អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​៖ ​ការ​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ​ត្រូវមាន​តម្លាភាព ​និង​សុក្រឹតភាព

រដ្ឋាភិបាល ​តាមរយៈ​ក្រសួង​កសិកម្ម ​កំពុង​ដំណើរការ​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​តាមផែនការ​ដែលបានគ្រោងទុក​ចំនួន ​១៦០០​នាក់​។ ​ក៏ប៉ុន្តែ​ក្រសួង​កសិកម្ម​ប្រកាស​ជ្រើសរើស​ជាលើកដំបូង​ចំនួន​ ២៥០​នាក់ ខណៈ​បេក្ខជន​បាន​ដាក់ពាក្យ​ដល់ទៅ ​១​ម៉ឺន​នាក់​។ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នៅក្នុង​ពិធី ​ប្រកាស​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​នយោបាយ​អាទិភាព​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នាព្រឹក​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា​នេះ ​បាន​ណែនាំ​ឲ្យ​ការ​រៀបចំ​ប្រលង​ជ្រើសរើស​មន្ត្រី​ប្រកបដោយ​តម្លាភាព​ សមត្ថភាព ​និង​គុណភាព​។

ស្រូវគ្រាប់វែងកម្ពុជា
ស្រូវគ្រាប់វែងកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បានណែនាំឲ្យក្រសួង​ចំនួន៣ គឺ​ក្រសួងកសិកម្ម ​ក្រសួងមុខងារ​សាធារណៈ ​និង​ក្រសួងហិរញ្ញវត្ថុ ​សហការគ្នារៀបចំ​ការប្រលងជ្រើសរើស​មន្ត្រីកសិកម្មឃុំ​ប្រកបដោយ​តម្លាភាព និង​គុណភាព ដើម្បី​ទទួលបានមន្ត្រី​ដែលមាន​សមត្ថភាពផ្នែក​កសិកម្មជួយដល់​ប្រជាពលរដ្ឋ​។

លោកនាយក​រដ្ឋមន្ត្រីថា​ការប្រលងជ្រើសរើស​មន្ត្រីកសិកម្មនេះ ​មានការបើកទូលាយ​មិនចំពោះតែ​អ្នកមានបរិញ្ញាបត្រ​នោះទេ អ្នកដែលមាន​សមត្ថភាព និងបទ​ពិសោធន៍នៅមូលដ្ឋាន​ក៏ត្រូវបានអនុញ្ញាត​ឲ្យមានការប្រកួតប្រជែង ​ដោយមានការធានាថា​អ្នកមានសមត្ថភាព​«ចេះជាប់» គឺជាប់​ដោយមោទនភាព​។​ អ្វីដែលប្រមុខ​រដ្ឋាភិបាល​សង្កត់បញ្ជាក់​នោះគឺ ការជ្រើសរើស​មន្ត្រីត្រូវមាន​លក្ខខណ្ឌជាក់លាក់​ ដោយតម្រូវឲ្យ​មន្ត្រីដែលប្រលងជាប់​ចុះទៅបំពេញការងារ​តាមមូលដ្ឋាន​ មិនអាចដើម្បី​តែយកក្របខណ្ឌ​មន្ត្រី​ហើយផ្ទេរចេញនោះទេ​។

វិស័យកសិកម្ម​ជាវិស័យឆ្អឹងខ្នងមួយ​ក្នុងការជួយទ្រទ្រង់​ដល់​សេដ្ឋកិច្ចកម្ពុជា។​ ក្រសួងកសិកម្ម ​ដែលតែងតែរង​នូវការវាយប្រហារ​ពីរឿង​ទីផ្សារកសិផល​កន្លងមក​ បានដាក់​យុទ្ធសាស្ត្រពង្រាយ​មន្ត្រីកសិកម្ម​នៅតាមឃុំនានា​ទូទាំងប្រទេស​ ដើម្បីជួយផ្នែក​បច្ចេកទេសដល់​កសិករនៅក្នុងការ​ដាំដុះ​។

សូមរំលឹកថា​តម្លៃកសិកផល​ទូទៅរបស់កម្ពុជា ​កន្លងមកតែង​ប្រឈមនូវបញ្ហា ​ដោយសារឈ្មួញ​ក្រឡុកតម្លៃទីផ្សារ ​ជាពិសេសតម្លៃស្រូវ​ ក៏ប៉ុន្តែ​នៅឆ្នាំនេះ តម្លៃ​ស្រូវហាក់មាន​ភាពប្រសើរ។​ ទោះយ៉ាងណា ​ការចិញ្ចឹមជ្រូក និង​ការនាំជ្រូកចូល​ពីប្រទេសជិតខាង ​នៅជាបញ្ហាចម្រូងចម្រាស​នៅឡើយ។ ក្រៅពីនេះ​ ការនាំបន្លែ​ចូលពីក្រៅប្រទេស ​ការដាំដុះនៅក្នុង​ស្រុក ដែលជាប់​ពាក់ព័ន្ធនឹង​ការប្រើប្រាស់ថ្នាំ​គីមីហួសកំរិត​ ក៏នៅជាសំណួរ ​ដែលក្រសួងកសិកម្ម​ត្រូវបន្តមានចំលើយ ​និង​ដំណោះស្រាយ​ផងដែរ​។

ជាការពិត​កសិកម្មគឺជា​វិស័យជន្ទល់​សេដ្ឋកិច្ចមួយរបស់​ប្រទេស ក៏ប៉ុន្តែ​យោងតាមការ​ព្យាកររបស់​ក្រសួងសេដ្ឋកិច្ច​កាលពីឆ្នាំ​២០២២ វិស័យ​កសិកម្ម មានកំណើន​តិចតួចគឺ​មិនដល់១%ផង​។ ដោយឡែក​នៅឆមាសទី​១ ឆ្នាំ២០២៣នេះ​ ប្រទេសកម្ពុជា​រកចំណូលពី​កសិកម្មចំនួន​ជាង ២ ៤០០​លានដុល្លារ​ គឺធ្លាក់ចុះ​ជាង​២២% ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២២​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ