អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​៖​ក្រសួង​ពាណិជ្ជកម្ម​ត្រៀម​ចរចា​រកប្រព័ន្ធ​អនុគ្រោះ​ថ្មី​ពេលកម្ពុជា​ចេញពី​ប្រទេស​ក្រីក្រ

នៅក្នុង​ពិធីបិទ​សន្និបាត​ក្រសួងពាណិជ្ជកម្ម​នារសៀលថ្ងៃទី​២២ ខែធ្នូនេះ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានប្រាប់​ឲ្យក្រសួង​ពាណិជ្ជកម្មត្រៀមខ្លួន​ក្នុងការចរចា​ស្នើសុំប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម​ថ្មី ខណៈដែលកម្ពុជា​នឹងត្រូវចាកចេញពីឋានៈ​ប្រទេស ​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច​នៅឆ្នាំ ​២០២៧​ខាងមុខ​។ លោកនាយករដ្ឋមន្ត្រី​ក៏បានប្រាប់បន្ថែម​ឲ្យមាន​ការសិក្សា​ពីផលប៉ះពាល់​នៃការ​បាត់បង់ភាព​អនុគ្រោះ​។ លោកថា ​វាជាការចាំបាច់​ដែលកម្ពុជា​ត្រូវរៀនរស់ ​និង​ពង្រឹងខ្លួនឯង ​បន្ទាប់ពីកម្ពុជា​រឹងដៃរឹងជើង​។សូមរំលឹកថា​ទីផ្សារធំៗរបស់​ប្រទេសកម្ពុជារួមមាន​សហរដ្ឋអាមេរិក ​សហភាពអឺរ៉ុប ​និងប្រទេស​មួយចំនួនទៀត​នៅតំបន់​អាស៊ី។ កម្ពុជា​ក្នុងនាមជា​ប្រទេសដែលមាន​ការអភិវឌ្ឍន៍តិចតួច ​ទទួលបានភាព​អនុគ្រោះពាណិជ្ជកម្មពី​សហរដ្ឋអាមេរិក(GSP) ​និងពីសហភាពអឺរ៉ុប​(EBA)​ ជាពិសេសទៅលើ​មុខទំនិញ​វាយនភណ្ឌ​ កាត់ដេរ និង​សម្ភារៈធ្វើដំណើរ​។ ក៏ប៉ុន្តែប្រទេស​កម្ពុជាបានបាត់បង់ ​២០%នៃ EBA និង​បាត់បង់ទាំងស្រុងនូវ ​GSPពីអាមេរិក​ ដែលការបាត់បង់នេះ​ ត្រូវគេមើលឃើញថា​បណ្តាលមកពី​ឥទ្ធិពល​នយោបាយ។ ​ទោះយ៉ាងណា កម្ពុជានៅតែបន្ត​ការនាំចេញផលិតផល​ទៅកាន់ប្រទេស​លោកខាងលិចទាំងនោះ​ ស្របពេលដែល​រដ្ឋាភិបាលកម្ពុជា​ប្រកាន់ជំហរថា​ប្រទេសនេះ​មិនអាចយក​អធិបតេយ្យរបស់​ខ្លួនទៅដូរជាមួយ​ភាពអនុគ្រោះ​ទាំងនោះ​បានឡើយ​៕

រោងចក្រផលិតកង់នៅស្វាយរៀងដើម្បីនាំចេញទៅអឺរ់ុប
រោងចក្រផលិតកង់នៅស្វាយរៀងដើម្បីនាំចេញទៅអឺរ់ុប © FN
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ