អានតួអត្ថបទ

បក្សកម្លាំងជាតិត្រៀមរបាយការណ៍ទៅមហាផ្ទៃ បន្ទាប់ពីមានការស្នើឲ្យដក លោក រ៉ុង ឈុន

ប្រមុខ​គណ​បក្ស​កម្លាំង​ជាតិ​ បាន​អះ​អាង​ថា​លោក​កំពុង​រៀប​ចំ​របាយ​ការណ៍​ដាក់​ជូន​ក្រសួង​មហា​ផ្ទៃ​អំពី​លទ្ធផល​នៃ​ការ​ធ្វើ​សមាជ​វិសមញ្ញ​ជា​លើក​ដំបូង​របស់​គណ​បក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ​។​ បើ​តាម​ លោក ​ស៊ុន ​ចន្ធី​ គ្មាន​អ្វី​ត្រូវ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​ដែល​ស្នើ​ឲ្យ​គណ​បក្ស​នេះ​ដក​លោក ​រ៉ុង​ ឈុន ​ចេញ​ពី​ទី​ប្រឹក្សា ​នៅ​ក្រោម​ហេតុ​ផល​ជាប់​បំរាម​តុលា​ការ​នោះ​ឡើយ​។

លោក ស៊ុន ចន្ធី និង លោក រ៉ុង​ឈុន
លោក ស៊ុន ចន្ធី និង លោក រ៉ុង​ឈុន © SUN Chanthy
ផ្សាយពាណិជ្ជកម្ម

ក៏ប៉ុន្តែ​លោក​មាន​ចម្ងល់​ថា​ហេតុ​អ្វី​បាន​ជា​អាជ្ញា​ធរ​តាម​ជំទាស់​នឹង ​លោក​ រ៉ុង​ ឈុន ​ដែល​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​ថ្មី​នេះ ​ខណៈ​លោក ​រ៉ុង ​ឈុន ​ត្រូវ​បាន​ក្រ​សួង​មហា​ផ្ទៃ​ក្នុង​អាណត្តិ​លោក​ ស​ ខេង ​បាន​ទទួល​ស្គាល់​លោក​គឺ​ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​នោះ​។

សូម​បញ្ជាក់​ថា ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌​ តាម​រយៈ​អង្គភាព​ព័ត៌​មាន​ស្និទ​នឹង​រដ្ឋាភិ​បាល​បាន​ចុះ​ផ្សាយ​អត្ថបទ​៣​លេខ​បន្ត​បន្ទាប់​គ្នា ​ដោយ​ព្រមាន​លោក ​រ៉ុង ​ឈុន ​ថា​កំពុង​ធ្វើ​សកម្ម​ភាពនយោបាយ​ផ្ទុយ​ពី​ច្បាប់ ​ខណៈ​តុលា​ការ​ព្យូ​ទោស​៣​ឆ្នាំ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​។

ការ​ព្រមាន​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​អ្នក​រិះ​គន់​ព្រំដែន​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ច្រើន​ដង​មក​នេះ ​បដិសេធ​តួនាទី​ជា​ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ត្រូវ​បាន​អង្គ​សមាជ​បោះ​ឆ្នោត​គាំទ្រ​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​ប៉ុន្តែ​បន្ទាប់​មក​អង្គ​សមាជ​នៃ​គណ​បក្ស​ប្រឆាំង​ថ្មី​នេះ ​បាន​សម្រេច​បោះ​ឆ្នោត​គាំទ្រ​ ឲ្យ​លោក​ រ៉ុង​ ឈុន​ ធ្វើ​ត្រឹម​ជាទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ស្ថាបនិក​ភាគ​ច្រើន​គឺ​ចេញ​ពី​គណ​បក្ស​ភ្លើង​ទៀន​។

បើតាម​ប្រមុខ​គណ​បក្ស​កម្លាំង​ជាតិ ​សមាជិក​ភាគ​ច្រើន​បំផុត​របស់​គណ​បក្ស​នេះ​គឺ​ចេញ​ពី​គណ​បក្ស​ភ្លើង​ទៀន​ទាំង​ថ្នាក់​ក្រោម​ជាតិ ​និង​ថ្នាក់​ជាតិ​។​ តែ​លោក ​ស៊ុន​ ចន្ធី​ អះ​អាង​ថា​ នេះ​មិន​មែន​ជា​ការ​បំបែក​គណ​បក្ស​ភ្លើង​ទៀន​ឡើយ ​តែ​ថា​នេះជា​គណ​បក្ស​ទី២ ​បន្ទាប់ពី​គណ​បក្ស​ភ្លើង​ទៀន ​មិន​ត្រូវ​បាន​អាជ្ញាធរ​ចេញ​សំបុត្រ​កំណើត​ឲ្យ​ឡើង​វិញ​ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​។

គណ​បក្ស​ភ្លើង​ទៀន​បាន​ប្រកាស​រួច​ហើយ​ថា ​ខ្លួន​ជ្រើស​យក​គណ​បក្ស​ឆន្ទះ​ខ្មែរ​ឲ្យ​តំណាង​ខ្លួន​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ព្រឹទ្ធ​សភា ​នៅ​ថ្ងៃ​ទី២៥​កុម្ភៈ​២០២៤ ​តែ​ជា​មួយ​គ្នា​នេះ ​គណ​បក្ស​កម្លាំង​ជាតិ​ក៏​ប្រកាស​ថា ​ខ្លួន​នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​អសកល​នេះ​ដែរ​ ទោះជា​គណ​បក្ស​ទើប​បង្កើត​ថ្មី​ មិន​មាន​អង្គ​បោះ​ឆ្នោត​ក៏​ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ