អានតួអត្ថបទ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារុះរើក្បាលម៉ាស៊ីនគ.ជ.ប

អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋ​សភា ​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ​ជា​សមាជិក ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១៤​វិច្ឆិកា ​រហូត​ដល់​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​។ ​គិត​ត្រឹម​ថ្ងៃ​ទី​១៧​វិច្ឆិកា ​គឺ​មាន ​លោក​ ប្រាជ្ញ ​ចន្ទ​ ប្រធាន ​គជប​ លោក​ ឌឹម​ សុវណ្ណរុំ ​សមាជិក ​និង​មន្ត្រី​គជប​ មួយ​ចំនួន​ទៀត​ បាន​យក​ពាក្យ​ស្នើ​សុំ​ទៅ​ដាក់​នៅ​នាយក​ដ្ឋាន​បុគ្គលិក​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភា​រួច​ហើយ​។

លោក ប្រាជ្ញ ចន្ទ និងសមាជិក គជប កំពុងដាក់ពាក្យនៅរដ្ឋសភា
លោក ប្រាជ្ញ ចន្ទ និងសមាជិក គជប កំពុងដាក់ពាក្យនៅរដ្ឋសភា © រដ្ឋសភា
ផ្សាយពាណិជ្ជកម្ម

ការ​រុះរើ​ក្បាល​ម៉ាស៊ីន​ គជប​ នៅ​ពេល​នេះ​គឺ​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​មាត្រា៥​ និង​មាត្រា៦​ នៃ​ច្បាប់​ស្តីពី ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បន្ទាប់ពី​គណបក្ស​ហ្វ៊ុន​ស៊ិន មាន​កៅអីតំណាង​រាស្ត្រ​ចំនួន​៥ លើ​១២៥។

អគ្គ​លេខា​ធិការ​រង ​និង​ជា​អ្នក​នាំ​ពាក្យ​ម្នាក់​របស់ ​គជប ​លោក​ សោម ​សូរីដា​ ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ តាម​ច្បាប់​គឺ​មាន​រយៈ​ពេល​៦​ខែ​សម្រាប់​រៀប​ចំ​សមាស​ភាព​ដឹក​នាំ​ គជប ​ឡើង​វិញ ​បន្ទាប់​ពី​បោះ​ឆ្នោត​អាណត្តិទី​៧រួច​។​ លោក​ពន្យល់​ថា ​សម្រាប់​កូតា ​សមាស​ភាព​ គជប ​មិន​មាន​អ្វី​ប្រែ​ប្រួល​ឡើយ ​ពោល​នៅ​តែ​មាន​សមាស​ភាព​៨​រូប​ពី​គណ​បក្ស​ដែល​ជាប់​ឆ្នោត​ និង​ម្នាក់​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដដែល​។

សូម​បញ្ជាក់ថា​ សមាស​ភាព​ក្បាល​ម៉ាស៊ីន ​គជប ​ត្រូវ​បាន​កំណត់​៤​រូប​មក​ពី​គណ​បក្ស​ប្រ​ជាជន​កម្ពុជា ​៤​រូបមក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​យោង​លើ​ការ​ស្រុះ​ស្រួល​នយោបាយ​តាំងពី​ក្រោយ​ឆ្នោត​២០១៣ ​ខណៈដែល​១​រូប​មក​ពី​អង្គ​ការ​សង្គម​ស៊ីវិល​។

ប៉ុន្តែ​ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ ​តំណែង ​សមាជិក ​គជប ​គឺ​ធ្លាក់​ទៅ​លើ​គណ​បក្ស​មួយ​ចំនួន​ដែល​ទទួល​យក​កៅ​តំណាង​រាស្ត្រ​ពី​អតីត​គណ​បក្ស​សង្គ្រោះជាតិ ​ហើយ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ​ដែលគណ​បក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​តែ​ឯង​នោះ ​គឺ​កៅអី​គជប​ ភាគ​ច្រើន​ធ្លាក់​ទៅ​លើ​កូតា​គណបក្ស​កាន់​អំណាច​។ ​ទោះជា​យ៉ាងណា ​ការ​រុះ​រើ​ក្បាល​ម៉ាស៊ីន​គជប​ នៅពេលនេះ​គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ជាប់​ឆ្នោត​បាន​៥​អាសនៈ​ផង​ដែរ​នៅ​អាណត្តិ​ទី​៧នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ