អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​បណ្តេញ​ប៉ូលីស​៤​នាក់​ដែល​បាញ់បោះ​សេរី​ចេញពី​ក្របខ័ណ្ឌ

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ស្ពានកោះនរា​ នារសៀលថ្ងៃ​ពុធនេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បានប្រកាស​បណ្តេញមន្ត្រី​ប៉ូលីស ​៤នាក់​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ ​បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ប្រព្រឹត្តកំហុស​ធ្ងន់ធ្ងរ​ដោយបាញ់បោះ​សេរី​នៅភ្នំគីរីរម្យ​ខេត្ត​កំពង់ស្ពឺ​។ សូមរំលឹកថា ​កាលពីថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ​កន្លងទៅ ​ប្រជាពលរដ្ឋ​មានការភ្ញាក់ផ្អើល​នឹង​ការផ្ទុះអាវុធ​ដោយខុសច្បាប់​ចំនួនជាង​ ២០០គ្រាប់​ នៅចំការតែ​នៃ​ភ្នំគីរីរម្យ ​ខណៈពេលដែល​មានមនុស្ស​មួយក្រុម​នាំគ្នាធ្វើ​ពិធីជប់លៀង​ខួបកំណើត​។បញ្ហានេះ ត្រូវបាន​មហាជន និង​ប្រព័ន្ធផ្សព្វផ្សាយ​នានាដាក់ការ​សង្ស័យទៅលើ​កូនប្រុស​ លោក គៀង សាវុធ អគ្គបញ្ជាការ​រងកង​ទ័ពជាតិ​ ក៏ប៉ុន្តែ​លោក គៀង សាវុធ ​បានបដិសេធ ​និង​ព្រមានប្តឹង​កាសែត ​ដែលចុះផ្សាយ​គ្មាន​ការពិត​។ ហេតុការណ៍នេះ ​មានមន្ត្រី​ប៉ូលីស ​៤នាក់​ទទួលទោស ​ហើយម្ចាស់​កម្មសិទ្ធិ​ទីតាំង​បាញ់បោះ បាន​រត់គេចខ្លួន​។ ទោះយ៉ាងណា ​តាមរយៈ​ការបញ្ចេញមតិ​លើបណ្តាញសង្គម ​មហាជន​ហាក់មិនសូវ​ជឿ និង​យល់ថាអ្នកទទួល​ខុសត្រូវ​លើការបាញ់បោះ​នេះ អ្នកមាន​បុណ្យសក្តិ​តូចតាច​ទំនង​មិនហ៊ាន​ប្រព្រឹត្ត​ទេ ដោយហេតុថា​ការប្រើ​អាវុធ ​និង​បាញ់បោះ​ខុស​បទបញ្ជា និង​បេសកកម្ម​ជារឿង​ខុសច្បាប់​៕

គ្រាប់កាំភ្លើងដែលប៉ូលីសបាញ់លេង នៅគីរីរម្យ
គ្រាប់កាំភ្លើងដែលប៉ូលីសបាញ់លេង © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ