អានតួអត្ថបទ
កម្ពុជា-ពន្ធគយ

លោកគុណ ញឹម៖ ចំណូលគយឆ្នាំនេះមិនគ្រប់ផែនការ តែក៏មិនប៉ះពាល់សេដ្ឋកិច្ចជាតិ

លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ចំណូលពន្ធគយក្នុងឆ្នាំ២០២៣នេះទទួល​បាន​ប្រមាណជាង ៨២%។ ចំនួននេះមិនគ្រប់ផែនការក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ទេ។ តាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្លាក់ចុះចំណូលពន្ធគយឆ្នាំនេះបណ្តាលមកពីការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាណិជ្ជកម្មជាមួយប្រទេសជាដៃគូតាមរយៈការបន្ធូរបន្ថយកម្រិតពន្ធ និងការនាំចូលទំនិញពីបរទេសមាន​ការថយចុះ។  

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាថ្លែងក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយនៅសាលាជាតិគយនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាថ្លែងក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយនៅសាលាជាតិគយនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ © ក្រសួងព័ត៌មាន
ផ្សាយពាណិជ្ជកម្ម

ក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនស​មត្ថកិច្ចគយនៅព្រឹកថ្ងៃទី២៥ ខែធ្នូ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលគយមិនអាចរកចំណូលឱ្យគ្រប់ផែនការប្រចាំឆ្នាំបាន។  ការធ្លាក់ចុះចំណូលគយនាឆ្នាំមុនៗដូចជាឆ្នាំ២០២០ និងឆ្នាំ២០២១គឺ បណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកលនិងជម្ងឺកូវីដ១៩។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៣ត្រូវបានលោក គុណ ញឹមអះអាងថា មួយផ្នែកដោយសារតែការធ្វើកំណែទម្រង់បន្ធូរបន្ថយកម្រិតអត្រាបន្ទាត់ពន្ធទៅលើមុខទំនិញសំខាន់ៗជាច្រើន ការថយចុះលំហូរនាំចូលទំនិញពីក្រៅប្រទេស រួមនឹងការអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូទាំងទ្វេភាគី និងពហុភាគី។  

ត្រង់ចំណុចនេះ មេគយដដែលរូបនេះបានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូបានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណ៤០០លានដុល្លារក្នុងមួយឆ្នាំ។ ការបាត់ចំណូលជិតកន្លះពាន់លានដុល្លារនេះ ដោយសារតែកម្ពុជាបានលើកលែង និងបន្ថយអត្រាពន្ធលើប្រភេទមុខទំនិញនាំចូលខ្លះពីប្រទេសជាដៃគូ ខណៈកម្ពុជាវិញក៏ទទួលបានការលើកលែងពន្ធនាំចូលទៅប្រទេសទាំងនោះដូចគ្នា។

តែយ៉ាងណា លោក គុណ ញឹម ធានាអះអាងថា ការថយចុះនៃចំណូលពន្ធគយឆ្នាំនេះ មិនបានបង្កផលប៉ះបាល់ដល់ភាពរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ឬផលប្រឈមណាមួយចំពោះអគ្គនាយកដ្ឋានគយឡើយ។ ផ្ទុយទៅវិញលោកយល់ថា ការថយចំណូលពន្ធគយនេះសរបញ្ជាក់ឱ្យឃើញថា កម្ពុជាបានកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេសច្រើន ហើយងាកទៅពង្រើកសមត្ថភាពរបស់កម្ពុជាក្នុង​ការនាំទំនិញចេញទៅក្រៅវិញ។ 

សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាររកចំណូលចូលជាតិបានប្រមាណជាង២៦០០លានដុល្លារអាមេរិក ពោលកើន១៨.៣%បើធៀបនឹងចំណូលឆ្នាំ២០២១។ ក្នុងនោះ អាករលើតម្លៃទទួលបានចំណូលសរុបគិតជាភាគរយស្មើនឹង៣៧.៩%, អាករពិសេសចំនួន៣៧.៧%, ពន្ធគយមានចំនួន១៩%, អាករបន្ថែមលើផលិតផលប្រេងឥន្ទនៈមានចំនួន៣.៣% និងអាករនាំចេញនិងកម្រៃផ្សេងមានចំនួន២.១%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ