អានតួអត្ថបទ

នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យជប៉ុនមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា ​លោក ​ហ៊ុន ​ម៉ាណែត ​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុន​មក​វិនិយោគ​លើវិស័យ​កសិកម្មនៅ​កម្ពុជា​ ដោយ​ធ្វើ​ការ​ផលិត​ផ្ទាល់ ​ដើម្បី​លក់​នៅ​ទីផ្សារ​កម្ពុជា ​និង​នាំចេញ​ទៅ​ប្រទេស​ជិត​ខាង​ និង​ប្រទស​​ក្នុង​តំបន់​។​ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ថ្ងៃ​ទី​១៩​ធ្នូ ​រវាង ​លោក ​ហ៊ុន ​ម៉ាណែត ​និង​លោក​កាត្សឹណារី ​ម៉ាត្សឹដា ​ នាយក​ក្រុម​ហ៊ុន ​Meiji​ ក្នុង​ឱកាស​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវ​រីយ៍​អាស៊ាន​-ជប៉ុន​ លើក​ទី​៥០​ ពីថ្ងៃ​ទី​១៥-១៩​ ខែ​ធ្នូ ​ឆ្នាំ២០២៣​ នៅ​ទី​ក្រុង​តូក្យូ​។

នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យជប៉ុនមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា
នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យជប៉ុនមកវិនិយោគវិស័យកសិកម្មនៅកម្ពុជា AP - Denis Gray
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​ស្នើឲ្យ​ជប៉ុន​មក​វិនិយោគ​វិស័យ​កសិកម្ម​នេះ ​នាយករដ្ឋ​មន្ត្រី​កម្ពុជា​ក៏បាន​ស្នើឱ្យក្រុម​ហ៊ុន​ជប៉ុន​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្ពុជា​លើ​ជំនាញ​កសិកម្ម ​ដើម្បី​លើក​កម្ពស់​ផលិត​ភាព​ក្នុង​វិស័យនេះ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​។

 

បើ​តាម​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ ហ៊ុន​ សែន​ ក្នុង​ឱកាស​នៃ​ជំនួប​នោះ ​លោក​ កាត្សឹណារី ម៉ាត្សឹដា បានលើក​ឡើង​ពី​ការ​រីក​ចម្រើន​នៃ​សកម្មភាព​អាជីវ​កម្មរបស់​ខ្លួន ​និង​អំពី​គម្រោង​នៃ​ការ​វិនិ​យោគរបស់​ក្រុម​ហ៊ុន​នេះ​ លើ​ភាព​សម្បូរ​បែប​នៃ​ផលិតផល ​ នៅក្នុង​ប្រទេស​កម្ពុជា​ នាពេល​ខាង​មុខ​។

 

លោក ​ហ៊ុន ​ម៉ាណែត ​គូស​បញ្ជាក់ថា​ រដ្ឋាភិបាល​កម្ពុជា ​បាន និង​កំពុង​យក​ចិត្ត​ទុកដាក់​នៅក្នុង​ការធានានិរន្តរភាព​នៃបរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និង​វិនិយោគ ​ និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងជំនួប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ជាមួយ​លោក ហ៊ុន ម៉ាណែត លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International ក៏បានអះអាងថា​ខ្លួន​សម្លឹង​ឃើញ​សក្តានុ​ពល​អាជីវ​កម្ម ​ហើយ​មាន​បំណង​ពង្រីកការ​វិនិយោគ​ មកកាន់​កម្ពុជា ​ជាពិសេស ​លើវិស័យ​កសិកម្ម​។

កាលពី​ដើម​ខែ​មេសា​ឆ្នាំ​២០២៣​ លោក Kunihiko​ HIRABAYASHI អគ្គលេខាធិការ នៃមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន បានថ្លែង​ពីចំណាប់​អារម្មណ៍​ចំពោះការ​ដាំដុះ​នៅកម្ពុជា ថា មានភាព​សម្បូរបែប​ប្រកប​ដោយសក្តានុពល​ខ្ពស់ ​និង​ធម្មជាតិ​ ដោយ​រក្សា​ទុក​រស់ជាតិ​ដើម​ និង​ក្លិន​ តួយ៉ាង​ ស្វាយ ​ស្វាយ​ចន្ទី ​និង​ម្រេច​ ជាដើម​។

គួរឲ្យដឹងថា ​ជប៉ុន​បាន​ចុះគម្រោង​វិនិយោគ​នៅកម្ពុជា​ រួមមាន៖​ គ្រឿង ​បង្គុំ​រថយន្ដ ​និង​បរិក្ខារ​បច្ចេកទេស​កសិ-​ឧស្សាហកម្ម​ ការកែ​ច្នៃម្ហូប​អាហារ​ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។​ ក្រៅ​ពី​នេះក៏​មានដែរ ​ក្នុង​វិស័យធនាគារ ​អាកាសចរណ៍ និង​ភោជនីយដ្ឋាន ដែលសរុប មាន ១ ៧០០ ក្រុមហ៊ុន​។​ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជ​កម្ម​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ