អានតួអត្ថបទ
កម្ពុជា-សាច់បង្កក

គយប្តេជ្ញារឹតបន្តឹងនិងបង្ក្រាបការនាំចូលសាច់បង្កកខុសច្បាប់មកកម្ពុជា

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអះអាងថា គយនឹងរឹតបន្តឹងការនាំចូលសាច់បង្កកគ្រប់ប្រភេទ ដោយតម្រូវឱ្យក្រុមហ៊ុននាំចូលមានលិខិតអនុញ្ញាតចេញពីក្រសួងកសិកម្ម រួមនឹងកំណត់លក្ខខណ្ឌចាំបាច់មួយចំនួនផ្សេងទៀត។ វិធានការនេះនឹងដាក់ឱ្យអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២៤តទៅ។ តែយ៉ាងណា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលមិនអាចបិទការនាំចូលសាច់បង្កកពីក្រៅប្រទេសទាំងស្រុងបានឡើយ។

សាច់បង្កកដែលត្រូវបាននាំចូលមកប្រទេសកម្ពុជា
សាច់បង្កកដែលត្រូវបាននាំចូលមកប្រទេសកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ដោយមើលឃើញការនាំចូលសាច់បង្កកពីក្រៅប្រទេសមានបរិមាណច្រើន ហើយខ្លះខូចគុណភាព និងខុសច្បាប់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចកំណត់វិធានការមួយចំនួនដើម្បីពង្រឹងលើការនាំចូលសាច់បង្កកពីក្រៅប្រទេស។​

វិធានការទាំងនោះ គយតម្រូវឱ្យក្រុមហ៊ុននាំចូលត្រូវមានលិខិតអនុញ្ញាតពីក្រសួងកសិកម្មចំពោះមុខទំនិញសាច់សត្វគ្រប់ប្រភេទ។ ហើយក្រុមហ៊ុនទាំងនោះ ក៏ត្រូវមានកម្មវត្ថុអាជីវកម្មច្បាស់លាស់ មានឃ្លាំងត្រជាក់សម្រាប់រក្សាសាច់បង្កកហើយត្រូវមានកិច្ចសន្យាជួលឃ្លាំងត្រជាក់ជាដើម។ បន្ថែមពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានកំណត់មាត់ច្រកសម្រាប់ការនាំចូលមុខទំនិញសាច់បង្កកផងដែរ។

លោក គុណ ញឹមគូសបញ្ជាក់ទៀតថា កន្លងមកការនាំចូលសាច់បង្កមិនសូវមានភាពតឹងរឹង ដោយតម្រូវត្រឹមតែលិខិតបញ្ជាក់សុខភាពសាច់សត្វពីប្រទេសដែលនាំចូល។ ចំណែកក្រុមហ៊ុននាំចូលវិញគ្រាន់តែបង់ពន្ធអាករ និងមានឯកសារគ្រប់គ្រាន់គឺអាចនាំចូលបាន ដែលកត្តាទាំងនេះធ្វើឱ្យការនាំចូលសាច់បង្កកមកទីផ្សារក្នុងស្រុកមានចំនួនច្រើន ហើយបង្កឱ្យខូចគុណភាព។

នៅចំពោះមុខបញ្ហានេះ លោក គុណ ញឹមសង្កត់ធ្ងន់ថា គយនឹងបន្តបង្ក្រាបរាល់ការនាំចូលសាច់បង្កកដែលខូចគុណភាព និងខុសច្បាប់។ ទន្ទឹមនឹងនេះ គយក៏នឹងជំរុញនីតិវិធីបំពេញបែបគយឱ្យបានលឿនដើម្បីជៀសវាងការខាតបង់លើផ្នែកចំណាយ​ជារួមដូចជាថ្លៃភ្លើង ថ្លៃផែ និងការចំណាយផ្សេងៗទៀតៗ។

ទោះបីមានការបេ្តជ្ញាបង្ក្រាបរាល់ការនាំចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ពីមេគយក្តី។ ប៉ុន្តែការបិទមិនឱ្យនាំចូលសាច់បង្កកពីបរទេសទាំងស្រុងលោក គុណ ញឹមថាមិនអាចទៅរួចឡើយ។ មិនអាចទៅរួចដោយសារនេះជាទីផ្សារសេរី ហើយការនាំចូលពីក្រៅប្រទេស ​គឺដើម្បីរក្សាតុល្យភាពនៃការផ្គត់ផ្គង់សាច់នៅលើទីផ្សារ និងការពារអតិផរណាថ្លៃសាច់ជាដើម។  ​

តែយ៉ាងណា លោក ស៊ុន ព្រៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា ការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារបច្ចុប្បន្នមិនខ្វះខាតដែលតម្រូវឱ្យមានការនាំចូលពីក្រៅប្រទេសនោះទេ ពិសេសការនាំចូលសាច់បង្កក។ ប្រធានសមាគមរូបនេះបន្តថា គយគួរតែមានចំណាត់ការចំពោះមន្ត្រីរបស់ខ្លួននៅប្រចាំការតាមច្រកនាំចូល ចំពោះការបើកដៃឱ្យមានករណីនាំចូលសាច់ខុសច្បាប់មកប្រទេសកម្ពុជា។

គួររំឭកបន្តិចថា កាលពីដើមខែធ្នូកន្លងទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានរកឃើញសាច់បង្កកខុសច្បាប់ជិត៤០០តោនដែលនាំចូលពីក្រៅប្រទេសស្តុកក្នុងឃ្លាំទំនិញមួយកន្លែងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាច់​បង្កក​ទាំងនោះ​រួមមាន​សាច់មាន់ ​គ្រឿងក្នុង​មាន់ ​សាច់ជ្រូក ​និង​សាច់​ក្របី​ជាដើម។ ប៉ុន្តែសាច់ទាំងនេះមិនត្រូវ​បាន​បញ្ជាក់​ពី​ប្រភព​នាំចូល​នោះទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ