អានតួអត្ថបទ

លោក រ៉ុង ឈុន រងការព្រមានពីអាជ្ញាធរ បន្ទាប់ពីប្រកាសទៅចូលគណបក្សថ្មី

លោក​ រ៉ុង​ ឈុន ​បាន​រង​ការ​ព្រមាន​ផ្ទួនៗ​នៅ​ពេល​នេះ ​ខណៈ​ដែល​តុលា​ការ​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​ដោយ​ព្យូទោស ​តែ​លោក​បាន​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​។ ​ការ​ព្រមាន​ជា​ថ្មី​ទៀត​នេះ ​គឺ​កើត​ឡើង​ភ្លាមៗ ​បន្ទាប់ពី​អតីត​អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន​រូប​នេះ ​បាន​ប្រកាស​ចាក​ចេញ​ពី​គណ​បក្ស​ជំទាស់​ទៅ​ចូល​រួមជា​មួយ​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មី ​ហើយ​គ្រោង​ធ្វើ​សមាជ​លើក​ដំបូង​​នៅថ្ងៃ​ស្អែក​នេះ​។

លោក ស៊ុន ចន្ធី ស្ថាបនិកគណបក្សកម្លាំងជាតិ (ឆ្វេង) ចាប់ដៃជាមួយលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន (ស្តាំ)
លោក ស៊ុន ចន្ធី ស្ថាបនិកគណបក្សកម្លាំងជាតិ (ឆ្វេង) ចាប់ដៃជាមួយលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន (ស្តាំ) © FB/Sun Chanthy
ផ្សាយពាណិជ្ជកម្ម

អង្គភាពព័ត៌មាន​ដែល​ស្និទនឹង​រដ្ឋាភិបាលបាន​ចុះ​ផ្សាយ​បន្តគ្នានូវអត្ថបទ​ដែលមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហា​ផ្ទៃ ព្រមាន​ លោក រ៉ុង​ ឈុន ដែល​ទៅប្រកាស​ចូលរួមជាមួយគណបក្ស​ប្រឆាំងថ្មីនេះ។

បើតា​ម​មន្ត្រី ក្រសួងទាំងពីរនេះ គឺលោក រ៉ុង ឈុន នៅ​មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីធ្វើជាប្រធាន ឬអនុប្រធាន នៃគណបក្សនយោបាយណាមួយនោះទេ។ ហើយព្រមានថា បើមិនអនុវត្តតាមអំណាចនៃដីការបស់តុលាការនោះទេ គណបក្សនោះអាចប្រឈមនឹងការប្តឹងរំលាយ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បានបញ្ជាក់ថា លោក រ៉ុង ឈុន កំពុងស្ថិតនៅក្នុងពេលវេលាអនុវត្តទោស និងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ។

សូមបញ្ជាក់ថា អ្នករិះគន់​បញ្ហាព្រំដែនរូបនេះ ត្រូវបានតុលាការ​ក្រុងភ្នំពេញកាត់ទោសកាលពីខែឧសភា ឆ្នាំ២០២១ ដាក់​ពន្ធនាគាររយៈពេល២ឆ្នាំ តែសាលាឧទ្ធរណ៍នៅថ្ងៃទី១២វិច្ឆិកា ២០២១ បានកែប្រែមកអនុវត្តក្នុងពន្ធនាគារកំណត់តែ១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ត្រូវព្យូរទោសសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។

លោក រ៉ុង ឈុន មេដឹកនាំ​សហជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ដែល​អះអាង​ថា​ដី​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ អាជ្ញាធរព្រំដែនបានទាត់ចោលការ​ចោទប្រកាន់នេះ​ហើយប្តឹង​បកទៅលើលោក រ៉ុង ឈុន។

លោក រ៉ុង ឈុន ទើបតែ​បានចូលរួមជាមួយគណបក្សភ្លើងទៀន​នៅដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ ហើយ​ក្រោយ​មក​បានក្លាយជាអនុប្រធានគណបក្សជំទាស់នេះ។ ប៉ុន្តែគណបក្សនេះ​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​រួម​ប្រកួត​ឡើយ​កាលពីការបោះឆ្នោត​ថ្ងៃទី២៣កក្កដា​ក្រោម​ហេតុថា គណបក្សនេះបាត់​សំបុត្រកំណើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ