អានតួអត្ថបទ

ករណី​បាញ់កាំភ្លើង​លេង​ជាង​២០០​គ្រាប់ ​នៅ​គីរីរម្យ​ជាការ​ធ្វើតេស្ត​សមត្ថភាព​រដ្ឋាភិបាល​ថ្មី​?

សង្គមស៊ីវិល​មួយ​ចំនួន ​រួមនឹង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ កំពុង​រង់ចាំមើល​ចំណាត់ការ​របស់​អាជ្ញាធរ​នៃ​រាជរដ្ឋាភិបាល​ថ្មី​ ចំពោះ​ការផ្ទុះអាវុធ​ដល់ទៅ​ជាង​២០០​គ្រាប់​នៅ​ចំការ​តែ​លើភ្នំ​គីរីរម្យ ​កាលពី​ចុង​សប្តាហ៍មុន​។ ករណី​នេះ ត្រូវគេ​ដាក់ការ​សង្ស័យ​បឋម​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កូនប្រុស​របស់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​ក្រសួង​ការពារជាតិ​គឺ​លោក ​គៀង សាវុធ ​ក៏ប៉ុន្តែ​លោក ​គៀង សាវុធ ​បានចេញសារ​បញ្ជាក់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់​ថា​ លោក ​និង​កូនប្រុស​មិនជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់បោះ​ដ៏កក្រើក​នេះទេ​។

សមត្ថកិច្ចកំពុងពិនិត្យទីតាំងបាញ់បោះសេរីនៅគីរីរម្យ
សមត្ថកិច្ចកំពុងពិនិត្យទីតាំងបាញ់បោះសេរី © FB
ផ្សាយពាណិជ្ជកម្ម

ការបាញ់​កាំភ្លើង​លេង​ពេលស្រុកសន្តិភាព​ដល់ទៅជាង​២០០​គ្រាប់ នៅ​ចំការតែ​លើភ្នំគីរីរម្យ​ ទោះកន្លងផុតទៅ​ប៉ុន្មានថ្ងៃ​ហើយ​ក៏ដោយ ​ក៏​ឥទ្ធិពល​របស់វា​នៅមិនទាន់​រសាយ​នៅឡើយ ​ដោយសារ​ពលរដ្ឋខ្មែរ ​និង​អង្គការ​សង្គមស៊ីវិល​នានា ​កំពុងរង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាលថ្មី​ ថាតើ​ធ្វើឲ្យពួកគេ​មានការជឿជាក់ និង​មានភាពកក់ក្តៅ​កំរិតណា​ពាក់ព័ន្ធទៅនឹង​បញ្ហាសន្តិសុខ​ សុវត្ថិភាព​សង្គម​ទាំងមូល​។

ជាការកត់សម្គាល់​ច្បាប់របស់​ប្រទេសកម្ពុជា​មិនអនុញ្ញាតឲ្យ​មានការប្រើប្រាស់​អាវុធខុសច្បាប់​ និង​រឹតតែមិន​អនុញ្ញាត​ទៅទៀត​ឲ្យ​មានការ​បាញ់បោះ​បែបអាណាធិបតេយ្យ ​ដែលធ្វើឲ្យ​ពលរដ្ឋ​មានការភ្ញាក់ផ្អើល​ និង​ភ័យខ្លាច​។ ទោះយ៉ាងណា​ ការផ្ទុះអាវុធ​ តែងកើតមាន​ជាហូរហែរនៅក្នុង​សង្គមដោយប្រការ​ផ្សេងៗ ​ក៏ប៉ុន្តែ​មិនមាន​រូបភាព​ធំដុំដូច​ករណីនេះទេ​។

ការហ៊ាន​យកកាំភ្លើង​វែងខ្លី​ជាច្រើនដើម ​ទៅបាញ់លេង​នៅតំបន់រមនីយដ្ឋាន​ទេសចរណ៍​រហូតដល់ជាង២០០​គ្រាប់ ​ជាការអបអរ​ជប់លៀង​ខួបកំណើត​ដូច្នេះ ត្រូវមហាជន​យល់ឃើញថា ​ពលរដ្ឋសាមញ្ញ ​ឬមន្ត្រីសមត្ថកិច្ច​តូចតាច​អាចធ្វើទៅបាន​នោះទេ។​ ហេតុដូច្នេះហើយ ​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​នានា រួមទាំងបណ្តាញ​សង្គម ប៉ុន្មានថ្ងៃ​កន្លងទៅនេះ ​បានចុះផ្សាយ​ដោយដាក់​ការសង្ស័យទៅលើ​កូនប្រុស​លោកនាយឧត្តមសេនីយ៍​ផ្កាយ៤ ​គៀង សាវុធ ​អគ្គមេបញ្ជាការ​រងកងទ័ពជាតិ​។

ក៏ប៉ុន្តែ​តាមរយៈសារ​សម្លេង ដែលត្រូវបាន​ចែកចាយតាមប្រព័ន្ធ​តេឡេក្រាមកាលពី​ម្សិលមិញ ​លោក គៀង សាវុធ ​បានបញ្ជាក់ថា​លោក និងកូនប្រុស ​ឈ្មោះ គៀង ចាន់តួ ​មានតួនាទីជា​ឧត្តមសេនីយ៍​ផ្កាយ​២ ក្រសួង​មហាផ្ទៃ មិនជាប់​ពាក់ព័ន្ធនឹងករណី​បាញ់បោះសេរីនេះទេ។ ​លោកអះអាងថា​នឹងទទួលខុសត្រូវ​ចំពោះមុខច្បាប់ ​ដោយសុខចិត្ត​បកស័ក្តិចេញ​ និងដើរចូលគុក​ទាំងឪពុក ទាំងកូន ​ប្រសិនបើ​លោក និងកូនប្រុស​របស់លោកជាប់​ពាក់ព័ន្ធនឹងការ​បាញ់បោះនោះមែន។​ លើសពីនេះ ​លោក គៀង សាវុធ ​ក៏បានទុកពេល​ឲ្យសារព័ត៌មាន​នានា ដែលបាន​ចុះផ្សាយពីលោក និង​កូនលោក ដែលលោក​យល់ថា​ជាការផ្សាយបំភ្លើស​ការពិត ឲ្យកែ​តម្រូវឡើងវិញ​ក្នុងរយៈពេល១​សប្តាហ៍។ បើពុំដូច្នោះ​ទេ លោកនឹងប្តឹង​សារព័ត៌មានទាំងអស់​នោះតាម​ផ្លូវច្បាប់​។

ពាក់ព័ន្ធនឹង​ករណីបាញ់បោះ​នេះដែរ លោក ​សន ជ័យ មេដឹកនាំ​អង្គការសង្គមស៊ីវិល​មួយរូប និង​ជាអ្នកតាមដាន​សង្គមបានយល់ឃើញ​ថាប្រជាពលរដ្ឋ​នឹងមានការ​សោកស្តាយ និង​បាត់បង់ជំនឿ​ប្រសិនបើ​សមត្ថកិច្ចមិនអាច​មានវិធានការបង្ក្រាប ​និងលុបបំបាត់​ករណីបែបនេះ​ឲ្យមានប្រសិទ្ធភាព​។ លោកថា ​ការផ្ទុះអាវុធ​ដែលល្មើសច្បាប់​ដូច្នេះ អាចស្ថិតក្រោម​ឥទ្ធិពលនៃ​គ្រឿងស្រវឹង ហើយអាចនឹង​មានខ្នង​បង្អែក​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​មិនមានការបញ្ជាក់យ៉ាងណា​នៅឡើយ ​ជុំវិញការវិវត្តន៍​នៃបញ្ហាដែល​មហាជនចាប់អារម្មណ៍​នេះ ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​នៃអង្គស្នងការ​ប៉ូលីសជាតិ បានថ្លែង​ប្រាប់សារព័ត៌មាន​ក្នុងស្រុកថា ​មនុស្ស៤​នាក់ បាន​ចូលសារភាព ​ហើយអាជ្ញាធរខេត្ត​កំពង់ស្ពឺកំពុង​មានវិធានការ​ទៅតាម​ផ្លូវច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ