អានតួអត្ថបទ

លោក ​ហ៊ុន ម៉ាណែត​៖​ ២០២៤​ ជាឆ្នាំ​រស់ឡើងវិញ​នៃ​ទេសចរណ៍​ខេត្ត​សៀមរាប

ដើម្បី​ស្តារ​ទេសចរណ៍​ខេត្ត​សៀមរាប​ រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​គម្រោង​សំខាន់ៗ​មួយចំនួន​ ដែលគម្រោង​ទាំងនោះ​មាន​ E-Arrival ​ការ​ទាក់ទាញ​ទេសចរ​ចិន ​ការបើក​ឲ្យភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូលមក​ពីប្រទេស​ថៃ​តាមផ្លូវគោក​អាចចូល​ដល់​ខេត្ត​សៀមរាប ​និង​អង្គរវត្ត ​ដោយគ្មាន​លិខិត​ឆ្លងដែន​ និង​ផែនការ​សំខាន់​ៗ​មួយចំនួន​ទៀត​។ ការ​ដាក់ចេញ​ផែនការ​ស្រូបទាញ​ទេសចរ​សំខាន់​ៗ​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​ដូច្នេះ បានធ្វើឡើង​អំឡុងពេល​ដែលលោក​ជា​អធិបតី​នៃ​ពិធី​សម្ពោធ​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៃ​ខេត្ត​សៀមរាប​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ទេសចរនៅអង្គរវត្ត
ទេសចរណ៍នៅអង្គរវត្ត © Apsara A
ផ្សាយពាណិជ្ជកម្ម

ដើម្បីជាការ​ទាក់ទាញ ​និង​ជួយសង្គ្រោះ​វិស័យទេសចរណ៍​នៅខេត្តសៀមរាប​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បានថ្លែងថា​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានរៀបចំប្រព័ន្ធ​ E-Arrival ដើម្បី​សម្រួលដល់ភ្ញៀវ​ទេសចរ ដែលចូលមក​កម្ពុជាមិនឲ្យមាន​ភាពស្មុគ្រស្មាញ​ក្នុងការបំពេញបែបបទ​ ខណៈដែល​ការបំពេញបែបបទ​ ត្រូវបាន​បង្រួមមកតែមួយ​ ដែលជាគម្រោងគំរូ ​ហើយនឹង​ត្រូវ​អនុវត្តមុនគេ​នៅឆ្នាំ២០២៤​។

គម្រោង​ពង្រីកផ្លូវ ​Highway ពី​ព្រលានយន្តហោះ​ទៅកាន់ខេត្ត​សៀមរាប និង​ការសិក្សាផ្លូវ​រថភ្លើងតភ្ជាប់​ពីព្រលាន​ទៅខេត្ត ​ក្នុងគោលដៅ​ស្រូបទាញ​យកទេសចរ​បរទេស ជាពិសេស​ទេសចរចិន​ឲ្យច្រើន​បំផុត​ គឺជាគម្រោង​តភា្ជប់​ដែលមានសារៈសំខាន់​ ដែលអាចជួយ​កាត់បន្ថយ​ពេលវេលាក្នុងការ​ធ្វើដំណើរ​។

មួយវិញទៀត ​តាមលោក​នាយករដ្ឋមន្ត្រី​ ភ្ញៀវទេសចរថៃ ​នឹងត្រូវជួយ​សម្រួលឲ្យពួកគេ​មានវិសាលភាព​ធ្វើដំណើរ​ចូលទៅដល់ខេត្ត​សៀមរាបដោយមិនចាំបាច់​ប្រើលិខិតឆ្លងដែន ​ខណៈខេត្ត​ជាប់ព្រំដែនប្រទេសទាំងពី​ កម្ពុជា-ថៃ មាន​កិច្ចព្រមព្រៀង​ប្រើបណ្ឌឆ្លងកាត់​ព្រំដែនរវាងគ្នា​រួចហើយ។​ លើសពីនេះ ​លោកលើកទឹកចិត្តឲ្យ​បង្កើតព្រឹត្តិការណ៍​កីឡានានា និង​បង្កើតក្រុមប្រឹក្សា​ទេសចរណ៍មួយ​ជាបន្ទាន់ ដើម្បី​រៀបចំផែនការ​សកម្មភាពដឹកនាំ ​និង​អនុវត្ត​។

សូមបញ្ជាក់ថា​ចាប់តាំងពីដាក់​ឲ្យដំណើរការ​ព្រលានយន្តហោះថ្មី​ក្នុងខេត្តសៀមរាប​ កំណើននៃការ​ទិញសំបុត្រចូល​ទស្សនាអង្គររបស់​ជនបរទេសមានការ​កើនឡើងរហូតដល់​ជាង ៣ពាន់នាក់​ក្នុងមួយថ្ងៃ ​ខណៈកាលពី៣ ទៅ​៤សប្តាហ៍មុន​ សំបុត្រចូលទស្សនា​អង្គរមានត្រឹមជាង​១ពាន់ ​ប៉ុណ្ណោះក្នុងមួយថ្ងៃ​។ ជាមួយគ្នានេះ ​លោកនាយករដ្ឋមន្ត្រី​ ក៏បានជំរុញឲ្យ​មន្ត្រីនិងអ្នកពាក់ព័ន្ធ​ប្រឹងប្រែងទាក់ទាញ​ទេសចរចិន​ ដោយលោករំលឹកថា​កាលពីខែ​តុលាកន្លងទៅ​ លោក និងមេដឹកនាំកំពូលចិន​បានប្រកាសរួមគ្នា​ថាឆ្នាំ​២០២៤ គឺជាឆ្នាំ​ទំនាក់ទំនង​សំខាន់រវាងប្រជាជន​ និងប្រជាជន​នៃចិន-​កម្ពុជា។

សូមរំលឹកដែរ​ថាកន្លងមកក្រសួង​ទេសចរណ៍កម្ពុជា​បានដាក់គោលដៅ​ស្រូបទាញទេសចរ​ចិនឲ្យបានក្នុង​រង្វង់១លាន​នាក់នៅឆ្នាំ ​២០២៣នេះ ​ខណៈដែល​មានការព្យាករណ៍ថា​អាចមានភ្ញៀវ​ទេសចរអន្តរជាតិ​ចន្លោះពី៣ ​ទៅ៤លាននាក់​នៅឆ្នាំ ២០២៣​ ដោយក្នុងនោះ​ក៏មានបញ្ចូល​គម្រោង ​«China Ready» ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ