បន្ទាប់ពី​ពួកគេ​ធ្វើសកម្មភាព​ឆបោក​ ចាប់ជំរិត​តាម​ប្រព័ន្ធ​អនឡាញ ​និង​សកម្មភាព​ឧក្រិដ្ឋ​ផ្សេង​ៗ​ទៀត​។ ​

តាមរយៈ​សកម្មភាព​ឧក្រិដ្ឋ​ទាំងចិន ​ទាំងជប៉ុន ​បែបនេះ ​ត្រូវគេមើលឃើញ​ថា​បញ្ហាសុវត្ថិភាព​បានក្លាយ​ទៅជា​សំណួរ​ ដែល​ភ្ញៀវទេសចរ​បរទេស​ចោទសួរ​បន្ថែមទៀត ​បន្ទាប់ពី​មាន​សំណួរ និង​ការព្រួយបារម្ភ​ជាច្រើន​រួចទៅហើយ​ពី​ជនបរទេស ​ក្រោយ​ភាពយន្ត​ចិនរឿង​«No More Bet» ​បានបង្ហាញ​ជាសកល​ពី​ឧក្រិដ្ឋកម្ម​ចាប់ជំរិត ​និង​ឆបោក​តាមប្រព័ន្ធ​អនឡាញ ​នៅ​កម្ពុជា ​ថៃ ​និង​ភូមា​។

ក៏ប៉ុន្តែ​សម្ថកិច្ចកម្ពុជា ​តែងលើកឡើងថា​កម្ពុជាបានក្លាយជា​ប្រទេសរងគ្រោះ ​ដោយសារ​ជនបរទេស​តែងតែយក​កម្ពុជា ជាទីតាំង​ប្រព្រឹត្តបទល្មើស​ដោយលួចលាក់ ធ្វើឲ្យ​ប៉ះពាល់ដល់​កេរ្ត៍ឈ្មោះរបស់​កម្ពុជាលើឆាក​អន្តរជាតិ ខណៈ​រដ្ឋាភិបាលក៏បាន​ដាក់បទបញ្ជា​ម៉ឺងម៉ាត់ដែរ​ ដល់សមត្ថកិច្ច​ពាក់ព័ន្ធក្នុងការ​សហការស្រាវជ្រាវ​បង្ក្រាបបទល្មើស​ឆ្លងដែនគ្រប់ប្រភេទ​ឲ្យមានប្រសិទ្ធភាព​។

តែអ្នកតាមដាន​សង្គម​នានា​មើលឃើញថា​ការអនុវត្តន៍​ច្បាប់នៅកម្ពុជា​ហាក់មិនមាន​ភាពម៉ឺងម៉ាត់ ​ជាហេតុធ្វើឲ្យ​ជនបរទេស​ជាពិសេសជនជាតិ​ចិន តែងយក​កម្ពុជាធ្វើសកម្មភាព​ឧក្រិដ្ឋ ​ដែល​រូបភាពនេះ ​បានបង្ហាញឡើង​បន្ទាប់ពីកម្ពុជា​បានអនុញ្ញាតឲ្យ​មានការវិនិយោគ ​និង​អភិវឌ្ឍន៍​ខេត្តព្រះសីហនុ​ចាប់តាំងពី​ឆ្នាំ​ ២០១៨មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ