អានតួអត្ថបទ

កម្ពុជាបណ្ដេញជនជាតិវៀតណាមជាង២៥០នាក់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ

មានជនជាតិវៀតណាមពាក់ព័ន្ធនឹងការឆបោកតាមអនឡាញដល់ទៅ២៥៧នាក់ត្រូវបានអគ្គស្នងការនគរបាលជាតិកម្ពុជាឃាត់ខ្លួនបានកាលពីសប្ដាហ៍មុន និងត្រូវបានបណ្ដេញឲ្យចេញពីកម្ពុជាក្នុងថ្ងៃទី៧ ខែធ្នូ។ ការបណ្តេញដល់ទៅ ២៥៧នាក់ជាចំនួនដ៏ច្រើនមួយដែលមហាជនបានសាទរ និងសំណូមពរឲ្យបន្តធ្វើដូចភ្លៀងរលឹម។ ចំណាត់ការលើជនឆបោកតាមអនឡាញបានធ្វើឡើង ខណៈដែលកម្ពុជាបានរងការរិះគន់ពីបទបានលាក់ខ្លួន និងផ្តល់ទីតាំងឲ្យជនល្មើសប្រព្រឹត្តការឆបោកតាមអនឡាញ។

ជនជាតិវៀតណាមពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ២៥៧នាក់ ដែលត្រូវបានបណ្ដេញពីកម្ពុជានៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៣
ជនជាតិវៀតណាមពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ២៥៧នាក់ ដែលត្រូវបានបណ្ដេញពីកម្ពុជានៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៣ © FB
ផ្សាយពាណិជ្ជកម្ម

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញសរុប២៥៧នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៣។ ពួកគេត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៣ ដោយអគ្គស្នងការនគរបាលជាតិ ត្រង់សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំងនេះ មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មើសអន្តោប្រវេសន៍ផ្សេងទៀត រួមមានការធ្វើការខុសច្បាប់ដោយគ្មានប័ណ្ណការងារ ការប្រើទិដ្ឋាការខុសគោលបំណង (ការប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងការឆ្លងដែនដោយខុសច្បាប់។  ពួកគេត្រូវបានបណ្ដេញចេញតាមច្រកទ្វារអន្តរជាតិបាវិត និងច្រកព្រំដែនអន្តរជាតិម៉ុកបាយ ដោយមានការសហការពីស្ថានទូតវៀតណាម។

ការបណ្ដេញចេញជនជាតិវៀតណាមខុសច្បាប់ក្នុងចំនួនដ៏ច្រើននេះ បានទទួលមតិសាទរពីមហាជនកម្ពុជាដោយមានអ្នកខ្លះបានសំណូមពរឲ្យរដ្ឋាភិបាលបន្តការងារនេះឲ្យសកម្ម និងគ្មានការឃុបឃិតជាមួយក្រុមជនល្មើស។

គួរបញ្ជាក់ថា សំណុំរឿងឆបោកតាមអនឡាញ(Online Scam) គឺជាបញ្ហាដ៏ចម្បង និងរស៊ើបមួយសម្រាប់កម្ពុជា។ តាមការប៉ាន់ប្រមាណមួយរបស់អង្គការសហប្រជាជាតិកាលពីខែសីហា ឆ្នាំ២០២៣ មានមនុស្សយ៉ាងតិចប្រមាណ១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាអាចត្រូវបានដាក់ឲ្យនៅក្នុងស្ថានភាពមួយដែលត្រូវបានគេបង្ខំឲ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ ការលើកឡើងរបស់អង្គការសហប្រជាជាតិកាលណោះត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោល និងថាបានធ្វើឡើងដោយគ្មានទឡ្ហីករណ៍ណាមួយច្បាស់លាស់។

តែក្នុងខែវិច្ឆិកាកន្លងទៅ រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជាបានទទួលស្គាល់ថា បទល្មើសឆបោកតាមអនឡាញពិតជាបន្តកើតមានមែន ក៏ប៉ុន្តែស្ថិតក្នុងកម្រិតមួយដែលតិចតួចជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ