អានតួអត្ថបទ

លោក​ហ៊ុន សែន​៖​គ្មានកម្លាំង​នយោបាយ​ណា​អាច​បំបែក​បក្ស​ប្រជាជន​ក្រៅពី​បក្ស​ប្រជាជន​ខ្លួន​ឯង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន ​បានឲ្យដឹង​ថា ​ប្រធាន​គណបក្ស​លោក ​ហ៊ុន សែន ​បាន​គូសបញ្ជាក់​ថា​មិនមាន​កម្លាំង​ប្រតិកិរិយា​ណា ​អាច​បំបែកបំបាក់​គណបក្ស​ប្រជាជន​បាន​ទេ លើកលែង​តែ​គណបក្ស​ប្រជាជន​ខ្លួន​ឯង​ជាអ្នក​ធ្វើ​។ ​ការ​ថ្លែងរបស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ដូច្នេះ ​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​នេះ​ បាន​បិទបញ្ចប់​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១០ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងលោក ហេង សំរិន ប្រធានកិត្តិយស នៅក្នុងមហាសន្និបាត គណបក្សកាលពីថ្ងៃទី៩-១០ ធ្នូ
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងលោក ហេង សំរិន ប្រធានកិត្តិយស នៅក្នុងមហាសន្និបាត © SHS
ផ្សាយពាណិជ្ជកម្ម

ឆ្លើយតបទៅនឹង​សំណួររបស់អ្នក​សារព័ត៌មានបន្ទាប់ពី​បិទបញ្ចប់មហាសន្និបាត​វិសាមញ្ញតំណាង​ទូទាំងប្រទេស​របស់គណបក្ស​ប្រជាជនរយៈពេល​២ថ្ងៃ លោក ​សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្សប្រជាជន​បានលើកឡើង​នូវការគូសបញ្ជាក់​របស់លោក ហ៊ុន សែន ​ប្រធានគណបក្ស ​នៅក្នុងអង្គសន្និបាត​ថាគ្មានមជ្ឈដ្ឋាន ​ឬកម្លាំងខាងក្រៅណា​អាចបំបែកបំបាក់​សាមគ្គីផ្ទៃក្នុង​គណបក្ស​ប្រជាជន​បានទេ​។

លោក​ សុខ ឥសាន ​បន្តការកត់សម្គាល់ថា​ចាប់តាំងពី​គណបក្សប្រជាជន​បានបង្កើតឡើង​ មជ្ឈដ្ឋានប្រឆាំង​តែងប្រើ​ឧបាយកល​គ្រប់បែបយ៉ាង និង​គ្រប់រូបភាព ​ដើម្បីបំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស។ ​ក៏ប៉ុន្តែរហូតមកដល់​ពេលនេះ ​គណបក្សប្រជាជន​កាន់តែមាន​សក្តានុពល និង​រឹងម៉ាំបន្ថែមទៀត​។

សូមរំលឹកថា ​សកម្មជន និងអ្នក​នយោបាយប្រឆាំង រួមទាំង​អ្នកវិភាគនយោបាយ​ខ្លះផងដែរ តែង​បានលើកឡើងតាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ និង​បណ្តាញសង្គមពីការបែកបាក់​ផ្ទៃក្នុង​គណបក្សប្រជាជន​ ដែលកំពុងកាន់​អំណាច។ ភាពមិនចុះសម្រុង​នឹងគ្នាដែលតែង​មានការលើកឡើង​ពីមជ្ឈដ្ឋាន​ប្រឆាំងនោះ​គឺ ពួកគេផ្តោត​ទៅលើក្រុមលោក ​ហ៊ុន សែន ប្រធាន​គណបក្ស និង​ក្រុមលោក ​ស ខេង អនុប្រធាន​គណបក្ស​ ដែលសុទ្ធសឹង​ជាមនុស្ស​ដែលមាន​ឥទ្ធិពល​។

ក៏ប៉ុន្តែកាលពី​ខែសីហា ឆ្នាំ២០២៣​ កន្លងទៅ ​លោក ស ខេង ​បានបញ្ជាក់ថា​គណបក្សប្រជាជន​កម្ពុជាកំពុងតែ​មានឯកភាពផ្ទៃក្នុង​រឹងមាំ និងទទួលបាន​ទំនុកចិត្តពី​ប្រជាពលរដ្ឋឲ្យ​ដឹកនាំប្រទេស​ជាបន្ត។ ​ក្នុងខែកញ្ញា ​ឆ្នាំ២០២៣ ​ដដែល លោក ស ខេង ​ក៏បានចេញមក​បញ្ជាក់សារជាថ្មី​ថា ​លោកមានគោលជំហរ​ឥតងាករេ​ក្នុងការបន្តគំាទ្រ ​ដល់រាជរដ្ឋាភិបាល​អាណត្តិទី៧ នៃ​រដ្ឋសភា ដែលដឹកនាំដោយ​លោក ហ៊ុន ម៉ាណែត​ ជានាយក​រដ្ឋមន្ត្រី​។

ទោះយ៉ាងណា ​លោក សុខ ឥសាន ​បានបញ្ជាក់ថា​គណបក្សប្រជាជន​បានទាញអារម្មណ៍​ផ្ទៃក្នុងឲ្យខិតខំ​ពង្រឹងពង្រីក​របៀបរបប​ធ្វើការតាមគោលការណ៍​ប្រជាធិបតេយ្យ​ប្រកបដោយ​របៀបរៀបរយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ