អានតួអត្ថបទ

អង្គការអន្តរជាតិធំៗបង្ហាញកង្វល់ពីសិទ្ធិមនុស្សកម្ពុជា មុនការបោះឆ្នោតព្រឹទ្ធសភា

អង្គការអន្តរជាតិធ្វើការផ្នែកសិទ្ធិមនុស្សចំនួន៦ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងស្ដីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងការគំរាមកំហែងលើលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។  ការសម្ដែងក្ដីបារម្ភនេះបាន ធ្វើឡើងមុនកម្ពុជារៀបចំការបោះឆ្នោត ព្រឹទ្ធសភានៅឆ្នាំ២០២៤។

ការបោះឆ្នោតព្រឹទ្ធសភា
ការបោះឆ្នោតព្រឹទ្ធសភា © គេហទំព័រព្រឹទ្ធសភា
ផ្សាយពាណិជ្ជកម្ម

ការសម្ដែងក្ដីបារម្ភរបស់អង្គការធ្វើការផ្នែកសិទ្ធិមនុស្សដែលរួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) និងអង្គការបណ្ដាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី(ANFREL) ធ្វើឡើងតាមរយៈលិខិតចំហរមួយ ដែលផ្ញើទៅកាន់សភាអឺរ៉ុបនិងសភានៃប្រទេសធំៗចំនួន៦ផ្សេងទៀត។ សភានៃប្រទេសធំៗចំនួន៦ដូចជា សភាអាមេរិក សភាកាណាដា សភាអូស្រ្តាលី សភាអង់គ្លេស សភាជប៉ុន និងសភានៃប្រទេសនូវែលសេឡង់។

តាមលិខិតចំហរដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ខែធ្នូ អង្គការទាំងនេះបានមើលឃើញថា កម្ពុជាកំពុងបន្តធ្លាក់ចូលក្នុងរបបផ្ដាច់ការ ក្រោយការបោះឆ្នោតសកលឆ្នាំ២០២៣ដែលអង្គការទាំងនោះ អះអាងថាជាការបោះឆ្នោតក្លែងក្លាយ។ 

បើតាមលិខិតចំហរដដែលនេះ អង្គការអន្តរជាតិធ្វើការផ្នែកសិទ្ធិមនុស្សទាំងនេះទទួលបានសេចក្ដីរាយការណ៍ស្ដីពីសមាជិកបក្សភ្លើងទៀន ដែលបានក្លាយជាគោលដៅទទួលរងការបំភិតបំភ័យនិងការយាយីក្នុងប្រព័ន្ធតុលាការ ពីសំណាក់មេឃុំដែលមកគណបក្សកាន់អំណាច។ 

បញ្ហាផ្សេងទៀតគឺការកាត់ទោសមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ក្រោមបទចោទដែលមានចរិតនយោបាយ ដូចជា ករណីកាត់ទោសលើអនុប្រធានគណបក្សភ្លើងទៀនលោកថាច់ សេដ្ឋា និងការលួចឆ្មក់វាយប្រហារ លើអ្នករិះគន់សង្គមលោកនីណាក់ កាលខែកញ្ញាជាដើម។ នេះបើតាមលិខិតចំហរនេះ។

ប្រឈមនឹងបញ្ហាទាំងនេះ អង្គការអន្តរជាតិទាំង៦ បានស្នើឲ្យមានការចាត់វិធានការទាន់ពេលពីសហគមន៍អន្តរជាតិ មុននឹងបញ្ហាដដែលនេះទៅបន្តយាយីដល់ការបោះឆ្នោតព្រឹទ្ធសភាក្នុងឆ្នាំ២០២៤ខាងមុខ។ វិធានការដែលអង្គការអន្តរជាតិទាំង៦ចង់បាន រួម មាន ការស៊ើបអង្កេតដោយមិនលំអៀងលើការរំលោភសិទ្ធិមនុស្ស និងភាពមិនប្រក្រតីនៃការបោះឆ្នោតជាដើម។

ទន្ទឹមនឹងនេះ និងដើម្បីធានាថា គណបក្សនយោបាយទាំងអស់អាចអនុវត្តសិទ្ធិក្នុងរបបលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនបានយ៉ាងពេញលេញ អង្គការអន្តរជាតិទាំង៦ បានទទូចឲ្យបណ្ដាសភាអឺរ៉ុបនិងសភានៃប្រទេសធំៗទាំង ៦ធ្វើការតស៊ូមតិដើម្បីលុបបំបាត់លក្ខខណ្ឌហួសហេតុនានា ដែលរារាំងគណបក្សនយោបាយ ក្នុងការចូលរួមការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខផងដែរ។ 

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ខែកុម្ភៈខាងមុខ ខណៈគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមដោយសារខ្វះឯកសារចុះបញ្ជីគណបក្សច្បាប់ដើម។ ទោះជាយ៉ាងនេះក្តី គណបក្សភ្លើងទៀនបានសម្រេចឲ្យគណបក្សឆន្ទៈខ្មែរ ដែលស្ថិតក្នុងសម្ព័ន្ធភាពជាមួយគ្នាឲ្យឈរឈ្មោះជំនួស ដើម្បីចូលរួមការបោះឆ្នោតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ