អានតួអត្ថបទ

លោក រ៉ុង ឈុន ត្រូវបានតែងតាំងជាទីប្រឹក្សាគណបក្សប្រឆាំងថ្មី

បន្ទាប់ពី​ចាក​ចេញ​ពី​គណ​បក្ស​ភ្លើង​ទៀន​ លោក ​រ៉ុង​ ឈុន ​ត្រូវ​បាន​តែង​តាំង​នៅថ្ងៃ​អាទិត្យ​នេះ​ ជា​ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​។​ គឺ​ជា​គណ​បក្ស​ប្រឆាំង​ថ្មី​ដែល​ទើប​បង្កើត​ឡើង ​បន្ទាប់ពី​គណ​បក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិទី៧​។ ​នៅប៉ុន្មាន​ថ្ងៃ​មក​នេះ​ លោក​ រ៉ុង​ ឈុន ​បាន​រង​ការ​ព្រ​មាន​ផ្ទួនៗ​ពី​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​មហា​ផ្ទៃ ​តាម​រយៈ​អង្គភាព​ព័ត៌​មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​ថា  ​អ្នក​រិះ​គន់​បញ្ហា​ព្រំដែន​រូប​នេះ ​កំពុង​ស្ថិត​នៅ​ក្នុង​ពេល​វេលា​អនុវត្ត​ទោស ​និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ​នៅ​ឡើយ​។ 

លោក រ៉ុង ឈុន (ស្តាំ) លោក ស៊ុន ចន្ធី(ឆ្វេង)
លោក រ៉ុង ឈុន (ស្តាំ) លោក ស៊ុន ចន្ធី(ឆ្វេង) © SUN Chanthy
ផ្សាយពាណិជ្ជកម្ម

យោងតាម​លទ្ធផល​នៃការ​ធ្វើសមាជ​លើក​ដំបូង​នៅថ្ងៃ​ទី​១២​វិច្ឆិកា​នេះ ​គណបក្ស​ប្រឆាំង​ថ្មី​ ឈ្មោះថា​ កម្លាំងជាតិ ​ក៏​បាន​បោះ​ឆ្នោត​ផ្តល់​សេច​ក្តី​ទុកចិត្ត​ឲ្យ​លោក ​ជា ​មុនី ​អតីត​ ប្រធាន​សហជីព​សេរី​កម្ពុជា​ ធ្វើ​ជា​អនុប្រធាន​គណ​បក្ស​នេះ ​ដែលមាន​លោក ​ស៊ុន ​ចន្ធី​ ជា​ប្រធាន​។

គណបក្ស​ប្រឆាំង​ថ្មីនេះគឺ​មាន​សមាស​ភាព​គណៈ​កម្មាធិការ​នាយក​ចំនួន​២៨​រូប ​និង​សមាជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ចំនួន​៩​រូប​។​ គណបក្ស​នេះបាន​ដាក់​ចេញ​ទិស​ដៅ​សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០២៧ ​និង​២០២៨ ​ហើយ​ក៏ប្រកាស​ថា​ខ្លួន​ដាក់​បេក្ខជន​ឈរ​បោះឆ្នោត​អសកល​គឺ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នៅថ្ងៃ​ទី​២៥​កុម្ភៈ​២០២៤ ​និង​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ក្រុង ស្រុក ខណ្ឌ ​ផងដែរ។

អ្នក​តាម​ដាន​នយោបាយ​ខ្លះ​យល់ថា​ នេះ​ជា​ការ​ត្រៀម​កង់​ឡាន​បម្រុង​របស់​អ្នក​នយោបាយ​ប្រឆាំង​ ខណៈ​ដែល​គណ​បក្ស​ភ្លើង​ទៀន​មិន​មាន​សង្ឈឹមថា​នឹង​អាច​មាន​សិទ្ធិ​ចូល​រួ​មបោះ​ឆ្នោត​ពេល​ខាង​មុខ​។ ​តែ​នៅ​ចំពោះ​មុខ​នេះ​ គណបក្ស​ភ្លើង​ទៀន​បាន​សម្រេច​ជ្រើស​រើស​យក​គណ​បក្ស​ឆន្ទះ​ខ្មែរ​របស់​កូន​ប្រុស​លោក គង់ គាំ ឲ្យឈរ​ឈ្មោះ​តំណាងខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ខាងមុខ​។​ គណ​បក្ស​ឆន្ទះ​ខ្មែរ​គឺ​ជា​គណ​បក្សដែល​បាន​ទៅ​ចង​សម្ព័ន្ធភាព​មុនគេ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ​ខណៈ​គណបក្ស​២ទៀត ​គឺ​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ​និង​គណបក្ស​កែទម្រង់​កម្ពុជា​ទើប​តែ​សម្រេច​ចិត្ត​ទៅ​ចង​សម្ព័ន្ធ​ជា​មួយ​គណ​បក្សប្រឆាំង​នេះ​កាលពី​ថ្ងៃទី​១០​តុលា​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ