អានតួអត្ថបទ
កម្ពុជា-បារាំង

លោក ហ៊ុន ម៉ាណែតនឹងធ្វើទស្សនកិច្ចនៅបារាំងលើកទី១នាពាក់កណ្តាលខែមករា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចជាផ្លូវការលើកទី១នៅឯប្រទេសបារាំងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមករា។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ចើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងក៏ជាដំណើរទស្សនកិច្ចលើកទី១របស់លោក ហ៊ុន ម៉ាណែតទៅកាន់តំបន់អឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបនីបារាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបនីបារាំង © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសារលិខិតរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល​ ម៉ាក្រុងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣  ដំណើរទស្សនកិច្ចជាលើកទី១ទៅប្រទេសបារាំងនឹងជួយជំរុញឱ្យវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិភណ្ឌ និងហ្វ្រង់កូហ្វូនីនៃប្រទេសទាំងពីរកាន់តែរីកចម្រើន។

លោក ម៉ាក្រុងក៏រំពឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតនាពេលខាងមុខនឹងបើកលទ្ធភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានលក្ខណៈសម្បូរបែប តាមរយៈការដោះស្រាយរួមគ្នានូវបញ្ហាសាកល ពិសេសក្នុងវិស័យអន្តរកាលថាមពល។ 

យោងតាមលិខិតដដែល លោកប្រធានាធិបតីបារាំងសង្ឃឹមបន្ថែមថា ប្រទេសទាំងពីរនឹងពិនិត្យមើលមធ្យោបាយនានាដែលអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្នែកច្បាប់ ក្នុងគោលដៅធានាធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

សូមជម្រាបថា បារាំងគឺជាដៃគូសហប្រតិបត្តិការដ៏ជិតស្និទជាមួយកម្ពុជាតាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍នានាមកកម្ពុជាក្រោមការសម្របសម្រួលដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍAFD។ រយៈពេលជាង៣០ឆ្នាំមកនេះ បារាំងបានវិនិយោគប្រមាណ១ពាន់លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍លើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។  ក្រោមទំហំទុនវិនិយោគទាំងនេះ ភាគច្រើនបារាំងផ្តោតទៅលើវិស័យវប្បធម៌ ការងារជួលជុលប្រាសាទបុរាណ វិស័យទឹកស្អាត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើងអគ្គិសនី និងថាមពលជាដើម។ 

ចំណែកពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មវិញ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរសម្រេចបានជាង៣៣២លានដុល្លារ ពោលថយចុះ១៤.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ដែលមានទំហំជាង៣៨៨លានដុល្លារ។

គួររំឭកជូនដែរថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតទៅប្រទេសបារាំងនាពាក់កណ្តាលខែមករានេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៣រាប់ចាប់តាំងពីពេលដែលលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី។ ប្រទេសដំបូងដែលលោក ហ៊ុន ម៉ាណែតសម្រេចផ្តើមទស្សនកិច្ចនោះគឺប្រទេសចិនកាលពីពាក់កណ្តាលខែកញ្ញឆ្នាំ២០២៣ និងក្រោយមកគឺប្រទេសវៀតណាមនៅពាក់កណ្តាលខែធ្នូ។ ចំណែកការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី  និងជប៉ុន គឺស្ថិតក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ាន រួមនឹងការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិផង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ